ស្ថានទូតអាមេរិក៖ ការចូលរួមប្រជុំសភា របស់ឯកអគ្គរដ្ឋទូត អាមេរិក មិនមែន ជាការទទួលស្គាល់ លទ្ធផលឆ្នោតនោះទេ

បន្ទាប់ពីដំណើរចូលរួមដំណើរការបើកកិច្ចប្រជុំ សភាលើកដំបូង របស់លោក William E. Todd ឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ស្ថានទូតអាមេ រិក បានចេញសេចក្តីថ្លែងការភ្លាមៗផងដែរថា ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក មិនមែនជាការយល់ ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ដែលធ្វើឡើងស្របពេលកម្ពុជាបើកប្រជុំសភានីតិកាលទី៥ នេះ បានបញ្ជាក់ថា «សហរដ្ឋអាមេរិកសូមស្នើឲ្យមានការត្រួតពិនិត្សឡើងវិញ ដោយតំលាភាពនូវភាពមិនប្រក្រតីនានា ទាក់ទងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលនឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការវាយតម្លៃ និងដោះ ស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការនៃការបោះឆ្នោត ហើយនឹងផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជានូវទំនុក ចិត្តកាន់តែច្រើនថែមទៀតទៅលើប្រព័ន្ធបោះឆ្នោត»។
សេចក្តីថ្លែងការណ៍នេះបន្តថា សភាជាតិ ដែលមានដំណើរការត្រឹមត្រូវ ទាមទារឲ្យមានការចូលរួម នៃគណបក្ស នយោបាយសំខាន់ៗទាំងពីរ។ ស្ថានទូតអាមេរិក ក៏អំពាវនាវគណបក្សទាំងពីរអនុវត្តនូវសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី១៦ ខែកញ្ញា ដែលប្រឆាំងនឹងអំពើហឹង្សា គាំទ្រឲ្យមានការពិភាក្សាស្តីពីកំណែទម្រង់ការបោះឆ្នោត និង យល់ព្រមដោះស្រាយបញ្ហាជាតិនានាតាមរយៈការពិភាក្សាគ្នា។
ស្ថានទូតអាមេរិក ក៏បានលើកឡើងឲ្យគណបក្សទាំងអស់គួរចាប់យកឱកាសនេះ ដើម្បីលើកកំពស់ដំណើរការលទ្ធិ ប្រជាធិបតេយ្យ និងអនុវត្តនូវកំណែទម្រង់ដ៏មានន័យ ដែលពង្រឹងនីតិរដ្ឋ និងបង្កើនការគោរពសិទ្ធិមនុស្ស។
ស្ថានទូតអាមេរិក បានស្នើឲ្យថ្នាក់ដឹកនាំគណបក្សធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវលទ្ធផលមួយ ដែលធ្វើឲ្យ ប្រទេសមានឯកភាពគ្នា និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាជាធំ៕
ស្ថានទូតអាមេរិក៖ ការចូលរួមប្រជុំសភា របស់ឯកអគ្គរដ្ឋទូត អាមេរិក មិនមែន ជាការទទួលស្គាល់ លទ្ធផលឆ្នោតនោះទេ
Reviewed by ញឹប សុខឡា
on
6:47 PM
Rating:
