Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

លាក្នុងអណ្តូង

លាក្នុងអណ្តូង

នៅថ្ងៃមួយ សត្វលាមួយក្បាល របស់កសិករម្នាក់ បានធ្លាក់ចូលអណ្តូងមួយ។ សត្វលាស្រែករោទ៍ យ៉ាងកំសត់ អស់ជាច្រើនម៉ោង នៅខណៈដែល កសិករដែលជាម្ចាស់ កំពុងត្រិះរិះ ថាគួរធ្វើយ៉ាងណា។ នៅទីបំផុត គាត់បានសម្រេចចិត្តថា ដោយព្រោះតែ លាមួយក្បាលនេះ ចាស់ណាស់ទៅហើយ, ហើយគាត់ក៏ត្រូវការ លុបអណ្តូងនេះ ចោលផងដែរនោះ, ដូច្នេះ បើចង់សង្គ្រោះវា គឺហាក់ដូចជា មិនថួននឹងតម្លៃ ដែលគាត់ត្រូវបង់ចំណាយឡើយ។

គាត់បានបបួល អ្នកជិតខាង របស់គាត់ អោយមកជួយ លុបអណ្តូង។ ពួកគេ បានចាប់យក ប៉ែលម្នាក់មួយ ហើយចាប់ផ្តើម ចូកដីបោះចូល ទៅក្នុងអណ្តូង។ កាលពីដំបូង សត្វលា ហាក់ដូចជាយល់សភាពការណ៍, ស្រែករោទ៍ដោយក្តីរន្ធត់។ បន្ទាប់មកបន្តិច វាក៏ចាប់ផ្តើមស្ងាត់ទៅវិញ ដែលជាការណ៍ចម្លែកមួយ សម្រាប់មនុស្សគ្រប់គ្នា។

ប៉ុន្មានប៉ែល ក្រោយមកទៀត, កសិករបានអើត សម្លឹងមើល ទៅក្នុងអណ្តូង។ គាត់មានការភ្ញាក់ផ្អើល នៅពេលដែល គាត់ឃើញថា ដីមួយប៉ែល មួយប៉ែល ដែលគេចូក បោះទៅលើវា, វារលាស់ខ្លួន ជម្រុះដីទៅក្រោម រួចហើយជាន់ឡើង មកលើមួយជំហាន។

នៅពេលដែល អ្នកជិតខាង របស់កសិករ បន្តការចូកដី បោះទោះលើសត្វលា, វាបន្តរលាស់ខ្លួន ជម្រុះដីទៅក្រោម ហើយជាន់ឡើង មួយជំហានម្តងៗ រហូតបានមកដល់ មាត់អណ្តូង ហើយរត់ត្រុយ ចេញទៅ ដោយក្តីរីករាយ។

ដំបូន្មាន ក្នុងរឿងនេះ គឺចង់បង្រៀន អោយយើងដឹងថា ជីវិតច្បាស់ជា នឹងចូកដីសព្វបែបយ៉ាង បោះមកលើយើង, បានសេចក្តីថា ជីវិតគឺពោរពេញ ដោយក្តីលំបាក គ្រប់ជំពូក។ ដូច្នេះ វិធីដ៏ល្អមួយ សម្រាប់រំដោះខ្លួន អោយរួចផុត ពីបាតអណ្តូង គឺត្រូវរលាស់ដីចេញ ហើយឈានឡើង មួយជំហានម្តង, មួយជំហានម្តង។ បញ្ហានីមួយនីមួយ របស់យើង គឺគ្រាន់តែជា គ្រឿងជំនួយ ជួយអោយយើង ឈានទៅមុខប៉ុណ្ណោះ។ យើងអាចងើបផុតពី បាតអណ្តូង ដ៏ជ្រៅមួយ ដោយគ្រាន់តែតស៊ូ ឥតបោះបង់។ ចូរកុំភ្លេចរលាស់វាចេញ ហើយឈានឡើង មួយជំហានម្តង, មួយជំហានម្តង!

ប្រែសំរួលដោយបងប្រុស៖ Botrakhmer 
លាក្នុងអណ្តូង Reviewed by ញឹប សុខឡា on 6:48 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.