Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ទួល​នំ​លក់​តាម​សាលា​ តស៊ូ​រហូត​​ក្លាយ​ជា​មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​នៅ​ADB​

 

“​ខ្ញុំ​ធ្លាប់​​​​​ទួល​នំ​លក់​​ នៅតាម​សាលា​រៀន ​ តាំង​​​ពី​​អាយុ​១០ឆ្នាំ​​មក​ម្ល៉េះ​ ព្រោះកាលនោះ​គ្រួសារ​របស់ខ្ញុំ​​មាន​ជីវភាព​ក្រីក្រ ​រស់នៅ​ពឹង​​​​លើ​របរ​លក់​ដូរ​តិច​តួច​​តែ​ប៉ុណ្ណោះ”។​ នេះ​គឺ​ជា​ការ​​រៀប​រាប់​របស់​កញ្ញា រស់ ​សុធា ​យុវនារី​ វ័យ​២៨​ឆ្នាំ ​​ ដែល​​​មាន​ប្រវត្តិ​ឆ្លង​កាត់​ការ​​តស៊ូ​​​ដ៏​កម្សត់​យ៉ាង​ច្រើន​​​​មុន​ពេល​ក្លាយ​ជា​បុគ្គលិក​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​ ​ធនាគារអភិវឌ្ឍន៏អាស៊ី ​(ADB)​
ចាប់​កំណើត​នៅ​ក្នុង​គ្រួសារ​ដ៏​ខ្សត់​ខ្សោយ​មួយ​នៅ​ភូមិ​កំពង់​ស្វាយ​ ឃុំ​​កំពង់​ស្វាយ​ ស្រុក​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ដែល​មាន​ចម្ងាយ​​ជាង​ ​៣០០​គីឡូ​ម៉ែត្រ​​ ពី​រាជធានី​ភ្នំពេញ ​សុធា​ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ភូមិ​កំណើត​ ​និង​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​ ​កាល​ពី​ឆ្នាំ ​ ២០០២​ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ទីក្រុង ​ដោយ​សង្ឃឹម​ថា ​នាង​អាច​មាន​អនាគត​ ​ដ៏​ភ្លឺ​ស្វាង​មួយ​។​នៅ​ពេល​នោះ​​នាង​ ​មាន​អាយុ​ទើប​ ​១៧​ឆ្នាំ​ប៉ុណ្ណោះ​។



រំលឹក​ដល់​ចំណុច​នេះ ​សុធា ​ដែល​ជា​កូន​ច្បង​ ក្នុង​គ្រួសារ​ ដែល​មាន​បង​ប្អូន​តែ​ពីរ​នាក់​ ​ចាប់​ផ្ដើម​ រលីង​រលោង​ទឹក​ភ្នែក​ ​ស្ទើរ​តែ​ទប់​មិន​ជាប់​។ ​នាង​ ​និយាយ​ទាំង​អួល​ដើម​កថា​ ​“​វា​ជា​ការ​ សម្រេច​ចិត្ត​ដ៏​លំបាក​ ​ព្រោះ​កាល​នោះ ​ការ​ផ្ដល់​តម្លៃ​ ​លើ​សិក្សា​ភាសា​ខ្មែរ​នៅ​មាន​កម្រិត​ ហើយ​មនុស្ស​មួយ​ចំនួន​មិន​សូវ​ ​ផ្ដល់​តម្លៃ​​ចំពោះ​ក្មេង​ស្រី​ ​ដែល​ឃ្លាត​ពី​ភ្នែក​ម៉ែ​ឪ​នោះ​ទេ​ ជា​ពិសេស​ក្នុង​ចំណោម​អ្នក​រស់​នៅ​ទី​ជន​បទ​ជាច្រើន​។​ខ្ញុំ​ដឹង​ថា​ ​មាន​មនុស្ស​ជា​ច្រើន​បាន​ ចាប់​ផ្ដើម​ពេប​ជ្រាយ​ខ្ញុំ​ចំពោះ​ការ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ ប៉ុន្តែ​ខ្ញុំ​មិន​ ​អាច​បោះ​បង់​ការ​សម្រេច​ ចិត្ត​ទេ​នៅ​ពេល​ខ្ញុំ​ឃើញ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​រស់​នៅ​យ៉ាង​លំបាក​”។​នាង​បន្ត​ ដោយ​ទឹក​មុខ​ ​មាំ​ថា​ “ខ្ញុំ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​អង់​អាច​មួយ​ គឺ​ពុះពារ​ដើម្បី​ជួយ​គ្រួសារ​ ​ឲ្យ​ផុត​ពី​ភាព​ក្រីក្រ​នៅ​ ​ថ្ងៃ​ណា​មួយ​”។​
ដោយ​មើល​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុះ​មុត​របស់​កូន​ស្រី​ ​ឪពុក​ម្ដាយ​របស់​​ សុធា​ ​បាន​ចង​ការ​ ប្រាក់​ដើម្បី​ទិញ​ម៉ូតូ​ជំនំ​មួយ​គ្រឿង​ឲ្យ​ កញ្ញា​ ធ្វើ​ដំណើរ​ ​និង​សម្រាប់​ទិញ​សម្ភារៈ​សម្រាប់​សិក្សា​។ ​
ការ​ជម្នះ​​ឧបសគ្គ​នេះ​ ​មិន​ធ្វើ​ឲ្យ​ សុធា ​ខក​បំណង​ទេ​។ ក្នុង​នាម​ជា​សិស្ស​ ដែល​មាន​ប្រវត្តិ​រៀន​ ពូកែ​ចាប់​តាំង​ពី​ថ្នាក់​បឋម​សិក្សា​ រហូត​ដល់​ពេល​បញ្ចប់​ថ្នាក់​ទុតិយភូមិ​នៅ ​វិទ្យាល័យ​សម្ដេច​ ឪ​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​សុធា ​ទទួល​បាន​​​អាហារូបករណ៍​​ ​ឬ​រៀន​មិន​បាច់​បង់​ប្រាក់​ ​ពីរ​បី​ ​មហាវិទ្យាល័យ​ ក្នុង​នោះ​ រួម​មាន​  សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​ជំនាញ​កសិឧស្សាហកម្ម ​សាកលវិទ្យាល័យ​ភូមិន្ទ​ ភ្នំពេញ​ ​ផ្នែក​គ្រប់​គ្រង​ប្រព័ន្ធ ផ្សព្វផ្សាយ​ ​និង​ ​សាលា​បច្ចេកទេស​ ថែទាំ​វេជ្ជសាស្ត្រ ​ផ្នែក​ពិសោធន៍។
ដោយ​សារ​មាន​ក្តី​ប្រា​ថ្នា​ចង់​ក្លាយ​ជា​អ្នក​កាសែត​តាំង​ពី​តូច​មក​ម្ល៉េះ​ ​អតីត​ក្មេង​ស្រី​ជនបទ​ ​ម្នាក់​ ​នេះ​ សម្រេច​ចិត្ត​បោះ​បង់​ចោល​មុខ​ជំនាញ​ដ៏​ពេញ​និយម​ទាំង​ពីរ​​ ទៅ​ចាប់​យក​ជំនាញ​ គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ ផ្នែក​សារព័ត៌មាន​។

នាង ​ញញឹម​តិចៗ​ ហើយ​និយាយ​ថា​ “​ថ្ងៃ​មួយ​កាល​នៅ​រៀន​វិទ្យាល័យ​ ​ខ្ញុំ​បាន​ឃើញ​នារី​ មាន​អាជីព​អ្នក​កាសែត​ម្នាក់​ ក្នុង​ខ្សែ​រឿង​វីដេអូ​ហុងកុង​។ ​ខ្ញុំ​ចូល​ចិត្ត​សកម្មភាព​រស់​រវើក​ ​ភាព​ ​ឆ្លាតវ័យ​ និង​ការ​ចូល​រួម​ ក្នុង​ការងារ​សង្គម​ ​តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​របស់​នារី​ម្នាក់​នោះ​។​ ចាប់​តាំង​ពី​ពេល​នោះ​ហើយ​ដែល​ ​ខ្ញុំ​លួច​ស្រលាញ់​ការងារ​នេះ ​ហើយ​ប្រាថ្នា​ក្លាយ​ជា​អ្នក​ ​កាសែត​ស្រី​ម្នាក់​”។
សុធា​ រីក​រាយណាស់​ បន្ទាប់​ពី​បាន​ចូល​រៀន​មុខ​វិជ្ជា​ដែល​​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​។ ប៉ុន្តែ​ មុខ​វិជ្ជា​ដែល​ស្ទើរ​តែ​គ្រប់​មុខ​ជំនាញ ​ត្រូវ​សិក្សា​ជា​ភាសា​អង់គ្លេស​សុទ្ធ​សាធ​ ​នោះ ​បាន​ធ្វើ​ឲ្យ​ អតីត​សិស្ស​នៅ​ជាយ​ដែន​ដែល​រៀន​ភាសា​អង់គ្លេស​បាន​តិច​តួច​រូប​នេះ ​ជួប​ឧបសគ្គ​ដ៏​ធំ​មួយ​​ ​ទៀត​ ក្នុង​ជីវិត​ជា​អ្នក​សិក្សា​ នោះ​គឺ​ ​ការ​រៀន​មិន​ទាន់​សិស្ស​ដទៃ​ទៀត​ ដែល​ពូកែ​ភាសា​អង់គ្លេស​។ ​ពោល​គឺ​ ​នាង​មិន​យក​អាច​ច្បាម​​យក​ ​ពិន្ទុ​ខ្ពស់​ដូច​កាល​នៅ​រៀន​វិទ្យាល័យ​នោះ​ទេ​។
សុធា ​រំលឹក​ឡើង​វិញ​ថា​ ​“វា​ជា​រឿង​មួយ​គួរ​ឲ្យ​ឈឺ​ចាប់​ណាស់​នៅ​ពេល​ដឹង​ថា​ខ្លួន​ឯង​ស្ទើរ​តែ​មិន​ ចេះ​អ្វី​សោះ​។​ ​ជា​រៀង​រាល់​យប់​ ​ខ្ញុំ​តែង​លួច​យំ​។​យំ​រៀប​រាប់​ប្រាប់​ឪពុក​ម្ដាយ​ ​ដើម្បី​បន្ធូរ​ភាព​ ​តាន​តឹង​។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ​មិន​អាច​បក​ក្រោយ​បាន​ទេ ​ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ប្រឹង​រៀន​កាន់​ ​តែ​ខ្លាំង​ឡើង​”។
សុធា​ ប្រាប់​ថា ​នាង​បាន​ចាប់​ផ្ដើម​ពី​ការ​ទន្ទេញ​វាក្យ​សព្ទ​អង់គ្លេស​ ចំនួន​ពីរ​ម៉ោង​ជា​រៀង​រាល់​ ​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ម៉ោង​៤​ទាប​ភ្លឺ​ ​និង​ចំណាយ​ពេល​៣​ ឬ​៤​​ម៉ោង​នៅ​ពេល​យប់​ ​អាន​សៀវភៅ​ សរសេរ​ជា​ភាសា​អង់គ្លេស​ ​ហើយ​បាន​រៀន​គួរ​អង់គ្លេស​ ក្រៅ​ម៉ោង​សិក្សា​​នៅ​សាលា​រដ្ឋ។ ​មួយ​រយៈ​ក្រោយ​ មក​ ​នាង​បាន​តាម​ទាន់​សិស្ស​រួម​ថ្នាក់​។
សូម​រំលឹក​ថា ​មិន​ខុស​ពី​យុវវ័យ​មក​ពី​ទី​ជន​បទ​ជា​ច្រើន​ផ្សេង​ទៀត​ទេ​ ពេល​មក​ដល់​ភ្នំពេញ​ដំបូង​ សុធា ​បា​ន​រស់​នៅ​ផ្ទះ​បង​ប្អូន​រយៈ​ពេល​ខ្លី ​មុន​នឹង​ប្ដូរ​ទៅ​រស់​នៅ​បន្ទប់​ជួល​ដ៏​តូច​មួយ​ ​ជាមួយ​មិត្តភ័ក្ដិ​​​ស្រី​ៗ ​ពីរ​ឬ​បី​នាក់​ទៀត​។ ​ដោយ​ហេតុ​ថា​ ​នាង​ទទួល​បាន​ប្រាក់​ជំនួយ​ពី​ឪពុក​ម្ដាយ​តែ​ ​៥០​ ​ដុល្លារ​ ឬ​២០​ម៉ឺន​រៀល ​ប៉ុណ្ណោះ​​ ក្នុង​មួយ​ខែ ​សម្រាប់​រ៉ាប់​រង​ការ​ស្នាក់​នៅ ​ហូប​ចុក ​និង​សំលៀក​ ​បំពាក់ ដូច្នេះ​នាង​ពុំ​មាន​លទ្ធ​ភាព​រៀន​សាលា​ល្អ​ ​ឬ​ថ្លៃ​ៗ​នោះ​ទេ​។ ​នាង​បាន​ ​សុំ ​គ្រូ​បង្រៀន​ ​វេយ្យាករណ៏​ នៅ​សាលា​បាក់​ទូក​ ​រៀន​ដោយ​បង់​ថ្លៃ​ត្រឹម​ពាក់​កណ្ដាល​ ​គឺ​មួយ​ម៉ោង ​៥០០ រៀល​។ ​ជាទូទៅ​ ​កញ្ញា​ ចំណាយ​ប្រាក់​តែ​ ​១៥០០​ រៀល​ ប៉ុណ្ណោះ ​សម្រាប់​បាយ​មួយ​ពេល​ ​គឺ​បាយ​ ៥០០​ រៀល​ និង​សម្ល ១០០០​រៀល។


នៅ​ឆ្នាំ​ ​២០០៤​ ​​ពេល​ដែល​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី​២​នៅ​ឡើយ​ ​សុធា​ បាន​ទទួល​បាន​ការងារ​មួយ​ជា​អ្នក​ទីផ្សារ​រក​ពាណិជ្ជ​កម្ម​ឲ្យ​កាសែត​ ​ក្នុង​ស្រុក​មួយ​ ​ដោយ​ចាប់​ផ្ដើម​ទទួល​បាន​ប្រាក់​ខែ​ដំបូង​ ​៥០​ដុល្លារ​។ នាង​បាន​ប្រើ​ពេល​ថ្ងៃ​ត្រង់​ ​ដោយ​មាន​ពេល​ខ្លះ​អត់​អាហារ​ ​ទៅ​ដើរ​រក​ពាណិជ្ជកម្ម​នា​កណ្ដាល​ថ្ងៃ​ ដោយ​ហេតុ​ថា​ ​នាង​ត្រូវ​រៀន​ទាំង​ព្រឹក​ ​និង​ថ្ងៃ​។ យ៉ាង​ណា​ក៏​ដោយ​ ​ប្រាក់​បៀវត្ស​នេះ​ ​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​រៀន​ភាសា​អង់គ្លេស​បាន​ច្រើន​ ​ជាង​មុន​ និង​សម្រាល​បន្ទុក​របស់​ឪពុក​ម្ដាយ​នាង​។
មួយ​ឆ្នាំ​ក្រោយ​មក​ ​សុធា ​បាន​ចាប់​ផ្ដើម​សរសេរ​អត្ថ​បទ​ព័ត៌មាន​​អោយ​កាសែត​ ​និង​ទស្សនាវដ្ដី​ មួយ​ចំនួន​ ​ក្នុង​ស្រុក​ ​ដែល​អាច​ឲ្យ​នាង​រក​ចំណូល​បន្ថែម​ទៀត​ ​ដោយ​ប្រកាន់​យ៉ាង​ដាច់​ខាត​នូវ​ ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន​។ ​នាង​បាន​ផ្ដើម​រួម​ចំណែក​ផ្គត់​ផ្គង់​គ្រួសារ​ ​ចាប់​តាំង​ពី ​ពេល​នោះ​មក។
ការ​តស៊ូ ​និង​ការ​អប់រំ​ ​បាន​ជួយ​សុធា ​ឲ្យ​ក្លាយ​ជា​អ្នក​កាសែត​ស្រី​ម្នាក់​ ដែល​មាន​ទេព​កោសល្យ​ ច្រើន​យ៉ាង​។ ​ក្រៅ​ពី​សរសេរ​អត្ថបទ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ ក្នុង​ស្រុក​ ​នាង​គឺ​ជា​អ្នក​និយាយ​ព័ត៌មាន​ ​ជាតិ​ និង​វិភាគ​ព័ត៌មាន​អន្តរជាតិ​ ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​​ ៥ ​បាន​យ៉ាង​ល្អ​ ​ហើយ​ក៏​បាន​ សរសេរ​ ព័ត៌​មាន​ឲ្យ​គេហទំព័រ​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ។​
មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​នាង​អាច​ដណ្ដើម​បាន​អាហារូបករណ៍​ជា​ច្រើន​នៅ​ឯ​បរទេស​ ដែល​នាំ​ ឲ្យ​នាង​បាន​ស្គាល់​ប្រទេស​រីក​ចំរើន​នានា​ ក្នុង​ពិភពលោក​ ​និង​ទទួល​បាន​ជំនាញ​ បន្ថែម​ ក្នុង​ផ្នែក​ ទំនាក់​ទំនង​។​ ​សុធា ​ប្រាប់​ថា ​នាង​បាន​ធ្វើ​ដំណើរ​​ទៅ​ជាង​ ​១០​ប្រទេស​ ​ក្នុង​នោះ​រួម​បញ្ចូល​ ទាំង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ ​និង​អឺរ៉ុប​ ​ដូច​ជា​ ​ប្រទេស​បារាំង​ ​ហុល្លង់​ ​និង​អាល្លឺម៉ង់​ ​ជាដើម​។​ក្នុង​ពេល​កំពុង​សិក្សា​នេះ​ នាង​ក៏​បាន​ឆ្លៀត​ធ្វើ​ការ​ពាក់​ព័ន្ធ​ នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឯ​បរទេស​​ផង​ដែរ​។
​ឆ្នាំ​ ​២០០៦​ ​សុធា ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​​​​​​ផ្នែក​គ្រប់​គ្រង​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ជោគជ័យ។ ដើម្បី​សម្រេច​បាន​​ក្តី​ប្រាថ្នា​គេច​ផុត​ពី​ភាព​ក្រីក្រ​ ​នាង​បាន​ធ្វើ​ការ​ជា​ច្រើន​កន្លែង​ ក្នុង​ពេល​តែ​ ​មួយ​ ដោយ​បាន​​ចូល​ប្រឡូក​ ក្នុង​វិស័យ​ការងារ​ ​ផ្នែក​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​ ក្នុង​នោះ​​​​មាន​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​បារាំង​ (AFP​) វិទ្យុ​សំឡេង​ សហរដ្ឋ​អាមេរិក(VOA) គេហទំព័រ​វិទ្យា​សាស្ត្រ​របស់​អាមេរិក​ ទស្សនាវដ្ដី​អង្គរ​ធំ ​ទស្សនាវដ្ដី​ប្រជាប្រិយ ​និង​ធ្វើ​ជា​អ្នក​បក​ប្រែ​រឿង​ភាគ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​​​៥​ជា​ដើម​។ ​ការងារ​ទាំង​នេះ​ ​បាន​បន្សល់​ទុក​ពេល​សម្រាក​ ​តិច​តួច​បំផុត​ដល់​នាង​។


នៅ​ចុង​ឆ្នាំ​ ​ឆ្នាំ​ ២០១០ ​សុធា​ ​បាន​​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ទទួល​បន្ទុក​ កិច្ច​ការ​ទំនាក់​ទំនង​​សាធារណៈ។​ ធនាគារ​អភិវឌ្ឍ​អាស៊ី ​ដែល​ជា​ដៃ​គូ​អភិវឌ្ឍន៍​របស់ ​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​បន្ត​ចូល​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ ​និង​សេដ្ឋកិច្ច​​ ​របស់​ប្រទេស​នេះ​។
​ជាង​១០​ឆ្នាំ​កន្លង​ផុត​ទៅ ​ក្មេង​ស្រី​ ដែល​ធ្លាប់​តែ​ជួល​បន្ទប់​គេ​នៅ​ម្នាក់​នេះ ​មាន​លទ្ធភាព​ទិញ​ និង​សង់​ផ្ទះ​មួយ​ល្វែង​កម្ពស់​​៣​ជាន់​ដ៏​ ​ប្រណិត​ ​នៅ​ទី​ក្រុង​ភ្នំពេញ ​និង​មាន​រថយន្ត​ជិះ​សមរម្យ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​នាង​ក៏​កំពុង​ រួម​ចំណែក​ជាមួយ​ឪពុក​ម្ដាយ​ ​ដើម្បី​បើក​ហាង​លក់​គ្រឿង​ សង្ហា​រឹម​នៅ​ខេត្ត​ព្រះវិហារ​ ​ផងដែរ​។
សុធា ​ចាត់​ទុកថា ​នេះ​ជា​ការ​រីក​ចំរើន​មួយ​ដ៏​ត្រចះ​ត្រចង់​ ក្នុង​ជីវិត​របស់​នាង​ ​ប៉ុន្តែ ​វា​មិន​មែន​កើត​ ឡើង​ ដោយ​ចៃដន្យ​នោះ​ទេ​។​ ​នាង​និយាយ​ថា​ ​“​មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​មាន​មហិច្ឆតា​ ​គោល​ដៅ​ និង​ការ​ពុះ​ពារ​ដើរ​សំដៅ​ទៅ ​គោល​ដៅ​នោះ​។ ​ការ​ចុះ​ចាញ់​នឹង​ការ​លំបាក​ ​នឹង​នាំ​មក​នូវ ​ការ​បរាជ័យ​ ព្រោះ​គ្មាន​ភាព​ ​ជោគ​ជ័យ​ណា​ ដែល​អាច​កើត​ឡើង​ ដោយ​ឯក​ឯង​ឬ​គ្មាន​ការ​ ​តស៊ូ​នោះ​ទេ​”។
សុធា​ ប្រាប់​ថា ​កម្លាំង​ចិត្ត​ដ៏​មហិមា​នេះ​ ​បាន​ពី​ការ​មើល​ឃើញ​ការ​តស៊ូ​យ៉ាង​លំបាក​លំបិន​ របស់​ម្ដាយ​ឪ​ពុក​នាង​។
នាង ​និយាយ​ដោយ​ទឹក​ភ្នែក​រលីង​រលោង​ថា​ ​“​ភាព​ជោគជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ ​ញញឹម​ នេះ​ហើយ​ជា​ក្ដី​ស្រមៃ​ដ៏​ធំ​បំផុត​ ក្នុង​ជីវិត​របស់​ខ្ញុំ​”។
ក្ដី​ប្រាថ្នា​ ​បន្ទាប់​របស់​ សុធា​ គឺ​ការ​បន្ត​ការ​សិក្សា​ផ្នែក​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ នៅ​ឯ​បរទេស​ ដែល​នឹង​បង្កើន​ជំនាញ​របស់​នាង​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ទំនាក់ទំនង​៕





http://news.sabay.com.kh/articles/491519
ទួល​នំ​លក់​តាម​សាលា​ តស៊ូ​រហូត​​ក្លាយ​ជា​មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​នៅ​ADB​ Reviewed by ញឹប សុខឡា on 9:25 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.