Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ដំណើរកំសាន្ត​៖ ទស្សនាប្រាណប្រាសាទ នៅទន្លេបាទី (ខេត្តតាកែវ)

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៣ ខ្ញុំបាទ សុខឡា រួមទាំងមិត្ត​ភ័ត្រប្រមាណជាប្រាំអ្នក បានទៅ កំសាន្ត​លំហែ​កាយ នូវថ្ងៃសំរាក់ពីការ ងារទៅទន្លេបាទី។ នៅទីនោះ មាន ទេសភាពស្រស់ ស្អាតទឹកបឹង និង មាន​ប្រាសាទ​ដែល​ជា​​កេមរតក​សម្បត្តិវប្បធម៌បស់ បុព្វបុរសខ្មែរ យើងបាន​ បន្សល់ទុកអោយ កូនខ្មែរ ជំនាន​ក្រោយជួយ​ថែរក្សា។ ឆ្លាតក្នុងឪកាសដ៏មានតម្លៃនេះផងដែរយើងបានទាំងកំសាន្តលំហែកាយ ផងនិងបានសិក្សាពី ទី​កន្លែង​នៃ​ទឹកដីទន្លេ​បាទី និង ព្រមទាំងប្រវត្តិនៃប្រាណប្រាសាទផង។ 

ទន្លេបាទីជាបឹងដ៏តូចមួយដែលមានចំងាយប្រមាណ៣០គ.មពីភាគខាងត្បូងរាជធានីភ្នំពេញ។ ទន្លេបាទី​ស្ថិត​នៅ​​ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ទន្លេបាទីជាកន្លែងសក្ការៈបូជាមួយ និងកន្លែងសំរាប់​កំសាន្តនា​ចុងសប្តាហ៍សំរាប់ប្រជាជននៅតំបន់នេះ។ វាក៏ជាកន្លែង ស្ទូចត្រី​សំរាប់ភ្ញៀវទេស​ចរណ៍ និង​ប្រជាជន​ក្នុងតំបន់ផងដែរ។ នៅក្បែរនោះ​មានប្រាសាទ​បុរាណ​ពីរគឺ​ ប្រាសាទតាព្រហ្ម ដែលបាន​កសាង​​​ឡើង​​នៅ​ចុង​សត​វត្ស​​ទី១២ ដើមសតវត្ស ទី១៣ក្នុងរជ្ជ​កាលព្រះបាទជ័យវរ្ម័នទី៧ និងប្រាសាទយាយពៅ។

ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)
ប្រាសាទតាព្រហ្មស្ថិតនៅក្នុងរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ២។ ប្រាសាទនេះសង់ឡើង​នៅ​សតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២០១ ធ្វើពីថ្មភក់ប្រកប​ដោយក្បូរក្បាច់​រចនាដ៏​ វិចិត្រប្រហាក់ប្រហែលនឹងប្រាសាទតាព្រហ្មនៅខេត្តសៀមរាប​ ដែរព្រោះស្ថាបត្យកម្មនេះស្ថិត នៅក្នុង​រចនាបថ​បាយ័ននារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាអធិរាជនៃចក្រភពកម្ពុជទេស។ 
បន្ទាប់ពីបញ្ចប់ ​សឹកសង្រ្គាមជាមួយដែនដីចម្ប៉ារំដោះបានរាជធានី អង្គរ និងមាតុភូមិ ជាស្ថាពរមក​ព្រះបាទជ័យវរ្ម័នទី៧ ចាប់ផ្តើម​ធ្វើការបង្រួបបង្រួមជាតិតាមមាគ៌ាសន្តិភាពនូវភាវូបនីយកម្មដោយ​ បន្ស៊ីភ្ជាប់គ្នារវាងព្រះពុទ្ធសាសនា​មហាយាន និងព្រហ្មញ្ញសាសនាគោរពអាទិទេពទាំង៣ ឬត្រីម៌ូតិ។ ការបង្រួបបង្រួមនេះ សែ្តងចេញតាម​រយៈ​សំណង់​ប្រាសាទធំៗមានជាអាទិ៍ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយឆ្មារ ស្រះស្រង់ ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ មហាកំពែងព័ទ្ធជុំវិញក្រុងអង្គរធំជាដើម។

ដោយឡែកប្រាសាទតាព្រហ្មទាំងពីរ នៅខេត្តសៀមរាប និងខេត្តតាកែវ ត្រូវបានស្ថាបនាឡើងដើម្បី​ឧទ្ទិសថ្វាយដល់​ព្រះលោកេស្វរៈ និងយកធ្វើជាអារាមសម្រាប់ព្រះសង្ឃគង់នៅរហូតដល់ប្រាសាទតាព្រហ្ម នៅតំបន់អង្គរមាន​ឈ្មោះដើមថារាជវិហារ សម្រាប់ប្រាសាទតាព្រហ្មនៅទនេ្លបាទី ទោះបីជាវិសាល​ភាពតូចជាងប្រាសាទទី១ នៅតំបន់អង្គរក្តី ក៏តឹកតាងបង្អាញថាវាមានលក្ខណៈជាអារាម ឬជាបូជនីយដ្ឋាន​ដ៏ពិសិដ្ឋ។ នៅទនេ្លបាទី គ្មានភ្នំនៅជិតទេ តើដូនតាខែ្មរយកថ្មពីណាមកកសាងប្រាសាទ ? សំណួរនេះ ត្រូវបាន​អ្នក​ប្រវត្តិ​សាស្រ្តបក​ស្រាយថា​គេត្រូវដឹកតាមរទេះ ដាក់ខ្នងដំរី ដាក់សំពៅ នាំយកផ្ទាំងថ្មទាំងនោះ ដែលរួមមានថ្មបាយកៀ្រម និងថ្មភក់ ពីភ្នំឆ្ងាយ​ៗ មកកសាងឲ្យកើតជាប្រាសាទនេះឡើង ដែលកំពូលប្រា​សាទ​កណ្តាល​មានកម្ពស់ដល់ទៅ១២ម៉ែត្រ ចំណែក​បរិវេណ​កំពែង មានបណ្តោយ១៥០ម៉ែត្រ ទទឹង៩៥ម៉ែត្រ។

ប្រាសាទយាយពៅ(ខេត្តតាកែវ)
ប្រាសាទយាយពៅ ជាប្រាសាទបុរាណខ្មែរមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្តតាកែវ ចំងាយប្រមាណ​១០០​ម៉ែត្រ​​​ពីប្រាសាទតាព្រហ្ម។ ប្រាសាទនេះមានរាងការេ៤ជ្រុងមែរមុខទៅទិសខាងកើត កសាងឡើង​ពីថ្មភក់​ក្នុង​សតវត្ស​ទី១២។


រឿងព្រេងនិទានខ្មែរ​ស្តីពីប្រាសាទតាព្រហ្ម​ (ខេត្តតាកែវ)

ទាក់ទងដើមកំណើតនៃប្រាសាទនោះមានដំណាលដូចតទៅនេះ៖ កាលស្តេចព្រះនាម ព្រះ​កេតុ​មាលាសោយ​រាជនៅមហានគរជាស្តេចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ ស្តេចទ្រង់​អផ្សុក​ក្នុងព្រះ​រាជហឫទ័យ គង់នៅ​ក្នុង​ប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពលដោយផ្លូវនាវា​តាម​ឆ្នេរ​​សមុទ្រ​ត្រើយ​ខាងត្បូង។ លុះយាងទៅដល់ទន្លេបាទីទ្រង់ចតព្រះទីនាំងនាវានៅត្រើយនោះដោយ​សោមនស្សហើយទ្រង់ បោះ​​ព្រះ​​ពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ ។ 

ពេលនោះអ្នក​ស្រុកប្រុសស្រីទាំងអស់បានឮ​ដំណឹងថាស្តេចយាងពីនគរវត្តមកដោយមិន​ដែល ស្គាល់​ស្តេច​នោះ​​​សោះ​ក៏នាំគ្នាជាច្រើន​អ៊ូអែរមក​ថ្វាយ​បង្គំគាល់​យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះមាន​យាយ​ម្នាក់មាន​ភោគសម្បត្តិស្តុកស្តម្ភ ជាងអ្នក​ស្រុកទាំងអស់គាត់មានកូនក្រមុំមួយឈ្មោះនាងពៅមាន​រូបឆោម​លោមពណ៌​ល្អលើស​ស្រីទាំង​ពួង។គាត់នាំកូនក្រមុំមកគាល់ស្តេចរាល់ថ្ងៃ។ព្រះមហាក្សត្រ​ទត​ឃើញ​រូបនាង​នោះក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធចង់​ចំអន់លេងរាល់ពេលវេលា។ យាយដឹងថាស្តេច​សព្វ​ព្រះ​រាជហឫទ័យនិង កូនក្រមុំរបស់ខ្លួន ក៏លើក​ថ្វាយជាព្រះទេពី ។

ទន្លេបាទីខេត្តតាកែវ  ស្តេចបាននាងពៅធ្វើ​ជាព្រះអគ្គមហេសីទ្រង់សព្វព្រះ​រាជហឫ​ទ័យ​ និងនាងពន់ពេក​ព្រោះ​ជា​​​ស្រី​​​​មានរូបឆោមលោមពណ៌ល្អ។

ស្តេចគង់​​នៅក្នុងទីនោះបានបីខែនាង​ពៅ​​មានគភ៌។​លុះនាងមានគភ៌បាន​បីខែព្រះរាជា​ទ្រង់មាន ព្រះបន្ទូលថា​“ចូរ​ប្អូន​នៅ​ក្នុងទីនោះ​ចុះពី​ព្រោះមាន ព្រះមាតា​នៅថែរក្សាឯបងសូមលាត្រលប់ទៅ មហានគរវិញ។ ហើយទ្រង់​ព្រះ​រាជ​​ទានព្រះទម្រង់​មួយ​ទុកជាកេរថាបើព្រះរាជបុត្រប្រសូតមកកាល ណាធំដឹងក្តីឡើងចង់ទៅសួររកបង ចូរ​នាង​​ឱ្យ​ពាក់​ព្រះទម្រង់​នេះយក​ទៅជា​សាក្សី

នាងពៅបានស្តាប់ព្រះរាជបន្ទូលដូច្នោះក៏សោកសង្រេង អាឡោះ​អាល័យ​ព្រះស្វាមី​ពេកក្រៃដោយទ្រង់មិន​ឱ្យ​ទៅតាម​ផង។ ព្រះរាជាទ្រង់ផ្តាំស្រេចហើយ ទ្រង់ស្តេចយាង​ទៅកាន់​ព្រះមហា​នគរវិញ។ ក្រោយ​មកគភ៌នាងពៅ​គ្រប់ខែក៏ប្រសូតព្រះរាជបុត្រដូចព្រះវរបិតា។មាតាឱ្យនាមថាអង្គព្រហ្ម​កុមារដោយ​ហេតុថាព្រះរាជកុមារ​ប្រសូតនៅព្រំដែនទន្លេនោះ។  

ទន្លេបាទី៖លុះព្រះ​រាជបុត្រ​នោះធំ​ឡើង​បានព្រះ​ជន្ម១៦​ឆ្នាំសួររកបិតា​ នាងពៅ​ដំណាល​​ប្រាប់សព្វគ្រប់ហើយ​ព្រះរាជកុមារ​ចង់ទៅតាម​រកព្រះ​បិតា​ឯមហា​នគរមាតាក៏​បាន​​ដោះ​​ព្រះទម្រង់មាស​ឱ្យទៅព្រះរាជបុត្រ​ពាក់នៅ​ម្រាម​ព្រះហស្តខាងស្តាំហើយ​ព្រះរាជបុត្រ​ថ្វាយបង្គំលាមាតាឡើង​គង់លើ​សេះយាងតាម​ឆ្នេរសមុទ្រទៅ។

 លុះបានទៅដល់ក្លោងទ្វារព្រះមហានគរ​បានសួរ​ទៅអ្នកចាំទ្វាររកព្រះបិតា។ នាយឆ្មាំទ្វារបាន​ស្តាប់ក៏ចាត់​មន្ត្រីឱ្យ​ទៅក្រាបបង្គំទូលស្តេចស្តេចជ្រាប​ទ្រង់មាន​ព្រះតម្រាសឱ្យចូលទៅ។អង្គព្រហ្មក៏ចូលទៅក្រាបថ្វាយបង្គំព្រះ​វរបិតា​ហើយ​ដោះ​ព្រះទម្រង់​​​ថ្វាយ។ស្តេចទ្រង់​ស្គាល់ច្បាស់ជាព្រះ រាជបុត្រពិតមែនដោយ​ទ្រង់បានឃើញ​ព្រះ​ទម្រង់ហើយ​ទ្រង់ចាត់អង្គព្រហ្មឱ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទន្លេនោះ។

ប្រាសាទតាព្រហ្ម៖ដោយហេតុថាព្រះអង្គព្រហ្ម​ប្រសូតក្នុងទីនោះផងដោយទីនោះពុំទាន់មាន​នាម៉ឺនណា​ឈរ​ត្រួត​ត្រាផងក៏ទ្រង់ព្រះរាជសារមានត្រាតាំងអង្គព្រហ្មជាស្តេចត្រាញ់មួយអង្គជា​ធំក្នុងស្រុកនោះ​ហើយដោយ​ហេតុអង្គព្រហ្មជាស្តេចជាមេបា​នៅស្រុក​នោះមុនគេបានជាស្រុកនោះឈ្មោះ ស្រុកបាទី​ទន្លេនោះ​ឈ្មោះទន្លេបាទី គឺទីរបស់ស្តេចជាបាពីត្រឹមនោះមក។

លុះអង្គព្រហ្មបាន​ជាស្តេចត្រាញ់​នៅស្រុក​នោះហើយ​ទ្រង់បានចាត់ឱ្យសាងប្រាសាទពីរមួយជូនមាតា​មួយគង់​នៅផ្ទាល់ព្រះអង្គ ហើយទ្រង់បានចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ដំណាក់ឯទៀត នៅក្បែរ​ប្រាសាទ​នោះ ជាទី​ក្រសាលនិងជាទីធ្វើការរាជការផ្សេងៗតាមមុខក្រសួងនាម៉ឺនសព្វមុខមន្ត្រី។ ទីបរិវេណ​នៃប្រាសាទ​ទាំង​នោះ​សព្វថ្ងៃទៅជាវត្តមួយឈ្មោះវត្តទន្លេបាទីជារមណីដ្ឋានមួយដែលពួកទេស​ចរណ៍​ច្រើនចូលចិត្តទៅ​ ទស្សនា។
 ប្រពភឯកសារ៖ http://km.wikipedia.org/wikiទន្លេបាទី



ដំណើរកំសាន្ត​៖ ទស្សនាប្រាណប្រាសាទ នៅទន្លេបាទី (ខេត្តតាកែវ) Reviewed by ញឹប សុខឡា on 10:05 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.