Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ករណីយកិច្ច​របស់​ពុទ្ធ​បរិស័ទ

ពាក្យ​បរិយាយ​ខាង​ដើម
ប៊ូ ប៉ូ បុគ្គលិក​ក្នុង​ក្រុម​ពុទ្ធសាសនបណ្ឌិត្យ
កម្ពុជសុរិយា ឆ្នាំ​ទី ៣៩ ខែ​មិថុនា . . ២៥១០ គ. . ១៩៦៧

       មនុស្ស​យើង​កើត​មក​ហើយ មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ អ្នក​ខ្ពង់​ខ្ពស់​ឬ​អ្នក​ថោក​ទាប​ទេ សុទ្ធ​តែ​ស្អប់​ខ្ពើម​ទុក្ខ ចង់​បាន​សុខ​ដូច​គ្នា​ទាំង​អស់ គ្មាន​អ្នក​ណា​ចង់​បាន​ទុក្ខ​ស្រឡាញ់​ទុក្ខ​សោះ កុំ​ថា​ដល់​ទៅ​ខ្លួន​រង​ទុក្ខ សូម្បី​គ្រាន់​តែ​ពាក្យ​ថា​ទុក្ខ​ៗ ក៏(​មិន​ចង់​ឲ្យ​ឮ​ផង ។ ហេតុ​នេះ បាន​ជា​មនុស្ស​គ្រប់​រូប​ខំ​គិត​រ​ឧបាយ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ផុត​ពី​ទុក្ខ​ទោស ឲ្យ​ខ្លួន​បាន​សុខ​ដោយ​វិធី​ផ្សេង​ៗ​គ្នា, អ្នក​ខ្លះ​ខំ​ធ្វើ​ការ​ងារ​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ តាម​ផ្លូវ​លោក​ផ្លូវ​ធម៌​ក៏​មាន អ្នក​ខ្លះ​ខំ​ធ្វើ​ការ​ងារ​ទុច្ចរិត ខុស​ផ្លូវ​លោក​ផ្លូវ​ធម៌​ក៏​មាន សូម្បី​នឿយ​ហត់​យ៉ាង​ណា​ក៏​មិន​រួញ​រា ទាំង​នេះ ក៏​ព្រោះ​តែ​គេ​ចង់​ឲ្យ​ខ្លួន​បាន​សុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្នក​ស្វែង​រក​សុខ​នោះ​មិន​មែន​ចេះ​តែ​បាន​សុខ​គ្រប់​រូប​ទេ ។ បើ​អ្នក​ណា​ធ្វើ​ត្រូវ​តាម​ផ្លូវ​ឲ្យ​កើត​សុខ អ្នក​នោះ​មិន​បាន​ដឹង​ដើម​ហេតុ​ដែល​ឲ្យ​កើត​សុខ​ទុក្ខ​សោះ ។
       តាម​ពិត សុខ​ទុក្ខ ជា​ផល​របស់​កម្ម​ៗ​ជា​ហេតុ ។ បើ​កម្ម​ល្អ​ជា​ហេតុ តែង​បាន​សុខ​ជា​ផល, បើ​កម្ម​អាក្រក់​ជា​ហេតុ តែង​បាន​ទុក្ខ​ជា​ផល ។ សុខ​ទុក្ខ​នឹង​កើត​មាន​ឡើង​ដោយ​សារ​តែ​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​អ្នក​ណា​ធ្វើ​ល្អ អ្នក​នោះ​បាន​សុខ អ្នក​ណា​ធ្វើ​អាក្រក់ អ្នក​នោះ​បាន​ទុក្ខ ។ សុខ​ទុក្ខ​នេះ​ចែក​រំលែក​ឲ្យ​គ្នា​មិន​បាន​ទេ បើ​គ្រាន់​តែ​ពន្យល់​ប្រាប់​ដើម​ហេតុ​ឲ្យ​កើត​សុខ​ទុក្ខ​ដល់​គ្នា​បាន ដូច​ជា​ប្រាប់​គ្នា​ថា បើ​អ្នក​ចង់​ដឹង​ត្រជាក់​ត្រូវ​អ្នក​ងូត​ទឹក បើ​អ្នក​ចង់​ដឹង​ក្ដៅ ត្រូវ​អ្នក​ហាល​ថ្ងៃ​ឬ​អាំង​ភ្លើង​ជា​ដើម ។ ត្រជាក់​នឹង​ក្ដៅ​មាន​ចំពោះ​តែ​ខ្លួន​អ្នក​ងូត​ទឹក​ឬ​ហាល​ថ្ងៃ​ប៉ុណ្ណោះ ចំណែក​អ្នក​ប្រាប់​មិន​ត្រជាក់​ឬ​ក្ដៅ​ទេ, សុខ​ទុក្ខ​ក៏​ដូច​ជា​ត្រជាក់​នឹង​ក្ដៅ​នេះ​ដែរ ។

      លទ្ធិ​សាសនា​ទាំង​ពួង ដែល​កើត​មាន​ឡើង​ក្នុង​លោក ក៏​កើត​មក​អំពី​គំនិត​របស់​លោក​ជា​សាស្ដា​នោះ​ៗ គិត​ចៀស​វាង​ទុក្ខ​ទោស​ហើយ ស្វែង​រក​សុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ ប៉ុន្តែ​សាសនា​ទាំង​នោះ មាន​ពាក្យ​ប្រៀន​ប្រដៅ​ប្លែក​ៗ​គ្នា ទៅ​តាម​គំនិត​យោបល់​សាស្ដា​នោះ​ៗ ។
      ចំពោះ​ព្រះ​ពុទ្ធសាសនា មាន​ពាក្យ​ប្រៀន​ប្រដៅ​អំពី ផ្លូវ​ចៀស​វាង​ទុក្ខ​ទោស​នឹង​ផ្លូវ​ធ្វើ​ឲ្យ​កើត​សុខ ក្នុង​លោក​នេះ​នឹង​លោក​ខាង​មុខ ដោយ​បរិយាយ​ដ៏​ជ្រាល​ជ្រៅ​ល្អិត​សុខុម​ណាស់ ដូច​កាល​ព្រះ​សម្មាសម្ពុទ្ធ​បាន​ត្រាស់​ដឹង​ថ្មី​ៗ ជា​ដំបូង​បំផុត ទ្រង់​ប្រដៅ​សាវក​ឲ្យ​ស្គាល់​ផ្លូវ​ប្រតិបត្តិ​ឲ្យ​ដល់​ទី​រលត់​ទុក្ខ។ រួម​ឲ្យ​ខ្លី​ថា ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ប្រាប់​ឲ្យ​ស្គាល់​ហេតុ​ឲ្យ​កើត​សុខ​ទុក្ខ​មុន​រឿង​ផ្សេង​ៗ ។
      ហេតុ​នេះ​មនុស្ស​គ្រប់​រូប ទើប​ត្រូវ​កាន់​សាសនា​ទុក​ជា​គោល​សម្រាប់ ​គ្រប់​គ្រង​ជីវិត​របស់​ខ្លួន​ឲ្យ​ប្រាស​ចាក​ទុក្ខ ឲ្យ​បាន​សុខ​ស្រួល​រាល់​ថ្ងៃ ដូច​ជា​កាន់​ច្បាប់​សម្រាប់​ស្រុក​ទេស​ដែរ ។ ប៉ុន្តែ អ្នក​ណា​កាន់​សាសនា​អ្វី អ្នក​នោះ​ត្រូវ​តែ​ខិត​ខំ​គិត​ដេញ​ដោល​រក​ហេតុ​ផល ក្នុង​សាសនា​នោះ ឲ្យ​ឃើញ​ពិត​ប្រាកដ​ដោយ​ប្រាជ្ញា​របស់​ខ្លួន កុំ​ចេះ​តែ​កាន់​សាសនា​ដោយ​សារ​គេ​បង្ខំ, ដោយ​ខ្លាច​គេ ឬ​ក៏​ដោយ​អៀន​ខ្មាស​គេ ។
      ក្នុង​សៀវភៅ​នេះ ខ្ញុំ​អធិប្បាយ​ចំពោះ​តែ​វិធី​ប្រតិបត្តិ​ធម៌​ក្នុង​ព្រះ​ពុទ្ធសាសនា​មួយ​ប៉ុណ្ណោះ, សាសនា​ឯ​ទៀត​លើក​ទុក ។
     សូម​លោក​អ្នក​ប្រាជ្ញ​ពុទ្ធ​សាសនា​ជួយ​វិនិច្ឆ័យ​ប្រស្នា ៥ ប្រការ​ត​ទៅ​នេះ​ផងៈ
   ១-ព្រះ​ពុទ្ធ​អង្គ​ជា​អ្នក​បង្កើត​លោក​ឬ​ទេ ?
   ២-ព្រះ​ពុទ្ធ​អង្គ​ជា​អ្នក​ដាក់​ទោស​ទណ្ឌកម្ម ដល់​ពួក​សាវក​ដែល​ល្មើស​ពុទ្ធ​ប្បញ្ញត្តិ​ឬ​ទេ?
   ៣-ព្រះ​ពុទ្ធ​អង្គ​ជា​អ្នក​ទទួល​ទុក្ខ​ទោស​ជួស​ពួក​សាវក​ឬ​ទេ ?
   ៤-ព្រះ​ពុទ្ធ​អង្គ​ជា​អ្នក​ទទួល​ពាក្យ​អង្វរ​ករ​បន់​ស្រន់​របស់​ពួក​សាវក​ឬ​ទេ ?
   ៥-ព្រះ​ពុទ្ធ​អង្គ​ជា​ម្ចាស់​កម្មផល​មែន​ឬ​ទេ?
   ប្រស្នា​ទាំង​៥​ប្រការ​នេះ សូម​អស់​លោក​អ្នក​សង្កេត​មើល​សេចក្ដី​ក្នុង​ផ្ទៃ​រឿង​នេះ​ចុះ កាល​បើ​មើល​ចប់​ហើយ មុខ​ជា​នឹង​បាន​យល់​ពាក្យ​ឆ្លើយ​ប្រស្នា​ទាំង​៥ ប្រការ​នោះ​ដោយ​ច្បាស់​លាស់​មិន​ខាន។

ពុទ្ធបរិស័ទ
     ពាក្យ "ពុទ្ធបរិស័ទ" ចែក​ជា​២ បទ​គឺ ពុទ្ធៈ​១, បរិស័ទ​១, ពុទ្ធៈ ជា​ព្រះ​នាម​នៃ​ព្រះ​សមណរ​គោតម ដែល​ជា​សាស្ដា​អ្នក​បង្កើត​សាសនា1​ ។ បរិស័ទ ជា​ឈ្មោះ​ពួក​ជន​ដែល​កាន់​សាសនា​ត្រូវ​គ្នា ដូច​ជា​ពួក​ពុទ្ធ​បរិស័ទ, ពួក​គ្រិស្ដ​បរិស័ទ, ពួក​ឥស្លាម​បរិស័ទ​ជា​ដើម ។ ពុទ្ធៈ នឹង​បរិស័ទ ភ្ជាប់​គ្នា​ថា ពុទ្ធបរិស័ទ ប្រែ​ថា​"​បរិស័ទ​របស់​ព្រះ​ពុទ្ធ" ឬ​ថា "ពួក​ជន​អ្នក​កាន់​ពុទ្ធ​សាសនា​គឺ​ជា​អ្នក​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះ​ពុទ្ធ" ។ ពួក​ពុទ្ធបរិស័ទ​ទាំង​អស់​នឹង​ផ្លាស់​ឈ្មោះ​ហៅ​ថា "ពុទ្ធសាសនិក​ជន" "ពុទ្ធមាមកៈ" " ពុទ្ធ​សាវក" យ៉ាង​នេះ​វិញ ក៏​បាន​គឺ​សំដៅ​យក​ពួក​ជន​អ្នក​កាន់​ពុទ្ធសាសនា​ដូច​គ្នា បើ​ហៅ​ឲ្យ​ខ្លី​ថា" ពួក​ពុទ្ធ​សាសនា "
     មនុស្ស​ដែល​បាន​នាម​ថា ពុទ្ធបរិស័ទ នោះ​គេ​មិន​បាន​កំណត់​ថា​ជា​ជាតិ​អ្វី​ទេ មិន​កំណត់​ថា​ប្រុស​ឬ​ស្រី ក្មេង​ឬ​ចាស់​ទេ ឲ្យ​តែ​អ្នក​ណា​ប្រព្រឹត្ត​ត្រឹម​ត្រូវ​តាម​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​ហើយ អ្នក​នោះ​ក៏​បាន​នាម​ថា "ពុទ្ធបរិស័ទ" ដូច​គ្នា​ទាំង​អស់ ។ ពុទ្ធបរិស័ទ មាន​២​ពួក​គឺ​គ្រហស្ថ​១​ពួក បព្វជិត​១​ពួក។
     អ្នក​ដែល​មាន​ចិត្ត​ចង់​តាំង​ខ្លួន​ជា​ពុទ្ធបរិស័ទ ត្រូវ​តែ​សិក្សា​ឲ្យ​ចេះ​ដឹង​នូវៈ

ករណីយកិច្ច​របស់​ពុទ្ធបរិស័ទ
     ខាង​ពួក​គ្រហស្ថ​2មុន​ដំបូង​ត្រូវ​តាំង​ចិត្ត​ជឿ​កម្ម​ផល នឹង​ជឿ​គុណ​ព្រះ​រតនត្រ័យ ហើយ​បន្លឺ​វាចា​ស្មាលា​ទោស​រួច​ប្រកាស​ប្ដេជ្ញា​ខ្លួន​ថា ជា​អ្នក​គោរព​រាប់​អាន​កាន់​ពុទ្ធសាសនា នៅ​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ពុទ្ធ​រូប ឬ​ចំពោះ​ព្រះ​ភក្ត្រ ភិក្ខុ​១​ឬ​២ រូប​ឡើង​ទៅ​នៅ​ទី​កន្លែង​ណា​ក៏​បាន ។ លុះ​ធ្វើ​កិច្ច​ទាំង​២​យ៉ាង​ខាង​ដើម​នេះ​ស្រេច​ហើយ ត្រូវ​សមាទាន​សីល​៥ ឬ​សិល​៨ នឹង​ប្រព្រឹត្ត​តាម​ធម៌​វិន័យ​សម្រាប់​គ្រហស្ថ​ជា​ច្រើន​ប្រការ​ត​ទៅ​ទៀត ។ ពុទ្ធបរិស័ទ​ខាង​ពួក​គ្រហស្ថ បើ​ប្រុស​ហៅ "ឧបាសិក" បើ​ស្រី​ហៅ "ឧបាសិកា" គឺ​អ្នក​តាំង​ចិត្ត​យក​ព្រះ​រតនត្រ័យ​ជា​ទី​ពឹង​ជា​ទី​រលឹក ។
     ករណីយកិច្ច​ខាង​ពួក​បព្វជិត​3មុន​ដំបូង អ្នក​ដែល​ចង់​បួស​ត្រូវ​ចូល​ទៅ​រក​លោក​គ្រូអាចារ្យ ឬ​ព្រះ​ឧបជ្ឆាយ៍ សូម​រៀន​សូត្រ​ធម៌​វិន័យ​សម្រាប់​អ្នក​បួស, បាន​ចេះ​ដឹង​ល្មម​សម​គួរ​ហើយ ក៏​រក​ត្រៃ​ចីវរ​បរិក្ខារ សម្រាប់​អ្នក​បួស, លុះ​រក​បាន​សព្វ​គ្រប់​ហើយ ចូល​ទៅ​សូម​បួស​ក្នុង​សាមណេរ" "ភិក្ខុ" បើ​ស្រី​ហៅ "សាមណេរី" "ភិក្ខុនី"
      អ្នក​ដែល​បាន​នាម​បញ្ញត្តិ​ថា ជា "ពុទ្ធបរិស័ទ" ហើយ​គួរ​ណាស់​តែ​ខំ​សិក្សា​រឿង​រ៉ាវ នៃ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​យ៉ាង​ល្អិត​ត​ទៅ​ទៀត​ដើម្បី​ឲ្យ​បាន​យល់​ច្បាស់​លាស់​អំពី៖
ដើម​កំណើត​នៃ​ព្រះ​ពុទ្ធ​ជា​អ្នក​បង្កើត​សាសនា
     ព្រះ​ពុទ្ធ​ជា​បរម​គ្រូ​នៃ​យើង ជា​មនុស្ស​អស្ចារ្យ ទ្រង់​សម្ភព​ក្នុង​សក្យ​ត្រកូល ព្រះ​ជាតិ​ជា​ក្សត្រ បាន​ឡើង​សោយ​រាជ​សម្បត្តិ​ក្នុង​ព្រះ​ជន្ម ១៦ វស្សា ទ្រង់​ពិចារណា​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ព្រះ​អង្គ​នឹង​មនុស្ស​សត្វ​ដទៃ ទើប​លះ​បង់​ចោល​រាជ​សម្បត្តិ​ចេញ ទ្រង់​ព្រះ​ផ្នួស​ក្នុង​ព្រះ​ជន្ម​២៩​ឆ្នាំ គង់​ក្នុង​ព្រៃ​ខំ​ត្រិះ​រិះ​រក​ធម៌​ជា​គ្រឿង​រំលត់​ទុក្ខ​ព្រួយ​នោះ, ក្នុង​ព្រះ​ជន្ម​៣៥ ឆ្នាំ មាន​ព្រះ​នាម​ថ្មី​ថា" ពុទ្ធ" មាន​ព្រះ​នាម​តាម ព្រះ​គោត្រ​ជា "ព្រះ​ពុទ្ធ​សមណគោតម" "ព្រះ​ពុទ្ធ​សក្យមុនីគោតម" ព្រះ​អង្គ​បរិនិព្វាន​ក្នុង​ព្រះ​ជន្ម ៨០ គត់ 4
     ពួក​ពុទ្ធបរិស័ទ កាល​បើ​បាន​ចេះ​ដឹង​រឿង​រ៉ាវ​នៃ​ព្រះ​ពុទ្ធ​ហើយ ត្រូវ​តែ​សិក្សា​ឲ្យ​យល់​ច្បាស់​លាស់​អំពី៖
រូប​រាង​របស់​ពុទ្ធសាសនា
     ពាក្យ​ថា "ពុទ្ធសាសនា " ចែក​ជា ២​បទ គឺ​ពុទ្ធៈ ១​សាសានា ១ ។ ពុទ្ធៈ ជា​ព្រះ​នាម​នៃ​ព្រះ​បរម​សាស្តា​អ្នក​ផ្ដើម​បង្កើត​សាសនា ដូច​ថា​មក​ហើយ ។ សាសនា ប្រែ​ថា "​ពាក្យ​ប្រៀនប្រដៅ" រួម​ចូល​គ្នា​ថា ពុទ្ធសាសនា ប្រែ​ថា "ពាក្យ​ប្រដៅ​របស់​ព្រះ​ពុទ្ធ​"
     ពាក្យ​ប្រៀនប្រដៅ​ទាំង​អស់ ដែល​ព្រះ​បរម សាស្ដា​ទ្រង់​ត្រាស់​ទេសនា​ទូន្មាន​ពួក​ពុទ្ធ​បរិស័ទ តាំង​ពី​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​រហូត​ដល់​បរិនិព្វាន ក្នុង​កំឡុង ៤៥ ឆ្នាំ សូម្បី​ព្រះ​អង្គ​សំដែង​បែក​ខ្ញែក​ទៅ​ជា​ប៉ុន្មាន​ផ្នែក​ក៏​ដោយ ក៏ គង់​តែ​ហៅ​ដោយ​សរុប​ថា "ពុទ្ធសាសនា" តែ​ម្យ៉ាង​ប៉ុណ្ណោះ សឹង​មាន​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ រាប់​ថា " រូប​រាង​របស់​ពុទ្ធសាសនា" កើត​មក​បាន​អាយុ​២៤៩៨ ឆ្នាំ​ហើយ (គិត​ត្រឹម​ឆ្នាំ​ដែល​បោះ​ពុម្ព​សៀវភៅ​នេះ (.ស ១៩៥៥)
     ពុទ្ធបរិស័ទ កាល​បើ​បាន​ស្គាល់​រូប​រាង​របស់​ពុទ្ធ​សាសនា​ហើយ ត្រូវ​តែ​ត្រិះ​រិះ​ដេញ​ដោយ​រក​នូវ​៖
ត្ថុ​បំណង​របស់​ពុទ្ធសាសនា
        ព្រះ​ពុទ្ធ​សាសនា​ទាំង​មូល​ទាំង​បី​ព្រះ​បរម សាស្ដា ទ្រង់​ត្រាស់​ទេសនា​ទូន្មាន​ពួក​ពុទ្ធ​បរិស័ទ ដោយ​ព្រះ​វិនយ​បិដក​ក្ដី ព្រះ​សុត្តន្តបិដក​​ក្ដី ព្រះ​អភិធម្ម​បិដក​ក្ដី ក៏​មាន​វត្ថុ​បំណង​តែ​មួយ គឺ​ទ្រង់​ដឹក​នាំ​ពួក​ពុទ្ធ​បរិស័ទ​ឲ្យ ប្រតិបត្តិ​ឈម​មុខ​ទៅ​រក​ព្រះ​និព្វាន ដែល​ជា​ទី​រលត់​ទុក្ខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។
     ប៉ុន្តែ មាន​ន័យ​ជា​អនេក​ប្រកា5ដែល​ព្រះ​អង្គ​ដឹក​នាំ​ពុទ្ធ​បរិស័ទ​ឲ្យ​ប្រតិបត្តិ​យក​ផល​ប្រយោជន៍​នៅ​នា​លោកិយ ដែល​ជា​អ្នក​មិន​ទាន់​បាន​ដល់​ព្រះ​និព្វាន ដូច​ជា​ព្រះ​អង្គ​ត្រាស់​ប្រាប់​ប្រយោជន៍​៣​យ៉ាង គឺ​ប្រយោជន៍ ក្នុង​ជាតិ​នេះ ១ ក្នុង​ជាតិ​ខាង​មុខ​១ នឹង​ប្រយោជន៍​ប្រសើរ​បំផុត​គឺ​ព្រះ​និព្វាន​១ ។
      ពួក​ពុទ្ធបរិស័ទ កាល​បើ​បាន​យល់​ច្បាស់​នូវ​វត្ថុ​បំណង​របស់​ពុទ្ធសាសនា​ហើយ ត្រូវ​តែ​ខំ​ពិចារណា​ឲ្យ​ល្អិត​ជ្រាល​ជ្រៅ​ស្រាវ​ជ្រាវ​រាវ​រក​នូវ ៖
គោល​ធម៌​យ៉ាង​សំខាន់​បំផុត​របស់​ពុទ្ធសាសនា
     ព្រះ​ពុទ្ធ​សាសនា​ទាំង​មូល មាន​ចតុរារិយសច្ច (របស់​ពិត​ដ៏​ប្រសើរ​៤​យ៉ាង) ជា​កំពូល, ធម៌​គ្រប់​យ៉ាង​សុទ្ធ​តែ​សង្គ្រោះ​រួម​ចុះ​ក្នុង​វង់​ចតុរារិយ​សច្ច​ទាំង​អស់ ។ សេចក្ដី​ប្រតិបត្តិ​គ្រប់​បែប​ដែល​មាន​ប្រាកដ​ក្នុង​គម្ពីរ​ទាំង​ឡាយ ក៏​តែ​កើត​មាន​ឡើង ដើម្បី​សេចក្ដី​ចេះ​ដឹង​នូវ​ចតុរារិយសច្ច​ដោយ​ប្រាជ្ញា, ចតុរារិយសច្ច ជា​កំពូល​ធម៌, ការ​ចេះ​ដឹង​ចតុរារិយសច្ច ជា​កំពូល​នៃ​ព្រហ្មចរិយៈ , ការ​ប្រតិបត្តិ​ដើម្បី​ឲ្យ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ដោយ​ប្រាជ្ញា ជា​កំពូល​នៃ​ការ​ប្រតិបត្តិ​ទាំង​មូល ។
ចតុរារិយសច្ច
     ពាក្យ​ថា "ចតុរារិយសច្ច" ប្រែ​ថា "របស់​ពិត​ដ៏​ប្រសើរ​មាន​៤​យ៉ាង​" គឺ៖
     ១-ទុក្ខ​អរិយសច្ចៈ របស់​ពិត​ប្រសើរ​គឺ​ទុក្ខ ។
     ២-សមុទយអរិយសច្ចៈ របស់​ពិត​ដ៏​ប្រសើរ គឺ​ហេតុ​ប្រជុំ​កើត​ឡើង​នៃ​ទុក្ខ ។
     ៣-និរោធ​អរិយ​សច្ច របស់​ពិត​ដ៏​ប្រសើរ គឺ​ធម៌​រលត់​ទុក្ខ ។
     ៤-មគ្គអរិយ​សច្ចៈ របស់​ពិត​ដ៏​ប្រសើរ គឺ​សេចក្ដី​ប្រតិបត្តិ​ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ ។
     សេចក្ដី​អធិប្បាយ​អំពី​អរិយ​សច្ច ដោយ​សង្ខេប​6
      ១-ទុក្ខ​អរិយសច្ច ពោល​ដោយ​ខ្លី សំដៅ​យក​ឧបាទានក្ខន្ធ ទាំង​៥ គឺ​សេចក្ដី​ប្រកាន់​មាំ​ថា រូប​១ វេទនា​១​សញ្ញា​១ សង្ខារ​១ វិញ្ញាណ​១ ជា​របស់​ខ្លួន ។
    ២-សមុទយអរិយសច្ច សំដៅ​យក​តណ្ហា, តណ្ហា, ប្រែ​ថា "សេចក្ដី​ប្រាថ្នា" ។ តណ្ហា​នេះ ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​សត្វ​កើត​ហើយ​ស្លាប់​ៗ ហើយ​កើត​ទៀត មិន​ចេះ​ផុត, ធ្វើ​ឲ្យ​មនុស្ស​ជា​បុថុជ្ជន គឺ​ឲ្យ​ជា​អ្នក​ក្រាស់​ដោយ​កិលេស ។ មនុស្ស​ដែល​នៅ​មាន​តណ្ហា​សេចក្ដី​ប្រាថ្នា ដរាប​ណា ក៏​មិន​ដល់​នូវ​ទី​រលត់​ទុក្ខ ដរាប​នោះ ប្រៀប​ដូច​ជា​នៅ​មាន​ភ្លើង​គឺ​ហេតុ ដរាប​ណា ផល​គឺ​ការ​ក្ដៅ ក៏​នៅ​មាន​ដរាប​នោះ ។ តណ្ហា​មាន​៣​គឺ កាម​តណ្ហា​១ ភវ​តណ្ហា​១ វិភវតណ្ហា​១ ។
     ៣-និរោធ​អរិយសច្ច សំដៅ​យក​ការ​រលត់​តណ្ហា​អស់​គឺ​បាន​ដល់​ព្រះ​និព្វាន ។
    ៤-មគ្គ​អរិយសច្ច សំដៅ​យក​មគ្គ​មាន​អង្គ​៨ (អដ្ឋង្គិកមគ្គ) ជា​ផ្លូវ​ប្រតិបត្តិ​ឲ្យ​បាន​ដល់​នូវ​ទីរ​លត់​ទុក្ខ​គឺ​ព្រះ​និព្វាន ។
ហេតុ​ផល​របស់​អរិយសច្ច
     ទុក្ខ ជា​ផល​របស់ សមុទយៈ​ៗ ជា​ហេតុ​របស់​ទុក្ខ ។ និរោធ ជា​ផល​របស់ មគ្គ​ៗ ជា​ហេតុ​របស់​និរោធ ។

កិច្ច​ដែល​ត្រូវ​ធ្វើ​ក្នុង​អរិយ​សច្ច​មាន​៤7
     ១-​ទុក្ខ ជា​បរិញ្ញាតព្វកិច្ច គឺ​ត្រូវ​កំណត់​ដឹង ។
     ២-សមុទយៈ ជា​បហាតព្វកិច្ច គឺ​ត្រូវ​លះ​បង់​ចេញ ។
     ៣-និរោធ ជា​សច្ឆិកាតព្វកិច្ច គឺ​ត្រូវ​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ។
     ៤-មគ្គ ជា​ភាវេតព្វកិច្ច គឺ​ត្រូវ​ធ្វើ​ឲ្យ​កើត​មាន​ឡើង ។
     កិច្ច​ក្នុង​អរិយ​សច្ច​ទាំង​៤​នេះ រួម​ឲ្យ​ខ្លី​មក នៅ​តែ​ត្រឹម​២ យ៉ាង​គឺ លះ​បង់​សមុទយៈ ១ ចម្រើន​មគ្គ​១ ។

បរិវដ្ដ​ក្នុង​អរិយ​សច្ច
     បរិវដ្ដ ប្រែ​ថា "​ញាណ​ជា​គ្រឿង​វិល​ទៅ​" សំដៅ​យក​ញាណ​ទាំង​៣ គឺ​សច្ចញ្ញាណ​១ កិច្ច​ញ្ញាណ​១ កតញ្ញាណ​១ ។
   ១-ប្រាជ្ញា​ដឹង​ថា នេះ​ទុក្ខ, នេះ​ហេតុ​ឲ្យ​កើត​ទុក្ខ, នេះ​សេចក្ដី​រលត់​ទុក្ខ, នេះ​ផ្លូវ​ឲ្យ​ដល់នូវ​សេកច្ដី​រលត់​ទុក្ខ​ហៅ​ថា សច្ច​ញ្ញាណ​ប្រែ​ថា ប្រាជ្ញា​ដឹង​របស់​ពិត ។
   ២-ប្រាជ្ញា​ដឹង​ថា ទុក្ខ​នេះ​គួរ​កំណត់​ដឹង, សមុទយៈ​នេះ​គួរ​លះ​បង់, និរោធ​នេះ​គួរ​ឆ្លើយ​ឲ្យ​ច្បាស់, មគ្គ​នេះ​គួរ​ធ្វើ​ឲ្យ​កើត​មាន​ហៅ​​ថា កិច្ច​ញ្ញាណ​ប្រែ​ថា ប្រាជ្ញា​ដឹង​កិច្ច​ដែល​គួរ​ធ្វើ ។
     ៣-ប្រាជ្ញា​ដឹង​ថា ទុក្ខ​នេះ​អាត្មា​កំណត់​ដឹង​ហើយ, សមុទយៈ​នេះ អាត្មា​លះ​បង់​ហើយ, និរោធ​នេះ​អាត្មា​ធ្វើ​ឲ្យ​ច្បាស់​ហើយ, មគ្គ​នេះ​អាត្មា​ធ្វើ​ឲ្យ​កើត​មាន​ហើយ ហៅ​ថា កតញ្ញាណ ប្រែ​ថា​ប្រាជ្ញា​ដឹង​កិច្ច​ដែល​ធ្វើ​ស្រេច​ហើយ ។
     ញាណ​ទាំង​៣​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​អរិយ​សច្ច​ទាំង​៤ ត្រូវ​ជា​អាការៈ ១២ (X=១២)

អត្ថ​ក្នុង​អរិយ​សច្ច​១៦
ទុក្ខ​មាន​អត្ថ​៤
     ១-បីឡនត្ថៈ ប្រែ​ថា បៀតបៀន,
     ២-សង្ខតត្ថៈ ប្រែ​ថា ត្រូវ​បច្ច័យ​ប្រជុំ​តាក់​តែង,
     ៣-សន្តាបត្ថៈ ប្រែ​ថា ក្ដៅ​ក្រហាយ,
     ៤-វិបរិណា​មត្ថៈ ប្រែ​ថា ប្រែ​ប្រួល,

សមុទយៈ​មាន​អត្ថ ៤
     ១-អាយុ​ហនត្ថៈ ប្រែ​ថា ឲ្យ​កើត​កង​ទុក្ខ
     ២-និទានត្ថៈ ប្រែ​ថា ជា​ហេតុ​នៃ​ទុក្ខ
     ៣-សំយោគត្ថៈ ប្រែ​ថា ប្រកប​សត្វ​ទុក​ក្នុង​សង្សារ​ទុក្ខ,
     ៤-បលោពោធត្ថៈ ប្រែ​ថា ឃុំ​ឃាំង​សត្វ​ទុក្ខ​ក្នុង​គុក​គឺ​សង្សារ​ទុក្ខ ។
និរោធ មានអត្ថ៤
     ១-និស្សរណត្ថៈ ប្រែ​ថា ជួយ​ឲ្យ​ចេញ​ចាក​ឧបធិ (កិលេស)
     ២-វិវេកត្ថៈ​8 ប្រែ​ថា ស្ងាត់​ចាក​កិលេស,
     ៣-អសង្ខតត្ថៈ ប្រែ​ថា បច្ច័យ​តាក់​តែង​មិន​បាន,
     ៤-អមតត្ថៈ ប្រែ​ថា ជា​អម្រឹត​រស (មិន​ចេះ​ស្លាប់)
មគ្គ​មាន​អត្ថ​៤
     ១-និយ្យានត្ថៈ ប្រែ​ថា បញ្ជូន​សត្វ​ចេញ​ចាក​វដ្ដ​សង្សារ,
     ២-ហេត្វត្ថៈ ប្រែ​ថា ជា​ហេតុ​នៃ​ព្រះ​និព្វាន,
     ៣-ទស្សនត្ថៈ 9 ប្រែ​ថា ឃើញ​ព្រះ​និព្វាន,
     ៤-អធិបតេយ្យត្ថៈ ប្រែ​ថា ជា​អធិបតី​ក្នុង​វិមុត្តិញ្ញាណ​ទស្សនៈ ។
     ពួក​ពុទ្ធ​បរិស័ទ កាល​បើ​បាន​យល់​ច្បាស់​ថា ចតុ​រារិយសច្ច ជា​គោល​ធម៌​យ៉ាង​សំខាន់​បំផុត​របស់​ពុទ្ធ​សាសនា​ហើយ ត្រូវ​តែ​ត្រិះ​រិះ​រើស​រក​ផ្លូវ​ប្រតិបត្តិ​ឲ្យ​ឃើញ​ថា​ផ្លូវ​ណា​ជា៖

គោល​នៃ​ការ​ប្រតិបត្តិ​ធម៌​យ៉ាង​ប្រសើរ
បំផុត​ក្នុង​ពុទ្ធសាសនា
     កាល​ពី​ជំនាន់​បូរាណ ដែល​មិន​តាន់​មាន​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ក្នុង​លោក បណ្ដា​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​ស្គាល់​សុខ​ទុក្ខ​មក​ហើយ គេ​តែង​ស្អប់​ខ្ពើម​ទុក្ខ​ណាស់ មិន​ចង់​បាន​ទុក្ខ​សោះ ស្រឡាញ់​តែ​សុខ ចង់​បាន​តែ​សុខ​ម្យ៉ាង​ប៉ុណ្ណោះ, ម៉្លោះ​ហើយ​ក៏​កើត​គំនិត​រិះ​គិត​រក​ផ្លូវ​ប្រតិបត្តិ ដើម្បី​ចៀស​វាស​ឲ្យ​ផុត​ពី​ទុក្ខ ធ្វើ​ឲ្យ​កើត​សុខ​ដល់​ខ្លួន ។ ប៉ុន្តែ ប្រតិបត្តិ​មិន​ត្រូវ​ត្រង់​ផ្លូវ​រំលត់​ទុក្ខ ក៏​គ្រាន់​តែ​បាន​ស្រាក​ស្រាន្ត​ស្ងប់​ទុក្ខ​ក្នុង​កាល​ខ្លះ, លុះ​អស់​អំណាច​កម្លាំង​ធម៌​នោះ​ហើយ ក៏​ត្រឡប់​ជា​កើត​ទុក្ខ​ឡើង​វិញ ដដែល ទទួល​សោយ​ទុក្ខ​អស់​កាល​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត មិន​ចេះ​ផុត​ព្រោះ​តែ​មិន​បាន​ដឹង​នូវ​អរិយសច្ច​៤ ដូច​ជា​អាឡារតាបស នឹង​ឧទក​តាបស ខំ​ចម្រើន​ឈាន​ឲ្យ​បាន​ផល​ទៅ​កើត​នៅ​នា​ស្ថាន​ព្រហ្ម ដោយ​សម្គាល់​ខុស​ថា ស្ថាន​ព្រហ្ម ជា​ទី​បំផុត​ទុក្ខ ជា​ទី​រលត់​ទុក្ខ ។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​នៃ​យើង កាល​ព្រះ​អង្គ​កំពុង​តែ​ស្វែង​រក​ធម៌​ជា​គ្រឿង​រំលត់​ទុក្ខ មុន​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ ទ្រង់​ធ្លាប់​បាន​ចូល​ទៅ​សិក្សា​លទ្ធិ​ធម៌ ក្នុង​សំណាក់​តាបស​ទាំង​២ រូប​នោះ​ដែរ ប៉ុន្តែ ទ្រង់​ជ្រាប​ថា​ធម៌​នេះ មិន​មែន​ជា​ផ្លូវ​ប្រតិបត្តិ​ឲ្យ​ផុត​ទុក្ខ​ទេ ទើប​ទ្រង់​យាង​ចេញ​ពី​សំណាក់​តាបស​ទាំង​២​រូប​នេះ ទៅ​ស្វែង​រក​ផ្លូវ​ប្រតិបត្ត​ដោយ​វិធី​ផ្សេង​ៗ​ទៀត ។
     កាល​ដែល​ព្រះ​បរមសាស្ដា​បាន​ត្រាស់​ដឹង​ជា​ព្រះ​សម្មាសម្ពុទ្ធ​ថ្មី​ៗ ផុត​ពី​៤៩ ថ្ងៃ​មក ព្រះ​អង្គ​ទ្រង់​ត្រាស់​ទេសនា​ព្រះ​ធម្ម​ចក្កប្បវត្តន​សូត្រ​(អរិយសច្ច​៤) និង​អនត្តលក្ខណសូត្រ (ព្រះ​ត្រៃ​លក្សណ៍) មុន​ធម៌​ទាំង​អស់ ប្រោស​ភិក្ខុ​បញ្ចវគ្គីយ៍ (ភិក្ខុ​៥​រូប) មុន​ពុទ្ធ​បរិស័ទ​ទាំង​ពួង នៅ​នា​ព្រៃ​ឥសិបតនមិគទាយ​វ័ន ក្បែរ​ក្នុង​ពារាណសី ។
     សេចក្ដី​ខាង​ដើម​នៃ​ព្រះ​ធម្មចក្កប្បវត្ដន​សូត្រ​នោះ ទ្រង់​ត្រាស់​ប្រារព្ធ​អំពី​ផ្លូវ​ប្រតិបត្តិ ៣ ប្រការ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ! ផ្លូវ​ប្រតិបត្តិ​១ ធូរ​ថយ​ពេក ហៅ​" កាម​សុខ​ល្លិកានុយោគ​" ប្រែ​ថា "​ការ​ប្រកប​ខ្លួន​ឲ្យ​ទទឹក​ជោគ​ទៅ​ដោយ​សេចក្ដី​សុខ​ក្នុង​កាម​" ផ្លូវ​ប្រតិបត្តិ​១ ទៀត​តឹង​រឹង​ហួស​ពេក​ហៅ "អត្តកិលមថា​នុយោគ​" ប្រែ​ថា "ការ​ប្រកប​ខ្លួន​ទុក​ក្នុង​សេចក្ដី​លំបាក "សំដៅ​យក​ការ​ប្រតិបត្តិ ដែល​ពួក​ជន​ខ្លះ​ខំ​ព្យាយាម​ទូន្មាន​ខ្លួន​ដោយ​វិធី​ផ្សេង​ៗ មាន​អាំង​ភ្លើង, ហាល​ថ្ងៃ​ជា​ដើម ដើម្បី​ឲ្យ​ផុត​ពី​ទុក្ខ​ព្រួយ នឹង​ដើម្បី​ឲ្យ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា ។ ផ្លូវ​ធូរ​ពេក នឹង​ផ្លូវ​តឹង​ពេក ទាំង​២ ប្រការ​នេះ តថាគត​បាន​ប្រតិបត្តិ​រួច​មក​ហើយ ដឹង​ថា​ជា​ផ្លូវ​ឥត​ផល​ប្រយោជន៍ ជា​ផ្លូវ​អាក្រក់​លាមក ថោក​ទាប​, អ្នក​ទាំង​ឡាយ មិន​ត្រូវ​ប្រតិបត្តិ​តាម​ផ្លូវ​ទាំង​២ យ៉ាង​នេះ​ទេ ។
     ម្នាល​ភិក្ខុ​ទាំង​ឡាយ នៅ​មាន​ផ្លូវ​ប្រតិបត្តិ ១​ទៀត ជា​ផ្លូវ​ប្រតិបត្តិ​យ៉ាង​កណ្ដាល មិន​ធូរ​ពេក មិន​តឹង​ពេក ជា​ផ្លូវ​ប្រតិបត្តិ​ឲ្យ​ដល់​នូវ​ទី​រលត់​ទុក្ខ​ពិត​ប្រាកដ ជា​ផ្លូវ​ដ៏​ប្រសើរ មាន​អង្គ​៨ (អដ្ឋង្គិកមគ្គ) ជា​ផ្លូវ​ដែល​តថាគត​បាន​ប្រតិបត្តិ​រួច​មក​ហើយ, តថាគត​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​៤ (របស់​ពិត​ដ៏​ប្រសើរ, ៤ យ៉ាង) ដោយ​សារ​តែ​ផ្លូវ​នេះ​ឯង, អ្នក​ទាំង​ឡាយ​ ត្រូវ​តែ​ប្រតិបត្តិ​តាម​ផ្លូវ​កណ្ដាល​នេះ​ចុះ ដែល​ជា​ផ្លូវ​មាន​ឈ្មោះ​ថា មជ្ឈិមាបដិបទា ប្រែ​ថា "សេចក្ដី​ប្រតិបត្តិ​ជា​យ៉ាង​កណ្ដាល" ំដៅ​យក​ការ​ធ្វើ​ដំណើរ​ទៅ​តាម​គន្លង​ផ្លូវ​យ៉ាង​កណ្ដាល ជា​ផ្លូវ​ទៅ​កាន់​ទី​រលត់​ទុក្ខ ។
     ផ្លូវ​កណ្ដាល​ដែល​ឈ្មោះ​ថា មជ្ឈិមាបដិបទា នេះ​មាន​អង្គ​៨ (អដ្ឋង្គិកមគ្គ​10
     ១-សម្មាទិដ្ឋិ សេចក្ដី​យល់​ឃើញ​ត្រូវ,
     ២-សម្មាសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ត្រូវ,
     ៣-សម្មវាចា វាចា​ត្រូវ,
     ៤-សម្មាកម្មន្ដៈ ការ​ងារ​ត្រូវ,
     ៥-សម្មាអាជីវៈ ចិញ្ចឹម​ជីវិត​ត្រូវ,
     ៦-សម្មាវាយាមៈ ព្យាយាម​ត្រូវ,
     ៧-សម្មាសតិ រលឹក​ត្រូវ,
     ៨-សម្មាសមាធិ តាំង​ចិត្ត​មាំ​ត្រូវ។
     អង្គ​ទាំង​៨ នេះ លុះ​តែ​មាន​ព្រម​ជា​មួយ​គ្នា​គ្រប់​ទាំង​៨ រួម​ចូល​គ្នា​ជា​កម្លាំង​តែ​មួយ ទើប​ហៅ​ថា មគ្គ ឬ​អរិយមគ្គ ឬ​មជ្ឈិមាបដិមាទា, បើ​ញែក​ចេញ​ឲ្យ​ចាក់​ពី​គ្នា តែ​អង្គ​មួយ​ៗ​វិញ មិន​ហៅ​ថា មគ្គ​ទេ គ្រាន់​តែ​ហៅ​ត្រឹម​ចំណែក​អង្គ​មួយ​ៗ តាម​ឈ្មោះ​អង្គ​នោះ​ៗ ប៉ុណ្ណោះ ។
     មគ្គ មាន​ឈ្មោះ​៤​យ៉ាង តាម​កម្លាំង​ដែល​អាច​លះ​កិលេស​បាន​11គឺ៖
     ១- សោតា​បត្តិមគ្គ ជា​គូ​នឹង សោតាបត្តិផល
     ២-សកទាគាមិ​មគ្គ ជា​គូ​នឹង សកទាគាមិ​ផល
     ៣-អនាគាមិ​មគ្គ ជា​គូ​នឹង អនាគាមិ​ផល
     ៤-អរហត្ត​មគ្គ ជា​គូ​នឹង អរហត្ត​ផល
     មគ្គ​៤​ផល​៤​នេះ ជា​ឈ្មោះ​របស់​ចិត្ត ។
      អ្នក​មាន​មគ្គ​ចិត្ត​នឹង​ផល​ចិត្ត​យ៉ាង​នេះ ហៅ​ថា "អ្នក​បាន​សម្រេច​មគ្គ​ផល"
     ការ​ប្រតិបត្តិ​ធម៌​គ្រាប់​ជាន់ មាន​មជ្ឈិមា​បដិបទា​ជា​បង្គោល ។ មជ្ឈិមាបដិបទា ជា​ទី​ប្រជុំ​ចុះ​នៃ​ការ​ប្រតិបត្តិ​ធម៌​ទាំង​អស់ ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទាំង​មូល ។ មជ្ឈិមាបដិបទា​ជា​ក្រសែ​នៃ​ព្រះ​និព្វាន, ជា​ផ្លូវ​ដំណើរ​នៃ​ចិត្ត មិន​មែន​ជា​ផ្លូវ​សម្រាប់​ដើរ​ដោយ​ជើង​ទេ ។
     មជ្ឍិមាបដិបទា ជា​ធម៌​សម្រាប់​មនុស្ស​គ្រប់​រូប មិន​មែន​ជា​ធម៌​ខ្ពស់​ហួស​ផុត​វិស័យ​របស់​មនុស្ស​ឡើយ, មិន​មែន​ជា​ធម៌​ធ្វើ​ឲ្យ​មនុស្ស​ទន់​ខ្សោយ ឬ​ធ្វើ​ឲ្យ​ខ្ជិល​ច្រអូស, ឲ្យ​ចាល​ចាញ់​សេចក្ដី​ទុក្ខ​ដែល​ខ្លួន​ត្រូវ​អត់​ធន់​នោះ​ទេ, ជា​ធម៌​យ៉ាង​កណ្ដាល មាន​ថ្នាក់​ខ្ពស់​ទាប តាម​ភាព​របស់​មនុស្ស​បុថុជ្ជន​គ្រប់​រូប ក្នុង​លោក​នេះ មិន​មែន​ជា​ធម៌​សម្រាប់​តែ​ព្រះ​អរិយ​បុគ្គល​មួយ​ចំពួក​ប្រតិបត្តិ​ប៉ុណ្ណោះ​ទេ, ដ្បិត​ថា បើ​មនុស្ស​បុថុជ្ជន មិន​ប្រតិបត្តិ​តាម​មជ្ឈិមាបដិបទា​នេះ​ហើយ ធ្វើ​ម្ដេច​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ព្រះ​អរិយ​បុគ្គល គឺ​អ្នក​បាន​សម្រេច​មគ្គ ៤​ផល​៤ កើត, ហេតុ​នេះ បាន​ជា​ចាត់​មជ្ឈិមាបដិបទា​ថា "​ជា​គោល​នៃ​ការ​ប្រតិបត្តិ​ធម៌​យ៉ាង​ប្រសើរ​បំផុត​ក្នុង​ព្រះ​ពុទ្ធសាសនា "
     ពួក​ពុទ្ធ​បរិស័ទ កាល​បើ​បាន​យល់​នូវ​មជ្ឈិមាបដិបទា ថា "​ជា​គោល​ដ៏​សំខាន់​បំផុត​នៃការ​ប្រតិបត្តិ​ធម៌ " ហើយ​ត្រូវ​ពិចារណា​ដេញ​ដោយ​រក​ឲ្យ​ឃើញ នូវ​ផល​ប្រយោជន៍​នៃ​ការ​ប្រតិបត្តិ​ធម៌​ថា ផល​ដូច​ម្ដេច​ដែរ​ជា ៖
ផល​ប្រយោជន៍​យ៉ាង​ខ្ពស់​បំផុត​នៃ​ការ​ប្រតិបត្តិ​ធម៌
ក្នុង​ព្រះ​ពុទ្ធសាសនា12

       ក្បួន​ច្បាប់​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​សំដែង​បញ្ជាក់​អំពី​ផល​ប្រយោជន៍​នៃ​ការ​ប្រតិបត្តិ​ធម៌ ដោយ​អនេក​បរិយាយ ប៉ុន្តែ ផល​ទាង​អស់​នោះ បើ​បំព្រួញ​ឲ្យ​តិច​មក នៅ​មាន​តែ​ត្រឹម​២​យ៉ាង គឺ​ផល​ជា​លោកិយ​១ ផល​ជា​លោកុត្តរៈ​១ ។
ផល​ជា​លោកិយ
     ក្នុង​ទី​នេះ សូម​បរិយាយ​អំពី​ផល​ជា​លោកិយ​មុន អ្នក​ប្រតិបត្តិ​ធម៌​តាម​ក្រសែ​នៃ​មជ្ឈិមាបដិបទា ដូច​បាន​រៀប​រាប់​ខាង​ដើម​ហើយ​នោះ រមែង​បាន​ប្រយោជន៍​យ៉ាង​វិសេស ក្នុង​វេលា​កំពុង​តែ​ប្រតិបត្តិ​ធម៌ មិន​បង្អង់​ចាំ​ពេល​ណា​ទើប​បាន​ផល​ទេ (អកាសិកោ ) ជា​ធម៌​ឲ្យ​ផល​ពុំ​មាន​កាល​ខាន់ គឺ​ថា មជ្ឈិមាបដិបទា ធ្វើ​អ្នក​ប្រតិបត្តិ​តាម​ឲ្យ​បាន​ទៅ​ជា​មនុស្ស​មាន​ហេតុ​ផល​ជា​គោលការណ៍ ធ្វើ​ឲ្យ​បាន​ទៅ​ជា​អ្នក​ដាច់​ស្រេច​ក្នុង​ចិត្ត, ធ្វើ​ឲ្យ​បាន​ទៅ​ជា​អ្នក​ឈ្នះ​ខ្លួន​ឯង, ធ្វើ​ឲ្យ​បាន​ទៅ​ជា​អ្នក​បង្គាប់​បញ្ជា​ខ្លួន​ឯង​កើត, ធ្វើ​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន​សេចក្ដី​ប្រាថ្នា​ត្រឹម​ត្រូវ, ធ្វើ​ឲ្យ​បាន​ទៅ​ជា​អ្នក​ទៀង​ទាត់​ត្រង់​ផ្លូវ, ធ្វើ​ឲ្យ​បាន​ទៅ​ជា​មាន​កាយ​កម្ម, វចីកម្ម នឹង​ការ​ចិញ្ចឹម​ជីវិត ប្រាស​ចាក​ទុក្ខ​ក្ដៅ​ក្រហាយ​គ្រប់​ប្រការ, ធ្វើ​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន​ព្យាយាម​ត្រូវ មាន​សេចក្ដី​ក្លាហាន, មាន​សេចក្ដី​ចេះ​ដឹង នឹង​ឲ្យ​មាន​សេចក្ដី​ទៀត​ទាត់​ក្នុង​ចិត្ត ល្មម​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​របៀប​រៀបរយ គួរ​ដល់​ឋានៈ​របស់​ធម៌​ដែល​ខ្លួន​ប្រតិបត្តិ ។
      កាល​មនុស្ស​បាន​ប្រតិបត្តិ​ធម៌ ត្រឹម​ត្រូវ​តាម​មជ្ឈិមាបដិបទា ដែល​មាន​សម្មាទិដ្ឋិ ជា​ប្រធាន ជា​មេ​នាំ​អាទិ៍​ហើយ ក៏​រមែង​បាន​ផល​អាច​ឲ្យ​កើត​អង្គ​មគ្គ ៧ ខាង​ចុង​ត​ៗ គ្នា​តាម​លំដាប់​ភ្លាម​ៗ មិន​រង់​ចាំ​កាល​ណា​ទេ ដូច​ជា​អ្នក​មានៈ
     ១-សេចក្ដី​យល់​ឃើញ​ត្រូវ (សម្មាទិដ្ឋិ) ការ​ចូល​ចិត្ត​ត្រឹម​ត្រូវ​តាម​ហេតុ​ផល​ហើយ ជា​ផ្លូវ​ឲ្យ​កើតៈ
      ២- សេចក្ដី​ត្រិះ​រិះ​ត្រូវ (សម្មាសង្កប្បៈ) ។ សេចក្ដី​ត្រិះ​រិះ​ត្រូវ​ធ្វើ​ឲ្យ​កើតៈ
     ៣- វាចា​ត្រូវ (សម្មាវាចា)
     ៤-ការ​ងារ​ត្រូវ (សម្មាកម្មន្តៈ)
     ៥-ការ​ចិញ្ចឹម​ជីវិត​ត្រូវ (សម្មាអាជីវៈ)
     ៦-ព្យាយាម​ត្រូវ (សម្មាវាយាមៈ)
     ៧-រលឹក​ត្រូវ (សម្មាសតិ)
     ៨- តាំង​ចិត្ត​មាំ​ត្រូវ (សម្មាសមាធិ)
     កាល​បើ​អង្គ​មគ្គ​ជា​ហេតុ កើត​មាន​យ៉ាង​នេះ​ហើយ ការ​លះ​បង់​កិលេស​នោះ​ៗ បាន​ដាច់​ស្រឡះ​ជា​ផល ក៏​កើត​មាន​ឡើង​ក្នុង​ខណៈ នៃ​មគ្គ​នោះ​ដែរ ក៏​ប៉ុន្តែ ជា​មគ្គ​នៅ​ទន់​ខ្សោយ​នៅ​ស្ដើង​ស្ដួច, មិន​ទាន់​រឹង​ប៉ឹង​ខ្លាំង​ខ្លា, មិន​ទាន់​ពេញ​លេញ នឹង​ហៅ​ថា អរិយ​មគ្គ​មិន​ទាន់​បាន​ទេ គ្រាន់​តែ​អាច​លះ​បង់​កិលេស ចំពូក​ខ្លះ បាន​តាម​កម្លាំង​នៃ​មគ្គ​ជា​លោកិយ ឲ្យ​បាន​ផល​ជា​លោកិយ​ប៉ុណ្ណោះ ។
     បណ្ដា​ផល​ជា​លោកិយ​ទាំង​អស់ សំដៅ​យក​ត្រង់​ការ​អស់​កិលេស​ចំពូក​ខ្លះ​នោះ​13ថា​ជា​ផល​ប្រសើរ​បំផុត លើស​ផល​ជា​លោកិយ​នានា​មាន​ផល​ឲ្យ​បាន​សោយ​សុខ​សម្បត្តិ​ក្នុង​ស្ថាន​មនុស្ស​នឹង​ស្ថាន​សួគ៌​ជា​ដើម ។
ផលជាលោកុត្តរៈ
     មគ្គ​ជា​លោកិយ​ដូច​បាន​និយាយ​រួម​មក​ហើយ​នោះ ជា​គោល​នៃ​ការ​គ្រប់​គ្រង​ជីវិត​របស់​អ្នក​ប្រតិបត្តិ​ធម៌​ឲ្យ​ប្រព្រឹត្តិ​ទៅ​រៀបរយ ។ ឲ្យ​បាន​សុខ​សប្បាយ​រាល់​ៗ​ថ្ងៃ ហៅ​ថា អ្នក​បាន​ផល​ជា​លោកិយ ។ ផល​ជា​លោកិយ​នេះ កាល​បើ​គេ​អប់​រំ​អង្គ​មគ្គ ឲ្យ​ចាស់​ក្លា​ដល់​កំរិត​ហើយ អាច​ក្លាយ​ទៅ​ជា អរិយ​ផល ដែល​កើត​ពី អរិយ​មគ្គ ដូច​សេចក្ដី​អធិប្បាយ​ដោយ​សង្ខេប​ត​ទៅ​នេះ៖
     អ្នក​ប្រតិបត្តិ​ធម៌​តាម​លំអាន នៃ​មជ្ឈិមាបដិបទា​ជា​លោកិយ ហើយ​បាន​ព្យាយាម​អប់រំ​អង្គ​មគ្គ​ទាំង​៨ ឲ្យ​មាន​កម្លាំង​ពេញ​ទី​តាម​វិធី​នៃ​ការ​ប្រតិបត្តិ​ធម៌ ឲ្យ​ព្រមព្រៀង​គ្នា​ជា​កម្លាំង​តែ​១ ហើយ ហៅ​ថា អរិយមគ្គ ៗ​នេះ អាច​កំចាត់​បង់​កិលេស ឬ​សំយោជន៍​14យ៉ាង​ល្អិត​បំផុត​ដែល​ត្រាំ​ជាប់​ស្អិត​នៅ​ក្នុង​សន្ដាន​ចិត្ត ឲ្យ​រលត់​ទៅ​តាម​ចំណែក​នៃ​កម្លាំង​អរិយមគ្គ ដែល​ខ្លួន​បាន​អប់រំ​មក​ហើយ ។ ផល​ដែល​កើត​មាន​ឡើង​អំពី​កិរិយា​លះ​បង់​កិលេស​បាន​នេះ ហៅ​ថា អរិយ​ផល ។ អរិយមគ្គ ដែល​ចាស់​ក្លា​ដល់​កំរិត អាច​កំចាត់​បង់​កិលេស​ក្នុង​សន្តាន​ចិត្ត​បាន​ត្រឹម​ណា ក៏​មាន​ឈ្មោះ​ហៅ​តាម​ជាន់​នៃ​ការ​លះ​បង់​កិលេស​របស់​ខ្លួន​បាន​ត្រឹម​ណោះ​ថា សោតាបត្តិមគ្គ, សកទាគាមិ​មគ្គ, អនាគាមិ​មគ្គ, អរហត្ត​មគ្គ ។ អរិយ​ផល ក៏​បាន​ជា​គូ​នឹង​អរិយ​មគ្គ គ្រប់​ៗ​មគ្គ​ដែរ គឺ​សោតា​បត្តិ​ផល, សកទាគាមិ​ផល, អនាគាមិ​ផល នឹង​អរហត្តផល ។ ហេតុ​នោះ​ទើប​កើត​បាន​ជា​មគ្គ​៤​ផល​៤ ហៅ​កាត់​ឲ្យ​ខ្លី​ថា មគ្គផល ។ អរិយ​មគ្គ​ជា​ហេតុ អរិយ​ផល​ជា​ផល, អរិយ​មគ្គ​ដែល​មាន​ឈ្មោះ​ផ្សេង​គ្នា​ជា​៤​យ៉ាង​នោះ ក៏​ព្រោះ​កំចាត់​បង់​កិលេស​បាន​ច្រើន​តិច​ជាង​គ្នា​15។ ឱកាស​បើក​ឲ្យ​អង្គ​មគ្គ​ប្រជុំ​គ្នា​ជា​អរិយ​មគ្គ​បាន​កាល​ណា ការ​កាត់​ផ្ដាច់​សំយោជន៍​ក៏​កើត​មាន​ឡើង​ក្នុង​កាល​ណោះ​មួយ​រំពេច ។ ឱកាស​នេះ​មិន​កំណត់​កាល​ទេ (អកាលិកោ) កើត​មាន​ឡើង​ក្នុង​ខណៈ​ដែល​ចិត្ត​មូល​ជា​អារម្មណ៍​តែ​មួយ​ដោយ​ឆាប់​រហ័ស ដូច​អ្នក​ខ្លះ​ស្ដាប់​ទេសន៍​បាន​សម្រេច​មគ្គ​ផល​នៅ​ទី​នោះ ភ្លាម​ក៏​មាន​(ខិប្បាភិញ្ញា), ដោយ​សេចក្ដី​ព្យាយាម​ដ៏​ខ្លាំង​ក្លា ដូច​ព្រះ​យោគាវចរ​ខំ​ចម្រើន​ភាវនា​រឿយ​ៗ​រាល់​ថ្ងៃ ទាល់​តែ​បាន​សម្រេច​មគ្គ​ផល​ក៏​មាន (ទន្ធាភិញ្ញា)
     អ្នក​ប្រតិបត្តិ​ធម៌ ហើយ​បាន​សម្រេច​លោកុត្តរផល ជា​ផល​ជាន់​ខ្ពស់​បំផុត​យ៉ាង​នេះ​ហើយ ឈ្មោះ​ថា ជា​អ្នក​បាន​ដល់​ព្រះ​និព្វាន​ជា​ស្ថាន​រលត់​ទុក្ខ​ទាំង​អស់ ឈ្មោះ​ថា ជា​អ្នក​ប្រតិបត្តិ​ធម៌​ត្រឹម​ត្រូវ​តាម​វត្ថុ​បំណង​នៃ​ព្រះ​ពុទ្ធ​សាសនា​ពិត​ប្រាកដ ព្រោះ​ព្រះ​ពុទ្ធ​សាសនា​ទាង​មូល​មាន​ចំណុច​ជា​ទី​បំផុត​ត្រង់​មគ្គ ៤​ផល​៤ និព្វាន ១ រួម​ជា​៩​ដែល​ហៅ​ថា ព្រះ​នពលោកុត្តរធម៌​16
បរិសេចក្តីបញ្ចប់
     មនុស្ស​ជា​ជាតិ​អ្វី​ក៏​ដោយ ប្រុស​ឬ​ស្រី ក្មេង​ឬ​ចាស់ ដែល​ជា​អ្នក​កាន់​ពុទ្ធសាសនា បាន​នាមប្បញ្ញត្តិថាៈ
      ព្រះ​ពុទ្ធ​សាសនា ជា​សាសនា​ទៀង​ទាត់​ណាស់ គ្មាន​សាវក​ណា​អាច​លុប​លាង ឬ​កែ​ប្រែ ដូច​ជា​ច្បាប់​សម្រាប់​ប្រទេស​មួយ​ៗ បាន​ទេ​ជា​សាសនា​មិន​ទទួល​រ៉ាប់​រង​ទុក្ខ​ទោស​ជួស​អ្នក​ណា​ឡើយ, ជា​សាសនា​ចង្អុល​ហេតុ​ផល​យ៉ាង​ដាច់​ខាត ។
     ព្រះ​ពុទ្ធ​សាសនា​ប្រៀប​ដូច​ទូក ពួក​ពុទ្ធ​បរិស័ទ​ប្រៀប​ដូច​អ្នក​ជិះ ។ ទូក​លឿន​ក្ដី មិន​លឿន​ក្ដី ទៅ​ត្រង់​ឬ​វៀច​វេរក្តី ក៏​ស្រេច​តែ​លើ​ខ្លួន​អ្នក​ជិះ ។ បើ​ទូក​ធ្លុះ​ធ្លាយ ត្រូវ​អ្នក​ជិះ​ជួស​ជុល​បិទ​ផ្ជិត​ដោយ​ខ្លួន​ឯង​បើ​មិន​បិទ​ទេ ទូក​ក៏​លិច ខ្លួន​អ្នក​ជិះ​លើ​ទូក​ក៏​លង់​ទឹក​ស្លាប់​កណ្ដាល​ទន្លេ ព្រោះ​នឹង​ស្រែក​ហៅ​រក​អ្នក​ណា​ឲ្យ​ជួយ​ស្រង់​ខ្លួន​ពុំ​បាន​ឡើយ ។
     ពួក​ពុទ្ធ​បរិស័ទ មិន​ត្រូវ​តាំង​ចិត្ត​ផ្អែក​វេរ​ទៅ​លើ​ព្រះ​ពុទ្ធ​អង្គ ដោយ​នឹក​អាង​ថា "ព្រះ​ពុទ្ធ នឹង​មក​ជួយ​ដឹក​ដៃ យឺត​យោង​ខ្លួន ឲ្យ​រួច​ពី​ទុក្ខ​ទោស​បាន" ដូច្នេះ​ឡើយ ត្រូវ​តែ​តាំង​ចិត្ត​ជឿកម្ម នឹង​ជឿ​ផល​របស់​កម្ម​យ៉ាង​ដាច់​ខាត​ថា កម្ម​ល្អ​ឲ្យ​ផល​ជា​សុខ កម្ម​អាក្រក់​ឲ្យ​ផល​ជា​ទុក្ខ, អ្នក​ណា​បាន​សុខ​ឬ​បាន​ទុក្ខ ក៏​ព្រោះ​តែ​អ្នក​នោះ​បាន​ធ្វើ​កម្ម​ល្អ​ឬ​អាក្រក់​រួច​មក​ហើយ, គ្មាន​អ្នក​ណា​អាច​ទទួល​សុខ​ទុក្ខ​ជួស​អ្នក​ណា​បាន​ទេ ប្រៀប​ដូច​ចោរ​លួច​ប្រាក់​គេ​ៗ ចាប់​បាន​ដាក់​គុក គ្មាន​អ្នក​ណា​ទទួល​ទោស​គុក​ជួស​ចោរ​នោះ​បាន​ឡើយ សូម្បី​តែ​ឪពុក​បង្កើត ក៏​ទទួល​តោស​គុក​ជួស​កូន​មិន​បាន​ដែរ ។ ម្យ៉ាង​ទៀត ដូច​ជម្ងឺ ឬ​សេចក្ដី​ស្លាប់​នឹង​ទទួល​ជួស​គ្នា​មិន​បាន​សោះ​ឡើយ ។ សេចក្ដី​បរិសុទ្ធិ​នឹង​មិន​បរិសុទ្ធិ​មាន​ចំពោះ​តែ​រូប​មនុស្ស​ម្នាក់​ៗ ឥត​អ្នក​ណា​បរិសុទ្ធ​ជួស​អ្នក​ណា​បាន​ទេ (សុទ្ធិ អសុទ្ធិ បច្ចត្តំ ខុ..) អ្នក​ដទៃ​ធ្វើ​អ្នក​ដទៃ​ឲ្យ​បរិសុទ្ធ​មិន​បាន​ទេ (នាញ្ញោ អញ្ញំ វិសោយេ ខុ.) សេចក្ដី​នេះ​ប្រៀប​ដូច​អ្នក​រៀប​ចំណេះ​វិជ្ជា​ផង​ទាំង​ពួង អ្នក​ណា​រៀន​អ្នក​នោះ​ចេះ​នឹង​រៀន​ជួស​គ្នា​ឬ​នឹង​ចេះ​ជួស​គ្នា​មិន​កើត ។ ការ​រៀប​ជា​កម្ម​គឺ​ហេតុ ការ​ចេះ​ដឹង​ជា​ផល ។ ហេតុ​នឹង​ផល តែង​អាស្រ័យ​គ្នា​ជា​និច្ច​ដូច​សុភាសិត​បុរាណ​ថា "​ចេះ​ពី​រៀន​មាន​ពី​រក"
     ពុទ្ធ​បរិស័ទ បើ​បាន​ជឿ​កម្ម​ផល​ដូច្នេះ​ហើយ ទើប​បាន​ប្រតិបត្តិ​ធម៌​ត្រឹម​ត្រូវ​តាម​វត្ថុ​បំណង​របស់​ព្រះ​ពុទ្ធសាសនា ។ បើ​មិន​ជឿ​កម្ម​ល​ទេ ហើយ​ចេះ​តែ​ធ្វើ​បុណ្យ​ឲ្យ​ទាន​រក្សា​សីល​ទាំង​ខ្វាក់​ទាំង​ថ្លង់​ទៅ ព្រោះ​តែ​ចិត្ត​ចង់​ឲ្យ​បាន​សុខ​នោះ លំ​មិន​បាន​សុខ​ដូច​បំណង​ហើយ ដ្បិត​ខ្លួន​ប្រតិបត្តិ​ខុស​គន្លង​ធម៌ ក៏​ទៅ​ជា​ខំ​បន់​ស្រន់​ព្រះ​សំពះ​ទេវតា​ឲ្យ​ជួយ​ខ្លួន, កាល​បើ​មិន​ឃើញ​ព្រះ ឬ​ទេវតា​ណា​ជួយ ក៏​ត្រឡប់​ជា​ខឹង​ស្អប់​បន្ទោស​ព្រះ​ឬ​ទេវតា ថា​មិន​ជួយ​ខ្លួន​ទៅ​វិញ ។
     បណ្ដាយ​ថា​សភាវៈ ទាំង​ឡាយ​17ដូច​ជា​គេ​យក​ទឹក​ស្រោច​ភ្លើង​ៗ​តែ​ង​រលត់​អស់​ទៅ, នេះ​ជា​ទំនៀម​ទម្លាប់​យ៉ាង​ទៀង​ទាត់​របស់​ធម្មតា​គ្មាន​មនុស្ស​ណា​ជា​អ្នក​សាង​ភ្លើង​ឬ​ទឹក ដែល​ជា​វត្ថុ​ធម្មជាតិ​នោះ​ឡើយ មាន​តែ​មនុស្ស​ជា​អ្នក​ដឹង​ទំនៀម​នេះ​ថា "បើ​គេ​យក​ទឹក​ស្រោច​ភ្លើង​ៗ​មុខ​ជា​រលត់" អ្នក​ដែល​ដឹង​យ៉ាង​នេះ​ចាត់​ថា ជា​មនុស្ស​ដឹង​មុន​គេ​ ហើយ​ប្រាប់​គ្នា​ត​ៗ​មក ។ ព្រះ​ពុទ្ធ​អង្គ​ក៏​ដូច្នោះ​ដែរ គឺ​ព្រះ​អង្គ​បាន​ជ្រាប​របស់​ពិត (អរិយសច្ច) មុន​គេ ។ ព្រះ​អង្គ​មិន​បាន​កសាង​អង្គ​មគ្គ​ទាំង​៨​ឡើង​ទេ ។ ព្រះ​អង្គ​គ្រាន់​តែ​ជា​អ្នក​បាន​ស្វែង​រក​មគ្គ​ឃើញ​មុន​គេ ហើយ​ប្រកាស​ប្រាប់​ង្នក​ដែល​ចង់​បាន​សុខ​ឲ្យ​ ធ្វើ​ដំណើរ​ទៅ​តាម​អង្គ​មគ្គ​ទាំង​៨ នោះ​ប៉ុណ្ណោះ (អក្ខាតារោ តថាគតា= ព្រះ​តថាគត​ទាំង​ឡាយ គ្រាន់​តែ​ជា​អ្នក​ប្រាប់​ផ្លូវ ខុ.)
     អង្គ​មគ្គ​ទាំង​៨ ប្រៀប​ដូច​ជា​ផ្លូវ​ថ្នល់​១ ប្រកប​ដោយ​អង្គ​គុណ​៨​យ៉ាង​គឺ មាន​ក្តារបិទ​ប្រកាស​ប្រាប់​ដំណើរ​ការ​សព្វ​គ្រប់​ឲ្យ​ដឹង​ផែន​ទី​ភូមិសាស្ត្រ​ច្បាស់​លាស់ កុំ​ឲ្យ​វង្វែង​ផ្លូវ​បាន (សម្មាទិដ្ឋិ) មិន​វៀច​វេរ​ខុស​ផ្លូវ សឹង​ត្រង់​ទៅ​កាន់​ទី​តាម​ប្រាថ្នា (សម្មាសង្កប្បៈ) មាន​គូ​ស្នាម​ភ្លោះ​ល្អ​ប្រពៃ (សម្មាវាចា) មាន​ម្លប់​រុក្ខា​ត្រជាក់​ត្រជុំ (សម្មកម្មន្តៈ) មាន​ទី​កន្លែង​សម្រាប់​ជ្រក​សំណាក់​អាស្រ័យ​យ៉ាង​សុខ​ស្រួល (សម្មាអាជីវៈ), មាន​ទី​កន្លែង​សម្រាប់​ស្វះ​ស្វែង​រក​មាន​ការ​គ្រប់​គ្រង​ថែរក្សា​អ្នក​ដំណើរ​ឲ្យ​បាន​សុខ​សប្បាយ មិន​ឲ្យ​មាន​អន្តរាយ​កណ្ដាល​ផ្លូវ (សម្មាសតិ) មាន​សេចក្ដី​សុខ​ស្ងប់​ស្ងាត់​ត្រជាក់​ត្រជុំ​ដល់​អ្នក​ដំណើរ (សម្មាសមាធិ) ។ អរិយ​មគ្គ​ក៏​មាន​អង្គ​នាទី​ល្មម​សម​គួរ​ឲ្យ​បាន​សម្រេច​សេចក្ដី​ប្រាថ្នា​របស់​អ្នក​ប្រតិបត្តិ​ដូច​ជា​ផ្លូវ​នោះ​ដែរ ។
     អង្គ​មគ្គ​ទាំង​៨ នឹង​ដើរ​ជួយ​គ្នា​មិន​បាន​ទេ ព្រោះ​ជា​ចំណែក​ចិត្ត​មិន​មែន​ជា​ចំណែក​វត្ថុ​ដូច​ការ​រលត់​ភ្លើង ដែល​អាច​ជួយ​ស្រោច​ជួយ​គ្នា​បាន​ទេ ។ ភ្លើង​ប្រៀប​ដូច​សេចក្ដី​ទុក្ខ​ក៏​មែន​ហើយ ប៉ុន្តែ​ភ្លើង​ជា​ចំណែក​វត្ថុ​ការ​រលត់​ជា​ចំណែក​កាយ​ ទើប​អាច​ជួយ​លត់​ជួស​គ្នា​បាន ។ ទុក្ខ​ក្នុង​ទី​នេះ​ជា​ចំណែក​ចិត្ត ដែល​មនុស្ស​រាល់​រូប​ដឹង​ឃើញ​ដោយ​ខ្លួន​ឯង (សន្ទិដ្ឋិកោ) ទើប​ធ្វើ​ជួស​គ្នា​មិន​បាន ប្រៀប​ដូច​ជា​អ្នក​រៀន មិន​អាច​រៀន​សូត្រ​ចំណេះ​វិជ្ជា​ជួស​គ្នា​បាន​ដូច្នោះ​ដែរ ។
     ព្រះពុទ្ធ​អង្គ​គ្រាន់​តែ​ជា​អ្នក​ជ្រាប​របស់​ពិត​ដ៏​ប្រសើរ (អរិយ​សច្ច​៤) មុន​គេ ហើយ​ទ្រង់​បាន​ចង្អុល​ប្រាប់​គេ​ថា នេះ​ហៅ​ថា​ទុក្ខ (ទុក្ខ​អរិយ​សច្ច) នេះ​ជា​ហេតុ​ឲ្យ​កើត​ទុក្ខ (ទុក្ខ​សមុទយ​សច្ច) នេះ​ជា​សេចក្ដី​រំលត់​ទុក្ខ (ទុក្ខ​និរោធ​អរិយសច្ច) នេះ​ជា​ផ្លូវ​ដែល​នឹង​ធ្វើ​អ្នក​ដំណើរ​ឲ្យ​ដល់​នូវ​សេចក្ដី​រលត់​ទុក្ខ (ទុក្ខ​និរោធ​គាមិ​នី​បដិបទាអរិយសច្ច) ជា​ផ្លូវ​ដែល​ធ្វើ​ឲ្យ​មារ​នឹង​សេនាមារ​តាម​មិន​ទាន, ជា​ផ្លូវ​ដែល​អ្នក​ទាំង​ឡាយ ត្រូវ​ព្យាយាម​ដើរ​ទៅ​ដោយ​ខ្លួន​ឯង, ព្រះ​តថាគត​ទាំង​ឡាយ​គ្រាន់​តែ​ជា​អ្នក​ប្រាប់​ផ្លូវ​ប៉ុណ្ណោះ​ទេ (អក្ខាតារោ តថាគត) ។ មួយ​ទៀត ព្រះ​តថាគត​ទាំង​ឡាយ មិន​ដែល​ទទួល​ពាក្យ​អង្វរ​ក​បន់​ស្រន់​របស់​អ្នក​ណា​ឡើយ (សុទ្ធិ អសុទ្ធិ បច្ចត្តំ "សេចក្ដី​បរិសុទ្ធិ នឹង​មិន​បរិសុទ្ធិ មាន​ចំពោះ​ខ្លួន នាញ្ញោ អញ្ញំ វិសោ-ធយេ" អ្នក​ដទៃ​ធ្វើ​អ្នក​ដទៃ​ឲ្យ​បរិសុទ្ធ​មិន​បាន​ទេ​" ខុ.)
    សេចក្ដីដែល​បាន​អធិប្បាយ​អំពី​ករណីយកិច្ច​របស់​ពួក​ពុទ្ធបរិស័ទ​ទាំង​ពី​ដើម​រហូត​ដល់​ចប់ នេះ​ជា​ពាក្យ​ឆ្លើយ​ដោះ​ស្រាយ​ប្រាថ្នា​៥​ប្រការ​ខាង​ដើម​នោះ ថា៖
     ១-ព្រះ​ពុទ្ធ​អង្គ​មិន​មែន​ជា​អ្នក​បង្កើត​លោក​ទេ ។
     ២-ព្រះ​ពុទ្ធ​អង្គ​មិន​មែន​ជា​អ្នក​ដាក់​ទោស​ទណ្ឌកម្ម ដល់​ពួក​សាវក​ដែល​ល្មើស​ពុទ្ធ​បញ្ញត្តិ​ទេ ។
     ៣-ព្រះ​ពុទ្ធ​អង្គ​មិន​មែន​ជា​អ្នក​ទទួល​ទោស​ជួស​ពួក​សាវក​ទេ ។
     ៤-ព្រះ​ពុទ្ធ​អង្គ មិន​មែន​ជា​អ្នក​ទទួល​អង្វរ​ករ​ពាក្យ​បន់​ស្រន់​របស់​ពួក​សាវក​ទេ ។
     ៥-ព្រះ​ពុទ្ធ​អង្គ​មិន​មែន​ជា​ម្ចាស់​កម្ម​ផល​ទេ ។
1-មាន​សេចក្ដី​ពិស្ដារ​ក្នុង​ច្បាប់​ពុទ្ធ​ប្រវត្តិ ឬ​គម្ពីរ​បឋម​សម្ពោធិ ។
2-ករណីយកិច្ច​ខាង​គ្រហស្ថ មាន​សេចក្ដី​ពីស្ដារ​ក្នុង​ច្បាប់​ឧបោសថ​ថា ឬ​គិហិ​បដិបត្តិ
3-ករណីយកិច្ច​ខាង​អ្នក​បួស​មាន​សេចក្ដី​ពិស្ដារ​ក្នុង​ច្បាប់​បុព្វសិក្ខា​ឬ​វិនយ​វណ្ណនា​ឬ​បព្វ​ជ្ជា​ខន្ធក៏ ។
4-រឿង​រ៉ាវ​នៃ​ព្រះ​ពុទ្ធ​មាន​សេចក្ដី​ពិស្ដារ​ក្នុង​ច្បាប់​ពុទ្ធ​ប្រវត្តិ ឬ​ក្នុង​គម្ពីរ​បឋម​សម្ពោធិ ។
5-មាន​សេចក្ដី​ពិស្ដារ​ក្នុង​ច្បាប់​សិង្គា​លោវាទ​សូត្រ ។
6-មាន​សេចក្ដី​ពិស្ដារ​ក្នុង​ច្បាប់​អរិយសច្ច​កថា ខ្មែរ​នឹង​សៀម ។
7-កិច្ច​៤​នេះ គុណ​នឹង​មគ្គ ៤ ទៅ​ជា​១៦ ហៅ​ថា សោឡសកិច្ច ។
8-ច្បាប់​អរិយសច្ច​កថា ថា​អបលោពោធត្ថោ មាន​អត្ថថា រក​កង្វល់​រវល់​មិន​បាន ។
9-ក្នុង​ច្បាប់​អរិយសច្ច​កថា ថា​ទិស្សនរដ្ឋា អធិប្បាយ​ថា សំដែង​ចេញ ។
10-មាន​សេចក្ដី​ពិស្ដារ​ក្នុង​ច្បាប់​អរិយសច្ច​កថា ។
11-មគ្គ​៤ លះ​កិលេស​បាន​ប្លែក​ៗ​គ្នា មាន​សេចក្ដី​ពិស្ដារ​ក្នុង​ច្បាប់​ពោធិបក្ខិយធម៌​នឹង​ច្បាប់​អរិយសច្ចកថា ។
12-ស្រង់​ចាក​ច្បាប់​ពុទ្ធសាសនា​សៀម. លេ ម. ៤៣៥ ទំព័រ ៥១៨.. របស់​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ។
13-សេចក្ដី​សៅ​ហ្មង​អាក្រក់​ដោយ​កាយ, វាចា, ចិត្ត ហៅ​ថា កិលេស​ៗ​នេះ មាន​៣​យ៉ាង​ជ្រោក​ជ្រាក​ក៏​មាន​ យ៉ាង​កណ្ដាល​ក៏​មាន យ៉ាង​ល្អិត​សុខុម​ក៏​មាន ។
14-កិលេស​ជា​គ្រឿង​ប្រកប​ចិត្ត ហៅ​ថា សំយោជន៍​មាន​១០​យ៉ាង​គឺ​សក្កាយទិដ្ឋ​១, វិចីកិច្ឆា១, សីលព្វតបរាមាស១, កាមច្ឆន្ទ១, ព្យាបាទ១, រូបរាគ១, អរូបរាគ១, មានៈ១, ឧទ្ទច្ចៈ១, អវិជ្ជា១,
15-អរិយមគ្គ​ណា កំចាត់​បង់​កិលេស​អ្វី​ខ្លះ មាន​សេចក្ដី​ពិស្ដារ​ក្នុង​ច្បាប់​អរិយ​សច្ច​កថា ។
16-ធម៌​ចម្លង​សត្វ​ឲ្យ​ឆ្លង​ផុត​ចាក​លោក ហៅ​ថា លោកុត្តរធម៌ ។
17របស់​ដែល​កើត​មាន​ឡើង​ឯង​ៗ​តាម​ធម្មតា​លោក​ហៅ​ថា យថាសភាវៈ ឬ​ហៅ​ថា​វត្ថុ​ធម្មជាតិ ។

មេរៀន
ការ​ប្រតិបត្តិ​ធម៌​គឺ​ជា៖
 ១-ការ​ផ្លាស់​ចិត្ត​អាក្រក់​ចេញ​ឲ្យ​ក្លាយ​ទៅ​ជា​មិត្ត​ល្អ​វិញ,
 ២-ការ​ធ្វើ​ជីវិត​ឲ្យ​បាន​សុខ​ស្រួល,
 ៣-ការ​បំបាត់​សេចក្ដី​ល្ងង់​ខ្លៅ,
 ៤-ការ​ចេញ​ចាក​ទុក្ខ ឈាន​ទៅ​រក​សុខ, សឹង​មាន​ជា​ទី​ដៅ ។
 ៥-ពុទ្ធ​បរិស័ទ​ត្រូវ​ប្រតិបត្តិ​តាម​សាសនា ទើប​ហៅ​ថា “ជា​អ្នក​កាន់​សាសនា​ពិត” ទាំង​ត្រូវ​ចាំ​ពុទ្ធ​ប្រវត្តិ​ដោយ​ល្អិត​ល្អ ហើយ​ត្រូវ​ផ្ដិត​និស្ស័យ​ព្រះ​មក​ដាក់​ខ្លួន ។

ករណីយកិច្ច​របស់​ពុទ្ធ​បរិស័ទ​សង្ខេប​ប៉ុណ្ណោះ
Reviewed by ញឹប សុខឡា on 5:40 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.