Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ទំនៀម​កាន់​ទុក្ខ​សព នៃ​សាមញ្ញ ជនជាតិ​ខ្មែរ

តាម​ឯកសារ​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ
ទំនៀម​កាន់​ទុក្ខ​សព នៃ​សាមញ្ញ ជនជាតិ​ខ្មែរ
លោក ប៊ូ - ប៉ូ រៀបរៀង
អត្ថបទ​ក្បាល​ទី​២ ឆ្នាំ​ទី​៣១ លេខ​៧ ព.ស ២៥០២ គ.ស ១៩៥៩  ទំព័រ ៨១៩-៨២២
សំនួរ – គួរ​ឲ្យ​នឹក​ឆ្ងល់​ថា នៅ​វេលា​មាន​បុណ្យ​សព​នៃ​សាមញ្ញជន​នីមួយ​ៗ គេ​តែង​ឃើញ​ក្រុម​គ្រួសារ​របស់​សព អ្នក​ខ្លះ​កោរ​សក់, អ្នក​ខ្លះ​មិន​កោរ​សក់, អ្នក​ខ្លះ​ស្លៀកពាក់​សំពត់​អាវ​ស, អ្នក​ខ្លះ​ស្លៀកពាក់​សំពត់​អាវ​ខ្មៅ ឬ ក៏​គ្រាន់​ែត​យក​កំណាត់​សំពត់​ខ្មៅ​មួយ​បន្ទះ​តូច​ខ្ទាស់​ភ្ជាប់​នឹង​អាវ​ក៏​មាន, ការ​ដែល​គេ​ធ្វើ​យ៉ាង​នេះ តើ​ជា​ខុស​ឬ​ត្រូវ, ហើយ​គេ​ប្រកាន់​យក​អ្វី​ជា​គោល​អាង ?
ចម្លើយ – សូម​ដោះស្រាយ​ប្រស្នា​នេះ​ថា បណ្ដា​ជនជាតិ​ខ្មែរ នៅ​ស្រុក​ស្រែ​ចម្ការ ច្រើន​តែ​កោរ​សក់ ហើយ​ស្លៀកពាក់​សំពត់​អាវ​ស កាន់​ទុក្ខ​សព តាម​ទម្លាប់​ដែល​ចាស់​ទុំ​ធ្លាប់​ធ្វើ​ត​ៗ​គ្នា តាំង​ពី​ព្រេងនាយ ជាប់​ជា​ទំនៀម​រៀង​រហូត​មក​ដល់​សម័យ​នេះ ។
       តាម​យោបល់​នៃ​លោក​អ្នក​ប្រាជ្ញ​ជាតិ​ខ្មែរ​ខ្លះ​យល់​ថា ការ​ដែល​បណ្ដា​ជនជាតិ​ខ្មែរ​កោរ​សក់ ហើយ​ស្លៀកពាក់​សំពត់​អាវ​ស កាន់​ទុក្ខ​សព​នោះ ដោយ​ប្រកាន់​តាម​ក្បួន​ច្បាប់​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​គោល ដូចជា​ការ​កោរ​សក់​ជា​ប្រស្នា​សម្រាប់​ពិចារណា​ឲ្យ​ឃើញ​ថា សក់​ដែល​កោរ​អស់​រលីង​ហើយ តែង​តែ​ដុះ​ឡើង​វិញ​ជា​មិន​ខាន ប្រៀបធៀប​នឹង​មនុស្ស​ស្លាប់​ទៅ​ហើយ ទៀង​តែ​កើត​ឡើង​ទៀត ហើយ​សោយ​សុខ​ទុក្ខ​ទៅ​តាម​ផល​បុណ្យ​បាប​របស់​ខ្លួន ។
      ចំណែក​សំពត់​អាវ​មាន​ពណ៌​ផ្សេង​ៗ​ជា​ច្រើន ប៉ុន្តែ ពណ៌​ស ជា​ពណ៌​អាច​ផ្លាស់​ប្ដូរ​ប្រែប្រួល​ទៅ​ជា​ពណ៌​អ្វី​ៗ ដទៃ​ទៀត​បាន គឺ​ថា​បើ​ប៉ះពាល់​ប្រឡាក់​នឹង​វត្ថុ​មិន​ស្អាត​ណា​មួយ មាន​ធ្យូង​ជាដើម តែង​ក្លាយ​ទៅ​ជា​សំពត់​ក្រខ្វក់​អាក្រក់​ដោយ​ធ្យូង​ប្រឡាក់ មិន​នៅ​ជា​ពណ៌​ស​ស្អាត​តាម​ភាព​ដើម​ទេ។
           ពណ៌​ស​នេះ ទុក​ជា​ប្រស្នា​មួយ សម្រាប់​ឲ្យ​គិត​ពិចារណា​ប្រៀបធៀប​ទៅ​នឹង​រូប​មនុស្ស ដែល​តែង​ផ្លាស់​ប្ដូរ​ប្រែប្រួល​ពី​ក្មេង​ទៅ​ជា​ចាស់, ពី​ជា​ទៅ​ជា​ឈឺ, ពី​រស់​ទៅ​ជា​ស្លាប់ ។
ពួក​អ្នក​ពុទ្ធ​សាសន៍​យល់​ឃើញ​ថា សំពត់​ពណ៌​ស​មាន​ប្រយោជន៍​ដ៏​សំខាន់​យ៉ាង​នេះ​ហើយ បាន​ជា​គេ​និយម​ស្លៀកពាក់​សំពត់​អាវ​ស​កាន់​ទុក្ខ​សព ។
ម្យ៉ាង​វិញ​ទៀត ការ​ប្រើ​សំពត់​ស ជា​ការ​ចាំបាច់​ក្នុង​ផ្លូវ​ពិចារណា​ធម៌ សឹង​មាន​អតីត​និទាន​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា :
             << កាល​ព្រះ​បរម​សាស្ដា​នៃ​យើង​គង់​ព្រះ​ជន្ម​នៅ​ឡើយ, មាន​ព្រះ​ថេរៈ​មួយ​រូប​ព្រះ​នាម​ចូឡបន្ថកៈ ចូល​ទៅ​គាល់​ព្រះ​សាស្ដា​ក្រាប​ថ្វាយ​បង្គំ​លា សឹក, ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រោស​ប្រទាន​កំណាត់​សំពត់​ស​មួយ​ផ្ទាំង​តូច ឲ្យ​យក​ទៅ​អង្គុយ​ឈ្លី​កណ្ដាល​វាល​ហាល​ថ្ងៃ ហើយ​ឲ្យ​សំឡឹង​មើល​សំពត់​ស​ដែល​ខ្លួន​ឈ្លី​នឹង​ឲ្យ​ទន្ទេញ​ថា << សំពត់​នេះ​មិន​ស្អាត​ទេ, សំពត់​នេះ​មិន​ស្អាត​ទេ >>
          ព្រះ​ថេរៈ ទទួល​ព្រះពុទ្ធ​ដីកា​យក​សំពត់​ស​ពី​ព្រះ​ហស្ត​ចេញ​ទៅ​ខាង​ក្រៅ អង្គុយ​កណ្ដាល​វាល​ហាល​ថ្ងៃ ដៃ​ឈ្លី​សំពត់​ស ភ្នែក​សំឡឹង​សំពត់​ស មាត់​ទន្ទេញ​រអ៊ូ​ថា << សំពត់​ស​នេះ​មិន​ស្អាត​ទេ, សំពត់​ស​នេះ​មិន​ស្អាត​ទេ >> មិន​យូរ​ប៉ុន្មាន សំពត់​ដែល​លោក​ឈ្លី​នោះ ប្រឡាក់​ញើស​ក្អែល​ដៃ ទៅ​ជា​របស់​ខ្មៅ​ក្រខ្វក់ លែង​ស​ស្អាត​ដូច​ពី​ដើម ។ ព្រះ​ថេរៈ​ឃើញ​ដូច្នោះ​ក៏​កើត​ព្រះទ័យ​សង្វេគ​តក់​ស្លុត​ពិចារណា​ឃើញ​ផ្លូវ​ធម៌​ថា << វត្ថុ​ទាំងអស់​ជា​របស់​មិន​ទៀងទាត់​ទេ, ជា​របស់​នាំ​ឲ្យ​កើត​ទោស, មិន​មែន​ជា​របស់​ខ្លួន​សោះ​ឡើយ >> នៅ​ទី​បំផុត​នៃ​ការ​ពិចារណា​ធម៌ ព្រះ​ថេរៈ​បាន​សម្រេច​ព្រះ​អរហត្តផល​នៅ​ពេល​នោះ​ឯង ។
         អាស្រ័យ​រឿង​ព្រះ​ចូឡបន្ថក​ថេរ​នេះ​ជា​គោល​អាង បាន​ជា​បណ្ដាជន​ជាតិ​ខ្មែរ អ្នក​កាន់​ធម៌​រក្សា​សីល​ក្ដី អ្នក​កាន់​ទុក្ខ​សព​ក្ដី ច្រើន​តែ​ស្លៀកពាក់​សំពត់​អាវ​ស នឹង​ច្រើន​តែ​កោរ​សក់​ផង ។
         សូម្បី​ក្នុង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា ក៏​ឃើញ​មាន​សេចក្ដី​ប្រកាស​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​គ្រប់​គ្នា​កោរ​សក់, ស្លៀកពាក់​សំពត់​អាវ​ស កាន់​ទុក្ខ​ព្រះ​បរម​សព​នៃ​ព្រះ​មហាក្សត្រ​របស់​ខ្លួន​ដែរ ។
         ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ, ឃើញ​មាន​បណ្ដា​ជនជាតិ​ខ្មែរ​ខ្លះ ស្លៀកពាក់​សំពត់​អាវ​ខ្មៅ ឬ​ក៏​គ្រាន់​តែ​ខ្ទាស់​បន្ទះ​សំពត់​ខ្មៅ​បន្តិច​ភ្ជាប់​នៅ​អាវ​ស ជា​គ្រឿង​សំគាល់​ថា ខ្លួន​កាន់​ទុក្ខ​សព ។ ការ​ដែល​ធ្វើ​យ៉ាង​នេះ មិន​មែន​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ជាតិ​ខ្មែរ​ពី​បុរាណកាល​មក​ទេ គឺ​គេ​ធ្វើ​តាម​ពួក​អឺរ៉ុប​ដែល​ចូល​មក​នៅ​ក្នុង​ប្រទេស​ខ្មែរ ។
         នៅ​ទី​បំផុត​នេះ សូម​ដោះស្រាយ​បញ្ចប់​ប្រស្នា​ខាង​ដើម​នេះ​ថា អ្នក​កាន់​ទុក្ខ​សព ទោះ​កោរ​សក់​ក្ដី មិន​កោរ​សក់​ក្ដី ស្លៀកពាក់​ស​ក្ដី ខ្មៅ​ក្ដី ឬ​ពណ៌​អ្វី​ឯ​ទៀត​ក្ដី នឹង​អារ​កាត់​ថា អ្នកណា​ធ្វើ​ខុស អ្នកណា​ធ្វើ​ត្រូវ ក៏​មិន​បាន ព្រោះ​ព្រះពុទ្ធ​អង្គ​មិន​បាន​បញ្ញត្ត​ពី​រឿង​កាន់​ទុក្ខ​សព​នេះ​ទេ ស្រេច​តែ​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ជាតិ​គេ វៀរលែង​តែ​មាន​ព្រះ​រាជ​ប្រកាស​ជា​ការ​ចាំបាច់ ខាន​មិន​បាន ។
បរិយាយ​អំពី​របៀប​កាន់​ទុក្ខ​សព​នៃ​ប្រជារាស្រ្ត​ខ្មែរ ចប់​តែ​ប៉ុណ្ណេះ ។


ទំនៀម​កាន់​ទុក្ខ​សព នៃ​សាមញ្ញ ជនជាតិ​ខ្មែរ Reviewed by ញឹប សុខឡា on 11:44 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.