សកម្មភាពនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បរិយាយពីចម្រៀងនឹងប្រយោជន៍ចម្រៀង
បរិយាយពីចម្រៀងនឹងប្រយោជន៍ចម្រៀង
របស់លោក ចាប - ពិន
កម្ពុជសុរិយា ឆ្នាំទី ២៧ ខែ កុម្ភៈ លេខ ២ ព. ស. ២៤៩៧ គ. ស. ១៩៥៥
តាងនាមក្រុមជំនុំទំនៀនទម្លាប់ខ្មែរ នៅពុទ្ធសាសនបណ្ឌិត្យ ខ្ញុំសូមបរិយាយអំពីកំណើតចម្រៀងនឹងប្រយោជន៍របស់ចម្រៀងដូចតទៅនេះ :
សួរ : ការច្រៀងកើតពីត្រឹមណាមក ?
ឆ្លើយ : ការច្រៀងកើតតាំងពីមនុស្សចេះប្រើពាក្យសំដីមក ។
សួរ : ហេតុម្ដេចបានជាប្រជាជនចូលចិត្តច្រៀង ? ព្រោះត្រូវការអ្វី ?
ឆ្លើយ : បានជាប្រជាជនចូលចិត្តច្រៀង ព្រោះត្រូវការរស់នៅក្នុងសង្គម ត្រូវការចិញ្ចឹមបុត្រ ត្រូវការគុសង្សារ ត្រូវការអាពាហ៍ពិពាហ៍ ជាដើម ។
សួរ : ការច្រៀងជាការសម្ដែងអ្វី ?
ឆ្លើយ : ការច្រៀងជាការសម្ដែងសាវតាជាតិ - ទឹកចិត្តអធ្យាស្រ័យនឹងបំណងរបស់ប្រជាជន គឺថាប្រជាជនមានបំណងយ៉ាងណាក៏បណ្ដាលឲ្យច្រៀងតាមទំនងបំណងនោះ រួចសេចក្ដីថា : ចម្រៀងជាសំឡេង ឬជាសម្រែកចិត្តរបស់មនុស្សជាតិពិតៗ ទោះបីអ្នកមិនចេះតែងទំនុកខ្លួនឯងក៏រមែងជ្រើសរើសយកទំនុកចាស់ៗរបស់គេ ដែលអ្នកផងតែងច្រៀងមកច្រៀងតម្រូវតាមសេចក្ដីត្រូវការរបស់ខ្លួន ។ មិនមែនមនុស្សទេ សូម្បីតែសត្វស្លាបខ្លះ ដូចជាសេកសារិកាជាដើម ក៏ធម្មតាបណ្ដាលឲ្យវាច្រៀងជាសម្រែកចិត្តរបស់វា ចំពោះគូសង្សាររបស់វាជាដើមដែរ ព្រោះគេតែងឃើញវានៅក្បែរគ្នាធ្វើមុខមាត់ផ្អៀងផ្អងផ្ដោះផ្ដងរកគ្នា ដោយសម្លេងដ៏ពិរោះគ្រលួចគួរឲ្យស្រងេះស្រងោច ។
ប្រជាជនគ្រប់ជាតិគ្រប់ភាសាគ្រប់ប្រទេស ក្នុងសាកលលោកទាំងសម័យបុរាណ ទាំងសម័យបច្ចុប្បន្ន ទាំងប្រទេសចម្រើនហើយ ទាំងប្រទេសមិនទាន់ចម្រើន សុទ្ធតែត្រូវការរាប់អានការច្រៀងទាំងអស់ សូម្បីនៅសម័យអនាគតក៏ដូចគ្នា ប្រទេសដែលចម្រើនណាស់ គេរិតតែត្រូវការណាស់ទៅទៀត ។ ដោយហេតុប្រជាជនក្នុងសាកលលោកត្រូវការរាប់អានចម្រៀងគ្រប់រូប បានជាគេហៅចម្រៀងគ្រប់បែបថា " ចម្រៀងប្រជាមានិត " ប្រែថា " ចម្រៀងជារបស់ដែលប្រជាជនរាប់អាន " ភាសាបារាំងហៅថា ( cbant populaire ) ។
ទំនុកចម្រៀងប្រជាមានិត មានសភាពផ្សេងៗ គ្នា ប្រព្រឹត្តទៅតាមស្ថានភាពនៃសញ្ជាតិនៃប្រទេសនឹងសង្គមរបស់ប្រជាជន ប្រហែលគ្នានឹងជីវភាពរបស់ប្រជាជាតិក្នុងសាកលលោក ដែលប្លែកៗគ្នាដោយបែបៗ តែរួមចុះក្នុងបទជាសំឡេង ឬសម្រែកចិត្ត របស់ប្រជាជនប្រចាំជាតិនីមួយៗ ដូចគ្នា ។
ចម្រៀងជាគូរ និងភ្លេង ជាសិល្បៈមួយផ្នែក ហៅថា " គីតសិល្បៈ " ជាអារ្យធម៌ ឬ ជាគ្រឹះស្ថានដ៏សំខាន់ប្រចាំជាតិ ហើយជាជំហររបស់ប្រជាជាតិនីមួយៗ អាចញ់ាំងជាតិឲ្យគង់វង្សដូចភាសា នឹងអក្សរសាស្រ្តដែលអាចធ្វើជាតិឲ្យឋិតឋេរចេរកាលនៅក្នុងលោក ។
តាមពិតភាសាក្ដី អក្សរក្ដី ចម្រៀងក្ដី ភ្លេងក្ដីរបស់ជាតិណា ជាគ្រឿងសំគាល់ដ៏សំខាន់សម្រាប់ជាតិនោះ គឺគេគ្រាន់តែឃើញអក្សរ ឬភាសាចម្រៀង ឬភ្លេងរបស់ជាតិណា គេអាចស្គាល់បានភ្លាមថា អក្សរភាសាណា ចម្រៀង – ភ្លេង របស់ជាតិនោះបានជាប្រាកដមិនបាច់ឃើញរូបមនុស្សជាម្ចាស់របស់ឡើយ ។
ចម្រៀងខ្មែរ ជាអារ្យធម៌គ្រឹះស្ថានហើយជាគីតសិល្បៈដ៏សំខាន់មួយផ្នែករបស់ខ្មែរ សម្រាប់ឧបត្ថម្ភជាតិខ្មែរឲ្យចាក់ឫសជាប់ឋិតថេរប្រាកដប្រជានៅក្នុងលោក គឺថា ចម្រៀងខ្មែរមាននៅក្នុងលោកដរាបណា ជាតិខ្មែរក៏មាននៅក្នុងដរាបនោះ បើចម្រៀងខ្មែររលាយសូន្យបាត់ទៅវេលាណា ខ្មែរក៏បាត់ទៅវេលានោះជាប្រាកដ ។ ហេតុនេះខ្មែរ យើងគួរស្ងួនគ្រងរក្សាកត់ត្រានូវចម្រៀងខ្មែរដែលមានបែបបទ នឹងទំនុកផ្សេងៗ ឲ្យគង់នៅតទៅកុំឲ្យបាត់បង់ ។
តាមពិត ចម្រៀងប្រជាមានិតខ្មែរ មានតាំងពីមានខ្មែរនៅក្នុងលោកនេះមក, ប៉ុន្តែការផ្លាស់សម័យរបស់ប្រទេសខ្មែរ ដូចជាផ្លាស់ពីសម័យ-អង្គរមកជាសម័យភ្នំពេញជាដើម តែងធ្វើចម្រៀងខ្មែរ ឲ្យផ្លាស់ប្ដូរពាក្យពេចន៍ក្នុងទំនុកចាស់ខ្លះ ឲ្យកើតជាទំនុកថ្មីខ្លះ សម្រួលទៅតាមសម័យរបស់ខ្លួនជាធម្មតា ដើម្បីឲ្យប្រជាជនខ្មែរក្នុងសម័យខ្លួនស្ដាប់បានងាយ ។
វេលានេះ ខ្ញុំសូមស្រង់យកដោយសង្ខេបតាមដែលចាំបានខ្លះនូវទំនុកច្រៀងចាស់របស់ខ្មែរ ដែលមិនដឹងជាតែងក្នុងសម័យណា នឹងមិនដឹងជាឈ្មោះណាតែងឬផ្ដើមច្រៀងមុនគេនោះ មកត្រាទុកជាឧទាហរណ៍ក្នុងទីនេះតាមបទនឹងទំនុកច្រៀងមានប្រការផ្សេងៗ ដែលជាសំឡេង ឬសម្រែកចិត្តរបស់ប្រជាជនជាតិខ្មែរសុទ្ធៗ ដើម្បីរក្សានូវទំនុកច្រៀងប្រជាមានិតខ្មែរសម័យបុរាណឲ្យបានឋិតថេរគង់វង្សតទៅ នឹងដើម្បីជាបទពិចារណាជូនអស់លោកបងប្អូនរួមជាតិពិចារណា ដូចតទៅនេះ :
ទំនុកសមដែងសេចក្ដីខ្មាស
ទមនុកច្រៀងមួយបែប ជាសម្រែកចិត្តរបស់បុរសដែលចង់បានស្ត្រីណាម្នាក់ តែមានគេមកជែងកាត់មុខយកបានទៅ ក៏បណ្ដាលឲ្យច្រៀងសំដែងទឹកចិត្តអៀនខ្មាស មានដើមថា :
ស្រីអើយ ! បងប៉ង មានគេជែងបង
បងមិនចង់នៅស្រុក ស្លាប់ទៅជាខ្មោច
ដេកដីស្រណុក បងមិនចង់នៅស្រុក
ខ្មាសមុខប្អូនស្រី ។
ទំនុកសំដែងសេចក្ដីស្ដាយ
ទំនុកច្រៀងមួយបែបទៀត ជាសម្រែកចិត្តរបស់បុរសដែលខ្លួនបានចំណាំស្ត្រីណាម្នាក់ទុកតាំងពីក្មេងមក តែដល់ធំឡើងមានគេមកយកស្ត្រីនោះកាត់មុខបានទៅ ក៏បណ្ដាលឲ្យច្រៀងសំដែងទឹកចិត្តសោកស្ដាយមានដើមថា :
ស្ដាយអើយ សែនស្ដាយ ដូចចេកនួយក្លាយ
ស្រគាលទុំដើម ។ បងខំស្រោចទឹក តាំងពីតូចនៅ
ដល់ធំឡើងទៅ នរណាបេះបាត់ ។
ទំនុកសំដែងសេចក្ដីអាណិត នឹងសេចក្ដីរ៉ាប់រង
ទំនុកច្រៀងមួយបែប ជាសម្រែកចិត្តបុរសដែលស្រឡាញ់ស្ត្រីណាហើយ ឃើញស្ត្រីនោះធ្វើការនឿយហត់ មានចិត្តអាណិត ក៏បណ្ដាលឲ្យច្រៀងសំដែងសេចក្ដីអាណិត នឹងសេចក្ដីរ៉ាប់រងមានដើមថា :
ស្រីខ្មៅដើរឱន ! ដាក់មុខស្រពោន
ខ្មៅបងនឿយណាស់ បើជិតទៅរ៉ា
បងទៅជួយផ្លាស់ ខ្មៅបងនឿយណាស់
ដកផងស្ទូងផង ។
ទំនុកសំដែងបំណងល្អចំពោះកូន
ទំនុកច្រៀងមួយបែប ជាសម្រែកឆន្ទៈរបស់ម្ដាយឪពុកដែលប៉ងឲ្យកូនស្រីរបស់ខ្លួនបានសម្រេចប្រយោជន៍ល្អ ក៏បណ្ដាលឲ្យច្រៀងមានដើមថា :
សក្រវាទិ៍ផ្កាកំពីងពួយ កូនស្រីតែមួយ
ទុកឲ្យចិនឆៅ បង្គាប់ផ្ទះក្បឿង
គ្រឿងឈើស្រឡៅ ទុកឲ្យចិនឆៅ
ធ្វើដង្ខៅធំ ។
ទំនុកសំដែងបំណងចំពោះគូរសង្សារ
ទំនុកច្រៀងមួយបែប ជាសម្រែកឆន្ទៈរបស់បុរសអ្នកប៉ងចង់បានស្ត្រីឯណានីមួយដែលខ្លួនត្រូវចិត្ត ក៏បណ្ដាលឲ្យច្រៀង មានដើមថា :
អាំអើយ ស្រីអាំ ! ព្រះពុទ្ធលោកផ្ដាំ
ឲ្យអាំដោយបង បងដាំពោធិ៍មួយ
ពុំទាន់បានឆ្លង ឲ្យអាំដោយបង
ឆ្លងពោធិ៍ពីរនាក់ ។
ទំនុកសំដែងសំនួររបស់បុរស
ទំនុកច្រៀងមួយបែប ជាសម្រែកចិត្តសមដែងសំនួររបស់បុរសអ្នកចង់បានស្ត្រីណាម្នាក់ដែលខ្លួនស្រឡាញ់ ក៏បណ្ដាលឲ្យច្រៀងជាពាក្យដណ្ដឹងស្រ្តីនោះ មានដើមថា :
ស្រីសទ្រលុក មុខមាត់ប្រឹមប្រិយ
បើបងចូលស្ដី ស្រីព្រមឬទេ ?
តាមសង្កេតក្នុងទំនុកច្រៀងសម្រាប់បុរស នឹងសម្រាប់ស្ត្រីខ្មែរយើងសម័យបុរាណឃើញប្លែកគ្នា ខាងបុរសច្រើនប្រើទំនុកសមដែងសេចក្ដីលួងលោមស្ត្រី ដូចស្រង់ទំនុកខ្លះមកពោលហើយក្នុងខាងលើ ចំណែកខាងស្ត្រីវិញ ច្រើនតែប្រើទំនុកសំដែងសេចក្ដីបន្ដុះបង្អាប់បុរសជាដរាបមានឧទាហរណ៍ ដូចស្រង់មកពោលដោយសង្ខេបតទៅនេះ :
ទំនុកសំដែងសេចក្ដីបង្អាប់
ទំនុកច្រៀងមួយបែប ជាសម្រែកចិត្តស្ត្រីដែលដឹងថាបុរសណាត្រូវការនឹងខ្លួន តែខ្លួនមិនត្រូវការនឹងបុរសនោះ ក៏បណ្ដាលឲ្យច្រៀងសំដែងសេចក្ដីបន្ដុះបង្អាប់មានដើមថា :
ប្រុសអើយ ប្រុសប្រាណ ឃើញស្រីចង់បានមិនមើលមាឌ
គន់មើលទៅមុខដូចកញ្ចក់ធាតុ គន់មើលទៅ មាយាទ
ដូចឆ្កែក្រោមផ្ទះ ។
ទំនុកសំដែងសេចក្ដីរិះគន់
ទំនុកច្រៀងមួយបែប ជាសម្រែកចិត្តរបស់បុរសស្ត្រី ឬស្រ្តីដែលប្រកបដោយសេចក្ដីរិះគន់ មានដើមថា
ក) កញ្ចាញ់ចេកអើយ ! លោតទុំចុងក្ដាត
មេម៉ាយរាប់បាត្រ លោកគ្រូចង់សឹក ។
បាសកទៅឃាត់ លោកគ្រូថាទេ
ចង់បានកូនគេ នៅខាងជើងក្ដី ។
ខ) លោកគ្រូចង់សឹកប្រញាប់ណាស់
បួសយូរខ្លាចចាស់ ខានបានប្រពន្ធ ។
គ) ទ្រលុកៗអើយ កុំធ្វើបានលោក
កំលោះគរគោក ទុកលោកធ្វើបុណ្យ ។
ទំនុកសំដែងសេចក្ដីលោភជាការចម្អក
ទំនុកច្រៀងមួយបែប ជាសម្រេចចិត្តរបស់បុរសដែលពោលផ្ដោះផ្ដងនឹងស្ត្រីដោយសេចក្ដីលោភជាការចម្អក មានដើមថា :
ស្រីអើយបងនឹក ស៊ីបាយស្រូបទឹក ប្រាំគោមកន្លះ
ប្រាំពីរឆ្នាំងដី ប្រាំបីឆ្នាំងខ្ទះ ប្រាំគោមកន្លះ
ស៊ីសោះរមូល ។
ទំនុកសំដែងសេចក្ដីត្រេកត្រអាល
ទំនុកច្រៀងមួយបែប ជាសម្រែកចិត្តបុរស ដែលពោលផ្ដោះផ្ដងនឹងស្ត្រីដោយតម្រេក មានដើមថា :
ឱ ! ម្លប់ដូងអើយ ដែលបងអង្គុយ បងអត់ងងុយ
ចាំស្រីរវៃ រវៃរួចហើយ បំពេញសណ្ដង់
ទម្រាំថ្ងៃត្រង់ នាំអូនចូលគេង ។
ទំនុកសំដែងសេចក្ដីសរសើរ
ទំនុកច្រៀងមួយបែប ជាទំនុកសមដែងសេចក្ដីសរសើរនឹងប្រៀបធៀប ឲ្យអ្នកស្ដាប់កើតគំនិតគិតដល់ឋានៈទាបខ្ពស់របស់ខ្លួន ថាមិនមែនមានតែខ្លួនម្នាក់ឯងគ្រាន់បើជាងគេទេ មានគេឯងទៀតគ្រាន់បើដែរ មានដើមថា :
អញថាភ្នំស្រួច ស្រួចអីតែឯង
មានភ្នំកម្រែង វែងហើយស្រួចផង ។
ទំនុកសំដែងបំណងនឹងជំនឿ
ទំនុកច្រៀងមួយបែប ជាទំនុកសំដែងបំណងនឹងជំនឿក្នុងអំណោយទាន មានដើមថា :
ឱ ! សត្វមហោរី យំស៊ីផ្លែជ្រៃ ធ្វើបុណ្យទានអ្វី
ឲ្យជ្រៃផ្លែទៀត ជ្រៃផ្លែពីមុន ផ្លែចោលបង់សៀត
ឲ្យជ្រៃផ្លែទៀត ដាក់ទានសព្វសត្វ ។ល។
ទាំងបទទាំងទំនុកច្រៀងមហោរី គួរចាត់ទុកជាចម្រៀងថ្នាក់ខ្ពស់ មួយបែបរបស់ខ្មែរឥតមាននរណាកែប្រែបាន ដែលតាមភាសាបារាំងហៅថា ចម្រៀងក្លាស៊ិករបស់ខ្មែរ ។
*
* *
ទំនុកច្រៀងនៅពេលមង្គលការ
បណ្ដាចម្រៀងប្រជាមានិតខ្មែរទាំងអស់ ចម្រៀងដែលមានទំនុកច្រើនជាងគេ គឺច្រៀងក្នុងមង្គលការ បន្ទាប់មកចម្រៀងលៀងអារក្សនឹងឡើងអ្នកតា ចម្រៀងក្រៅពីនេះមានទំនុកបន្ទាប់បន្សំ ។
របៀបវារៈមង្គលការដែលមានច្រើនថ្នាក់ គឺថ្នាក់ចូលរោងកាត់សក់ ឡើងអ្នកតា លើកជូនជំនូន រៀងផ្លែឈើ ក្រុងពាលី សំពះរោង ចំរើនបរិត្ត រាំខ្ញែរបុកល័ក្ខ ធ្វើធ្មេញ ដោយផ្កាស្លា សំពះរានពេលា ហូតផ្កាស្លា សុំកូណចេញផ្ទឹម បើកបាយខុន ( ឲ្យពរចងដៃ ) តោងស្បៃចូលក្នុងបន្ទប់ សាកន្ទេល ( ក្រោយផ្ទឹមរួច ) រៀបស្ពកលើកស្ពក សំពះអាចារ្យមហា នឹងផ្សំដំណេក ( បញ្ចុកចេកនំ ) សុទ្ធតែត្រូវច្រៀងគ្រប់ថ្នាក់ទាំងអស់ ហើយមានទំនុកនឹងបទជាច្រើនសម្រាប់ច្រៀងក្នុងថ្នាក់ទាំអនោះ តាមលំដាប់ គឺបទសារោមេ ហ៊ុំរោង សំពោង ផាត់ជាយ អង្គររាជស្ដេចផ្ទំ លោមនាង ថ្នមនាង ព្រះថោង នាងនាគ នាគព័ន្ធ កន្លង់គ្រែឬជុំគ្រែ កន្លង់រ័ត្ន កាត់ត្រើយ សារ៉ាយអណ្ដែត កន្សែងក្រហម កន្សែងសូត្រ ដំរីស ក្លោងឬក្លោងបណ្ដែត រៀងផ្លែឈើ បំពេរ អ៊ុំទូក កាត់សក់ បុកល័ក្ខ ដោយផ្កាស្លាឬជាវផ្កាស្លា សំពះពេលា បើកបាយខុន សាកន្ទេល ត្រាំងដោះក្រាល ស្ដេចដើរ លលេរ ម្លប់ដូង អន្លង់រាំង ចន្លោ សំពៅថយ នឹងកងសោយ ។
ចម្រៀងក្នុងមង្គលការដែលមានច្រើនទំនុកប្រើបទដូចពោលមកនេះ តាមសង្កេតសព្វគ្រប់ទៅឃើញទំនុកខ្លះ ជាទំនុកសំដែងសេចក្ដីសប្បាយ ខ្លះសំដែងសេចក្ដីគោរព ខ្លះសំដែងសេចក្ដីទូន្មាន។ល។ ហើយខ្លះមានប្រយោជន៍ ខ្លះមានប្រយោជន៍តិច ដែលមិនអាចស្រង់យកមកពោលឲ្យសព្វគ្រប់ក្នុងទីនេះបានព្រោះពេលខ្លី ប៉ុន្តែទោះបីមានច្រើនបែបដូច្នេះ ក៏រួមចុះក្នុងសេចក្ដីសំដែងសម្រែកចិត្តរបស់ជនជាមេបាគ្រួសារដែលប្រាថ្នាឲ្យសាម៉ីខ្លួនកូនចៅអ្នកការថ្មី បានសេចក្ដីសុខចម្រើនទាំងអស់ ។
សូមស្រង់ទំនុកខ្លះក្នុងបណ្ដាទំនុកច្រៀងមង្គលការ មកពោលក្នុងទីនេះដោយសង្ខេប ដូតទៅនេះ :
ទំនុកហ៊ុំរោង ឬ បើករោង
យើងខ្ញុំសុំនមស្ការ លើកហត្ថាលើសិរសី
បង្គំកែវទាំងបី សូមសេរីជ័យជំនះ ។
ហើយលេងភ្លេងហ៊ុំរោង តាមទំនងទំនៀមចាស់
ភ្លេងឆ្នើមជាដើមអាសន៍ បើកប្រកាសដាស់ទេវតា ។
ថ្ងៃនេះថ្ងៃជោគជ័យ ញាតិប្រុសស្រីភ្ជុំមេបា
នឹងរៀបមង្គលការ លៀងអាហារពិសាតុ ។
ហេតុនេះសូមទេវតា នៅអ្នកតាបាចាស់ស្រុក
ការពារឲ្យបានសុខ ចាកក្ដីទុក្ខភ័យទាំងឡាយ ។
អញជើញព្រាយកុមារ ព្រៃបព្វតាទីជិតឆ្ងាយ
ចូលមកយកស្រាបាយ ហើយប្រែកាយឲ្យពរជ័យ ។
ដល់លោកអ្នកទាំងឡាយ សុខសប្បាយទាំងប្រុសស្រី
ព្រមទាំងតួសាមី ទើបការថ្មីកុំបីហ្មង ។
ហ៊ុំរោងប្រាំពីរបទ ចប់កំណត់ត្រឹមនេះហោង
សូមឲ្យអស់ញាតិផង ជួយគឹកកងហ៊ោយកជ័យ ។
ជ័យហោងហៅជយោ យើងស្រែកហ៊ោគំរប់បី
កក្រើកបើករោងថ្មី ជោគសួស្ដីដោយជាក់ច្បាស់ ។
ទំនុកបើកបាយខុន
ទំនុកច្រៀងមួយបែប ជាទំនុកសំដែងសេចក្ដីគោរពចំពោះត្រកូលរៀមច្បងសូមកូនស្រីមកផ្ទឹម សម្រាប់ច្រៀងក្នុងមង្គលការនៅពេលមុនផ្ទឹម គឺបេលដែលកូនប្រុសមកអង្គុយលើអាសនៈកណ្ដាលហ្វូងមេបាប្រុសចាំកូនស្រីមកផ្ទឹម មានដើមថា :
បាយខុនចងដៃ អំបោះមួយសរសៃ ថ្លៃស្មើនឹងមាស
ទឹកផ្តិលសម្រឹទ្ធិ៍ ប្រសិទ្ធិ៍ឱភាស លើកមឡើងគ្រវាស
ត្រដួចគួចហត្ថ ។
ថ្ងៃនេះជាថ្ងៃជា ថ្ងៃបានពេលា យកពារយាមសត្វ
ពេលស័ព្ទអក្សរ អរុណសុវត្ថិ៍ ពារពពកផាត់
ពន្លឺពេញវង់ ។
ឮសូរគងហើយ អ្នកក្រាបលើខ្នើយ ប្រុងលុតជួញជង់
ដៃចាប់ស្លាពរ លើកទ្រទម្រង់ ហត្ថាវាតវង់
ហូតដាក់បីដង ។
ច្បងជូនឪពូក ហើយទើបក្រាបទុក ជូនទៅម្ដាយផង
ទោជូនមាស្រី ទីបីជូនបង រៀបតាមរៀមច្បង
ទំណៀមបុរាណ ។
ស្លាពរទាំងបី ជូនមេបាស្រី ជាស្រេចគ្រប់ប្រាណ
កូនប្រុសគោរព គ្រប់ញាតិសន្ដាន ចាំស្រីកល្យាណ
ចេញប្រាណមកផ្ទឹម ។
អនអើយ ! ស្រីអន ! សុំបើកវាំងនន ឲ្យអនមកទឹម
ដឹកដៃកូនស្រី ប្រឹមប្រិយញញឹម ក្រាបម៉បអបផ្ទឹម
នែបនឹមលោកប្រុស ។
ទំនុកបើកវាំងនន
អនអើយ ! ស្រីអន សុំបើកវាំងនន សុំអនមកផ្ទឹម
ដ្បិតពេលថ្មីនេះ ទាន់នៅព្រលឹម សុំអនមកផ្ទឹម
គូព្រេងដល់ហើយ ។
ទំនុកបំពេរ
ទំនុកច្រៀងមួយបែប ជាទំនុកសំដែងដំបូន្មាន ដែលម្ដាយទូន្មានកូនស្រី សម្រាប់ច្រៀងក្នុងមង្គលការនៅពេលចងដៃ ហៅថា " ទុកបំពេរ " មានដើមថា :
កូនអើយ ! ចាំផ្ទៀង ម្ដាយច្រៀងបំពេរ
ពាក្យឯកប្លែកគេ ជាមេច្បាប់ចាស់
ចូរចាំជាក្រឹត្យ ព្រោះត្បិតក្រណាស់
ធម្មតាមេផ្ទះ ប្រះគេងឆ្វេងគិត ។
កើតមកជាមនុស្ស ទ្រើសនៅគំនិត
ត្រូវរៀនរិះគិត មើលព្រឹត្តស្វាមី ។
កុំដើរបង់សៀត ឃ្លាតផ្ទះរាត្រី
បើមានការអ្វី ប្រាប់ប្ដីឲ្យដឹង ។
ចូលគេងកូនឯង កុំថ្លែងរឿងខឹង
កុំត្អក់រឹងត្អឹង ក្រញឹងក្រញូវ
យប់យន់យូរហើយ នាងអើយគេងទៅ
ព្រោះពេលយប់ជ្រៅ ប្ដីពៅបំពេរ ។
នាងនឿយពីថ្ងៃ គ្មានដៃទំនេរ
បម្រើរត់រេ ដោយគេការយើង ។
នាងគេងកាលណា កុំផ្ងារដៃឡើង
មួយទៀតកុំទៀង គេទឹមក្បាលប្ដី
បើជួនជាពាល់ កាន់ដល់កេសី
ត្រូវមានសំដី សុំទោសតាមការ ។
*
* *
ចម្រៀងប្រជាមានិតខ្មែរយើង មានច្រើនទំនុកច្រើនបទជាអនេកលើសគណនា ពុំអាចពណ៌នាឲ្យចប់សព្វគ្រប់ក្នុងទីនេះបានទេ ប៉ុន្តែទោះជាច្រើនដូច្នោះ ក៏សង្កេតសព្វគ្រប់ទៅឃើញថា ចម្រៀងប្រជាមានិតខ្មែរទាំងប៉ុន្មាន ទោះជាយ៉ាងណា ក៏សុទ្ធតែទុកជាសម្រែកចិត្តរបស់ប្រជាជនខេមរជាតិទាំងអស់ ហើយជារបស់មានប្រយោជន៍ដោយយ៉ាងទៅតាមទំនុកតាមបទ ប្លែកតែខ្លះតិច ខ្លះច្រើន ដែលស្រង់ទំនុកខ្លះមកពោលខាងដើមនេះ សង្ខេបណាស់គ្រាន់តែជាឧទាហរណ៍ នឹងជាបទពិចារណាជូនបងប្អូនរួមជាតិពិចារណាប៉ុណ្ណោះ សូមបញ្ជាក់ត្រឹមប៉ុណ្ណេះ ។
និគមវចនៈ
ចម្រៀងខ្មែរបាត់ ជាតិខ្មែរបង់ មិនឋិតនៅគង់យូរប៉ុន្មាន
ចម្រៀងខ្មែររស់ ខ្មែររស់បាន ជនខ្មែរគួរមានភក្ដីភាព ។
រក្សាចម្រៀងខ្មែរឲ្យនៅ ចម្រើនតទៅជារៀងកាល
ឲ្យរិតតែខ្ពស់កុំឲ្យទាប កុំសាបរលាបដល់អវសាន ។
សកម្មភាពនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បរិយាយពីចម្រៀងនឹងប្រយោជន៍ចម្រៀង
Reviewed by ញឹប សុខឡា (Nhoeb Sokla)
on
9:31 PM
Rating: