Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

Freedom House ចាត់​កម្ពុជា​ថា​មាន​សេរីភាព​បណ្ដាញ​អ៊ីនធឺណិត​តិចតួច

ដោយ ឡេង ម៉ាលី / 04-10-2013
អង្គការ​ឃ្លាំ​មើល​ឯករាជ្យ​មួយ​ដែល​មាន​ឈ្មោះ​ថា ហ្វ្រ៊ីឌឹម ហៅស៍ (Freedom house) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​មួយ ស្ដីពី​សេរីភាព​ផ្សព្វផ្សាយ និង​ទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ទូទាំង​ពិភព​លោក។ អង្គការ ហ្វ្រ៊ីឌឹម ហៅស៍ រក​ឃើញ​ថា សេរីភាព​អ៊ីនធឺណិត ស្រុត​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។
របាយការណ៍​របស់​អង្គការ ហ្វ្រ៊ីដឹម ហៅស៍ ដែល​ផ្សាយ​ចេញ​ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៣ ខែ​តុលា បង្ហាញ​ការ​សិក្សា​ថ្មី​របស់​ខ្លួន​ថា បញ្ហា​ឈ្លប​យក​ការណ៍ ការ​បង្កើត​ច្បាប់​គ្រប់គ្រង​អត្ថបទ​លើ​អ៊ីនធឺណិត និង​ការ​កើន​ឡើង​នៃ​ការ​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់ ធ្វើ​ឱ្យ​សេរីភាព​ផ្សព្វផ្សាយ និង​ទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ស្រុត​ចុះ​ទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០១៣។
នាយក​កម្មវិធី​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឆ្នាំ​២០១៣ អ្នកស្រី សានចា ខែលលី (Sanja Kelly) ថ្លែង​នៅ​ក្នុង​របាយការណ៍​នេះ​ថា ប្រទេស​ជា​ច្រើន​កំពុង​ពិនិត្យ​ចាប់​កំហុស​លើ​ប្រព័ន្ធ​អ៊ីនធឺណិត៖ «នៅ​ពេល​ដែល​ការ​បិទ និង​ការ​ច្រោះ​ព័ត៌មាន​លើ​អ៊ីនធឺណិត នៅ​តែ​ជា​វិធី​ដែល​ប្រទេស​ជា​ច្រើន​ពេញ​និយម​យក​មក​ប្រើ ដើម្បី​ចាប់​កំហុស ឬ​ចាប់​ពិរុទ្ធ​នៅ​ឡើយ រដ្ឋាភិបាល​បាន​បង្កើន​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន ដោយ​ឃ្លាំ​មើល​ថា តើ​នរណា​និយាយ​អ្វី​ខ្លះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​រក​វិធី​ផ្ដន្ទាទោស​ពួក​គេ។ នៅ​ប្រទេស​ខ្លះ អ្នក​ប្រើប្រាស់​ត្រូវ​ចាប់​ខ្លួន ដោយ​គ្រាន់​តែ​សរសេរ​អត្ថបទ​លើ​ហ្វេសប៊ុក (Facebook) ឬ​ភ្ជាប់​មតិ​យោបល់​របស់​មិត្តភ័ក្ដិ​ដែល​ទិតៀន​អាជ្ញាធរ»

កម្មវិធី​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឆ្នាំ​២០១៣ កំណត់​ទំនោរ​គន្លឹះ​លើ​សេរីភាព​អ៊ីនធឺណិត នៅ ៦០​ប្រទេស ដោយ​វាយ​តម្លៃ​ប្រទេស​នីមួយៗ​ផ្អែក​លើ​ឧបសគ្គ​នានា​ចូល​អ៊ីនធឺណិត ការ​ដាក់​កំហិត​លើ​អត្ថបទ និង​ការ​រំលោភ​សិទ្ធិ​អ្នក​ប្រើប្រាស់។
ការ​ឈ្លប​យក​ការណ៍​សំខាន់​បំផុត គឺ​ទំនោរ​កាល​ពី​ឆ្នាំ​មុន​ដែល លោក អិដវើត ស្នូដិន (Edward Snowden) លាត​ត្រដាង​ពី​សកម្មភាព​ឈ្លប​យក​ការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល​អាមេរិក។ កម្មវិធី​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឆ្នាំ​២០១៣ រក​ឃើញ​ប្រទេស​ចំនួន​៣៥ ក្នុង​ចំណោម​ប្រទេស​៦០ បាន​ពង្រីក​បច្ចេកទេស ឬ​អំណាច​ច្បាប់​ឈ្លប​យក​ការណ៍ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ការ​ឃ្លាំ​មើល​នេះ គឺ​នៅ​ប្រទេស​ណា​ដែល​ច្រើន​ប្រើ​មធ្យោបាយ​ទាំង​នេះ ដើម្បី​បង្ក្រាប​អ្នក​នយោបាយ​ប្រឆាំង និង​សកម្មជន​ស៊ីវិល។ សកម្មជន​នៅ​ប្រទេស​ផ្ដាច់​ការ​ជា​ច្រើន រាយការណ៍​ថា អ៊ីមែល និង​ការ​ទំនាក់​ទំនង​របស់​គេ ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​ពេល​សួរ​ចម្លើយ ឬ​ប្រើ​ជា​ភស្តុតាង​ក្នុង​សវនាការ​នយោបាយ ហើយ​ជា​លទ្ធផល អ្នក​ទាំង​នោះ​ត្រូវ​ជាប់​គុក ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​ក៏​មាន។
រដ្ឋាភិបាល​ខ្លះ​ខ្លាច​អំណាច​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នាំ​ឱ្យ​មាន​ចលនា​តវ៉ា​ទូទាំង​ប្រទេស ក៏​ធ្វើ​ច្បាប់​រឹតត្បិត​លើ​ការ​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត។ ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១២ មក គេ​រក​ឃើញ​ថា មាន​ប្រទេស​ចំនួន​២៤ ក្នុង​ចំណោម​ប្រទេស​៦០ បាន​ចេញ​ច្បាប់ ឬ​បទ​បញ្ជា ដែល​គំរាម​កំហែង​សេរីភាព​អ៊ីនធឺណិត ហើយ​ច្បាប់​ខ្លះ​ទៀត​កំណត់​ទោស​ដាក់​គុក​ដល់ ១៤​ឆ្នាំ ចំពោះ​ពាក្យ​សម្ដី​ជាក់លាក់​លើ​អ៊ីនធឺណិត។
ជា​រួម ប្រទេស​ចំនួន​៣៤ ក្នុង​ចំណោម​៦០ គេ​រក​ឃើញ​ថា សេរីភាព​អ៊ីនធឺណិត​ធ្លាក់​ចុះ។ ជា​ការ​កត់​សម្គាល់ ប្រទេស​វៀតណាម និង​អេត្យូពី (Ethiopia) នៅ​តែ​គាប​សង្កត់​ធ្ងន់ធ្ងរ ហើយ​ប្រទេស​វេណេហ្ស៊ួអេឡា (Venezuela) បង្កើន​ការ​ចាប់​កំហុស​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី។ ប្រទេស​ប្រជាធិបតេយ្យ​៣ ផ្សេង​ទៀត គឺ​ឥណ្ឌា សហរដ្ឋ​អាមេរិក និង​ប្រេស៊ីល ក៏​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់។
ប្រទេស​អ៊ីស្លង់ និង​អេស្តូនី គឺ​ជា​ប្រទេស​ឈរ​នៅ​លំដាប់​ខ្ពស់​ជាង​គេ ដែល​មាន​សេរីភាព​អ៊ីនធឺណិត។ សហរដ្ឋ​អាមេរិក ក៏​ស្ថិត​នៅ​ក្នុង​ប្រទេស​មាន​សេរីភាព​អ៊ីនធឺណិត​ដែរ ប៉ុន្តែ​បាន​ធ្លាក់​ចុះ ៥​ពិន្ទុ ដោយសារ​តែ​មាន​ការ​លាត​ត្រដាង​ពី​សកម្មភាព​លួច​យក​ការណ៍ កាល​ពី​ពេល​ថ្មីៗ​នេះ។ ទោះ​ជា​ដូច្នេះ​ក្ដី សហរដ្ឋ​អាមេរិក ស្ថិត​នៅ​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​៥ ដែល​បាន​ត្រួត​ពិនិត្យ។ ប្រទេស​ចិន គុយបា និង​អ៊ីរ៉ង់ ជា​ប្រទេស​ដែល​គាប​សង្កត់​សេរីភាព​អ៊ីនធឺណិត​ខ្លាំង​ជាង​គេ ក្នុង​រយៈពេល ២​ឆ្នាំ​ជាប់ៗ​គ្នា​នេះ។
ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការ​សេរីភាព​សារព័ត៌មាន ហ្វ្រីដឹម ហោស៍ គូស​ខ្វែង​លើ​តារាង​ចំណាត់​ថ្នាក់​ថា ជា​ប្រទេស​មាន​សេរីភាព​ខ្លះ​តាម​ការ​ឃ្លាំ​មើល​ចន្លោះ​ពី​ខែ​ឧសភា ឆ្នាំ​២០១២ ដល់​ខែ​មេសា ឆ្នាំ​២០១៣ ដោយ​អត្ថបទ​នយោបាយ សង្គម និង​សាសនា ត្រូវ​បាន​បិទ។ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត។
នៅ​ពេល​នោះ​ដែរ នាយក​គម្រោង​សេរីភាព​សារព័ត៌មាន​នៃ​អង្គការ ហ្វ្រីដឹម ហោស៍ អ្នកស្រី ខារិន ខាលេខា (Karin Karlekar) ថ្លែង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៣៖ «កម្ពុជា ត្រូវ​បាន​ដាក់​ក្នុង​ប្រទេស​ដែល​គ្មាន​សេរីភាព​ទាំង​ស្រុង ប៉ុន្តែ​យើង​ឃើញ​ថា ពិន្ទុ​ផ្នែក​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ ប្រៀប​ទៅ​នឹង​ឆ្នាំ​មុន។ នេះ​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​អវិជ្ជមាន​នៅ​កម្ពុជា»
ដោយ​ឡែក នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ថា សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា មិន​មាន​បញ្ហា​ទេ៖ «ខ្ញុំ​មើល​ទៅ​ខាង​សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​សេរីភាព​មែន​ទែន។ ប៉ុន្តែ សេរីភាព​ហ្នឹង វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ ដោយសារ​ការ​តានតឹង​សេរីភាព​នៅ​ខាង​ក្រៅ គឺ​ខាង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង​នៅ​សង្គម​យើង​ទូទៅ ដោយសារ​មាន​ការ​ភ័យ​ខ្លាច​ច្រើន ដោយសារ​ការ​គាប​សង្កត់​សេរីភាព​បញ្ចេញ​មតិ។ ប៉ុន្តែ ការ​គាប​សង្កត់​ហ្នឹង​វា​បណ្ដាល​ឱ្យ​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ។ ប៉ុន្តែ ប្រព័ន្ធ​អ៊ីនធឺណិត​តែ​ម្ដង​មិន​ពាក់ព័ន្ធ​ទេ មិន​មាន​ការ​រឹតត្បិត​ទេ។ ជា​ទូទៅ សេរីភាព​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​ហ្នឹង សេរី​មែន​ទែន មិន​មាន​ការ​រារាំង​អី​ទេ»
តារាង​ប្រចាំ​តំបន់ បង្ហាញ​ថា សេរីភាព​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា ប្រសើរ​ជាង​ប្រទេស​បង់ក្លាដេស ស្រីលង្កា និង​ប្រទេស​ថៃ។
វិធី ១០​យ៉ាង​ដែល​ប្រទេស​ចំនួន​៦០ យក​មក​ប្រើ​ញឹកញាប់​ជាង​គេ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត គឺ៖
ទី១ វិធី​រាំង​ខ្ទប់ ឬ​ច្រោះ​ព័ត៌មាន៖ ប្រទេស​ចំនួន​២៩ ក្នុង​ចំណោម​៦០ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា អាជ្ញាធរ​បាន​រាំង​ខ្ទប់​ព័ត៌មាន​ជាក់​លាក់​មួយ​ចំនួន​ទាក់ទង​នឹង​នយោបាយ និង​សង្គម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ក្នុង​នោះ ប្រទេស​ចិន អ៊ីរ៉ង់ និង​អារ៉ាប់ គឺ​ជា​ជន​ល្មើស​ធ្ងន់​ជាង​គេ។ ក៏ប៉ុន្តែ ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន ដូច​ជា កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា ក៏​ប៉ះពាល់​វឹមសៃត៍ មាន​ចរិត​នយោបាយ​ដែរ។ ប្រទេស​ហ៊្សកដានី (Jordan) និង​រុស្ស៊ី កាន់​តែ​បង្កើន​ការ​រាំង​ខ្ទប់​ខ្លាំង​ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។
វិធី​ទី២ ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ប្រឆាំង​អ្នក​រិះគន់​សង្គម៖ អ្នក​ប្រឆាំង និង​សកម្មជន​នៅ​ក្នុង ប្រទេស​ចំនួន​៣១ ប្រឈម​នឹង​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក នេះ។ ការ​វាយ​ប្រហារ​ទាំង​នោះ គឺ​ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​នយោបាយ​នានា ឧទាហរណ៍​ដូច​ជា ប្រទេស​ម៉ាឡេស៊ី និង​វេណេហ្ស៊ួអេឡា ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីនធឺណិត​ឯករាជ្យ​ដែល​មាន​ប្រជាប្រិយ​មួយ ត្រូវ​បាន​វាយ​ប្រហារ​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។
ទី៣ ច្បាប់​ថ្មី និង​ការ​ចាប់​ខ្លួន៖ មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើង ដែល​អាជ្ញាធរ​បាន​ចេញ​ច្បាប់​ហាម​ឃាត់​លើ​ការ​និយាយ​ស្ដី​អំពី​នយោបាយ សាសនា ឬ​បញ្ហា​សង្គម​ជាក់​លាក់​មួយ​ចំនួន តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ក៏​ដាក់​ការ​រឹតត្បិត​មិន​ច្បាស់​លាស់​សម្រាប់​បញ្ហា​សន្តិសុខ​សង្គម ដែល​បើក​ឱ្យ​មាន​ការ​រំលោភ​បំពាន។ នៅ​ក្នុង​ប្រទេស​ចំនួន​២៨ អ្នក​ប្រើប្រាស់​ត្រូវ​បាន​ចាប់​ខ្លួន ព្រោះ​តែ​អត្ថបទ​លើ​អ៊ីនធឺណិត​របស់​គេ។ បន្ថែម​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង ក៏​មាន​ពលរដ្ឋ​ធម្មតា​មួយ​ចំនួន​ដែរ ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​ដោយសារ​គេ​ចុះ​ផ្សាយ​មតិ​រិះគន់​អាជ្ញាធរ ឬ​សាសនា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។
ទី៤ ការ​ផ្ដល់​លុយ​ដល់​អ្នក​ធ្វើ​អត្ថាធិប្បាយ​និយម​រដ្ឋាភិបាល៖ សរុប​ទៅ មាន​ប្រទេស​ចំនួន​២២ ត្រូវ​បាន​គេ​ឃើញ​ផ្ដល់​លុយ​កាក់​ដល់​អ្នក​ធ្វើ​អត្ថាធិប្បាយ​ឱ្យ​បោក​បញ្ឆោត​កិច្ច​ពិភាក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តាម​ការ​បង្ខូច​អ្នក​ប្រឆាំង​រដ្ឋាភិបាល ការ​ផ្សព្វផ្សាយ​ការ​ឃោសនា និង​ការ​ការពារ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ពី​ការ​រិះគន់។ បញ្ហា​នេះ នាំ​មុខ​គេ​ដោយ​ប្រទេស​ចិន បារ៉េន និង​រុស្ស៊ី ហើយ​តាក់ទិច​នេះ​កាន់​តែ​កើន​ឡើង​នៅ​ប្រទេស​បេឡារូស និង​ម៉ាឡេស៊ី។
ទី៥ ការ​វាយ​ប្រហារ​លើ​រាង​កាយ និង​ការ​សម្លាប់៖ ក្នុង​ប្រទេស​ចំនួន​២៦ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​ត្រូវ​គេ​វាយ​ដំ ឬ​ធ្វើ​ទារុណកម្ម ព្រោះ​តែ​គេ​សរសេរ​ចុះ​ផ្សាយ​បញ្ហា​នានា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​នៅ​ប្រទេស​ចំនួន​៥ មាន​ការ​វាយ​ប្រហារ​រហូត​ដល់​ស្លាប់ ដែល​ជា​ញឹកញយ​ជា​ការ​សងសឹក​ចំពោះ​ការ​បង្ហាញ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។ មាន​អ្នក​កាសែត​អ៊ីនធឺណិត​ជា​ច្រើន​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​ស៊ីរី និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​ម៉ិកស៊ិក។ នៅ​ប្រទេស​អេហ្ស៊ីប មាន​ក្រុម​អ្នក​គ្រប់គ្រង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​រូប ត្រូវ​បាន​គេ​ចាប់​ពង្រត់ និង​វាយ​ដំ ហើយ​អាជ្ញាធរ​ក៏​កំណត់​មុខ​សញ្ញា​ប្រជា​នាំ​សារ គឺ​ពលរដ្ឋ​ដែល​ផ្ដល់​ព័ត៌មាន​នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​តវ៉ា​នានា។
ទី៦ ការ​ឈ្លប​យក​ការណ៍៖ បើ​ទោះ​ជា​ការ​បង្អាក់​ការ​ទាក់ទង​ខ្លះ អាច​ចាំបាច់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋ ឬ​ភេរវកម្ម​ក៏ដោយ ក៏​ការ​ឈ្លប​យក​ការណ៍​នោះ​កាន់​តែ​រំលោភ​បំពាន​ច្រើន​ឡើងៗ ទៅ​លើ​អ្នក​នយោបាយ។ រដ្ឋាភិបាល​នៅ​ប្រទេស​ចំនួន​៣៥ បាន​បង្កើន​អំណាច​ឈ្លប​យក​ការណ៍​របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។
ទី៧ ការ​បិទ និង​លុប​សំណើ​សុំ៖ រដ្ឋាភិបាល ឬ​បុគ្គល​មួយ​ចំនួន អាច​ស្នើសុំ​ក្រុមហ៊ុន​ឱ្យ​ដក​ចេញ​អត្ថបទ​ខុស​ច្បាប់ ជា​ធម្មតា​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ក៏ប៉ុន្តែ សំណើ​សុំ​បែប​នេះ គ្រាន់​តែ​ជា​សកម្មភាព​ផ្លូវ​ច្បាប់​សម្រាប់​គំរាម​កំហែង ឬ​ក៏​ជា​ការ​វាយ​បក​វិញ បាន​ក្លាយ​ជា​ឧបករណ៍​ចាប់​ពិរុទ្ធ​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ប្រទេស​ជា​ច្រើន ដូច​ជា ប្រទេស​រុស្ស៊ី និង​អាហ្សែរបៃហ្សាន (Azerbaijan) ដែល​ជា​តំបន់​អ្នក​សរសេរ​គេហទំព័រ​ផ្ទាល់​ខ្លួន ឬ ប្លុកជឺ (Blogger) ត្រូវ​បាន​គំរាម​កំហែង​ដេញ​ចេញ​ពី​ការងារ ឬ​ឃុំ​ខ្លួន បើ​មិន​ព្រម​លុប​ព័ត៌មាន​ចេញ​ពី​គេហទំព័រ​ផ្ទាល់​ខ្លួន​នោះ។
ទី៨ ការ​រាំង​ខ្ទប់​ការ​ផ្សព្វផ្សាយ​សង្គម និង​កម្មវិធី​ទំនាក់ទំនង៖ នៅ​ប្រទេស​ចំនួន​១៩ បាន​រាំង​ខ្ទប់​កម្មវិធី​មើល​វីដេអូ ឈ្មោះ យូធូប (YouTube) ថ្វីតធឺ (Twiter) ហ្វេសប៊ុក (Facebook) ឬ​កម្មវិធី​ព័ត៌មានវិទ្យា​មួយ​ចំនួន​ទៀត ទាំង​បណ្ដោះ​អាសន្ន ឬ​ជា​អចិន្ត្រៃយ៍។ សេវា​ទំនាក់​ទំនង​ផ្សេង​ទៀត ដូច​ជា Skype, Viber និង WhatsApp ក៏​ត្រូវ​បាន​កំណត់​ជា​មុខ​សញ្ញា​ដែរ ដោយ​ហេតុ​ថា គេ​ពិបាក​តាម​ដាន​មើល ឬ​ក៏​គំរាម​កំហែង​ដល់​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍។
ទី៩ ការ​ទទួល​ខុស​ត្រូវ​កណ្ដាល៖ នៅ​ក្នុង​ប្រទេស​ចំនួន​២២ អ្នក​ទទួល​ខុស​ត្រូវ​កណ្ដាល ឬ​ហៅ​ថា អន្តរការី ដូច​ជា អ្នក​ផ្ដល់​សេវា​អ៊ីនធឺណិត អ្នក​ផ្ដល់​សេវា អ្នក​គ្រប់គ្រង​អ៊ីនធឺណិត ឬ​អ្នក​សម្រប​សម្រួល​វេទិកា ត្រូវ​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​ចំពោះ​អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​អ្នក​ដទៃ។ ដូច្នេះ ប្រការ​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេ​ចាប់​ពិរុទ្ធ​អតិថិជន​របស់​គេ។ ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន បាន​ជួល​ផ្នែក​ទាំងអស់​ឱ្យ​ឃ្លាំ​មើល និង​លុប​ចោល​សារ​រាប់​លាន​ក្នុង​មួយ​ឆ្នាំៗ។
ទី១០ ការ​ពន្យឺត ឬ​បិទ​សេវា៖ រដ្ឋាភិបាល​ដែល​គ្រប់គ្រង​រចនាសម្ព័ន្ធ​ទូរគមនាគមន៍ អាច​កាត់​ផ្ដាច់ ឬ​ពន្យឺត​អ៊ីនធឺណិត ឬ​សេវា​ចល័ត ទាំង​តាម​តំបន់​ណា​មួយ ឬ​ទូទាំង​ប្រទេស។ ប៉ុន្មាន​ឆ្នាំ​មក​នេះ ប្រទេស​ស៊ីរី បាន​កាត់​ផ្ដាច់​សេវា​ជា​ច្រើន​លើក នៅ​ពេល​ដែល​តំបន់​ខ្លះ​នៅ​ប្រទេស​ចិន ឥណ្ឌា និង​វេណេហ្ស៊ួអេឡា ផ្អាក​ជា​បណ្ដោះ​អាសន្ន​ក្នុង​ពេល​មាន​ព្រឹត្តិការណ៍​នយោបាយ និង​ភាព​វឹកវរ​សង្គម​កើត​ឡើង៕




Freedom House ចាត់​កម្ពុជា​ថា​មាន​សេរីភាព​បណ្ដាញ​អ៊ីនធឺណិត​តិចតួច Reviewed by ញឹប សុខឡា on 12:12 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.