ចំណេះដឹងទូទៅ
ការអនុម័តគោលនយោបាយអប់រំ ១.សេចក្តីផ្តើម គោលនយោបាយ ត្រូវបានបង្កើតឡើងជាលាយលក្ខអក្សរ ព្រមទាំងបានអនុម័តដើម្បីឲ្យ ក្លាយជាច្បាប់តាមផ្លូវការ ដែលចុះហត្ថលេខាដោយប្រមុខដឹកនាំអប់រំ ឬប្រមុខរដ្ឋាភិបាលឬក៏ ប្រមុខរដ្ឋ។ នៅក្នុងប្រទេសជាច្រើន ឯកសារច្បាប់ និងគោលនយោបាយ ត្រូវអនុម័តដោយសម្លេងភាគច្រើននៅក្នុងសភា និងចុះហត្ថលេខាដោយប្រមុខរដ្ឋ។ មានប្រទេសមួយចំនួន ឯកសារគោលនយោបាយ ត្រូវបានបង្កើតឡើងដោយគណៈកម្មការជំនាញ និងដោយសមាជិកសភា ព្រឹទ្ធសភា និងដោយស្ថាប័នរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះក៏មានប្រទេសខ្លះទៀត ឯកសារគោលនយោបាយ ត្រូវបានតាក់តែងឡើងដោយប្រព័ន្ធតុលាការ។ រីឯប្រទេសកម្ពុជាយើងវិញ
ឯកសារគោលនយោបាយអប់រំភាគច្រើនត្រូវបានចុះហត្ថលេខាតាមផ្លូវច្បាប់ ដោយរដ្ឋមន្ត្រី ឫប្រមុខរដ្ឋាភិបាល ហើយឯកសារច្បាប់អប់រំ ត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ។ ការបង្កើតនិងអនុម័តច្បាប់ និងគោលនយោបាយអប់រំ គឺអាស្រ័យលើប្រព័ន្ធច្បាប់ ប្រព័ន្ធគ្រប់គ្រងរដ្ឋ ប្រព័ន្ធអំណាច និងទិដ្ឋភាពវប្បធម៌របស់ជាតិ។ ដូច្នោះហើយ អ្នកដឹកនាំអប់ និងអ្នកធ្វើគោលនយោបាយអប់រំ ត្រូវឈ្វេងយល់អំពីឋានានុក្រមនៃបទដ្ឋានគតិយុត្ត និងដំណើរការនៃការតាក់តែងច្បាប់និងការអនុម័តច្បាប់របស់ប្រទេសជាតិរបស់ខ្លួន ដើម្បីទទួលបាននូវភាពជឿជាក់ ព្រមទាំងទទួលបានភាពជោគជ័យលើវិស័យអប់រំ។ ២. ឋានានុក្រម និងបទដ្ឋានគតិយុត្ត មេដឹកនាំអប់រំ និងអ្នកបង្កើតគោលនយោបាយ ត្រូវមានមូដ្ឋានចំណេះដឹងអំពីបទដ្ឋានគតិយុត្តនៃប្រទេសរបស់ខ្លួន និងត្រូវយល់ដឹងអំពីប្រព័ន្ធនៃឋានានុក្រមច្បាប់។ ការដែលយល់ដឹងអំពីលិខិតបទដ្ឋាននានា ងាយស្រួលក្នុងការរៀបចំតាក់តែងគោលនយោបាយ វិធានការដ្ឋបាល ឬលិខិតបទដ្ឋានបែបរដ្ឋបាលផ្សេងៗ សម្រាប់ជាការជួយពន្លឿនដល់ការអភិវឌ្ឍគោលនយោបាយ។ ជាទូទៅធម្មនិយាមគតិយុត្តថ្នាក់ទាប ត្រូវគោរពស្របតាមធម្មនិយាមគតិយុត្តថ្នាក់ខ្ពស់។ បំណែងចែកឋានានុក្រមនៃលិខិតបទដ្ឋាន ចាប់ពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោមមានៈ រដ្ឋធម្មនុញ្ញ លិខិតូបករណ៍អន្តរជាតិ ច្បាប់ និងបទបញ្ជា ដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ សារាចរ ប្រកាស សេចក្តីសម្រេច ដីកា និងលិខិតរដ្ឋបាលមួយចំនួន។ លិខិតបទដ្ឋានមានប្រភេទសំខាន់ៗចំនួន៣គឺៈ លិខិតគតិយុត្ត លិខិតរដ្ឋបាល និងលិខិតឯកជន។ លិខិតគតិយុត្តៈ ជាលិខិតដែលកំណត់ជាក្បួនច្បាប់ មានអនុភាពគតិយុត្តចាប់បង្ខំឲ្យអនុវត្តក្នុងការគ្រប់គ្រងសង្គម គ្រប់គ្រង់រដ្ឋលើគ្រប់វិស័យ ហើយលិខិតគតិយុត្តនេះរៀបចំឡើងដោយផ្អែកទៅលើរដ្ឋធម្មនុញ្ញជាគោល ដោយមានតាមលំដាប់ថ្នាក់ពីខ្ពស់ទៅទាបដូចជា ច្បាប់ ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច បទបញ្ជា សារាចរ ដីកា លិខិតឯកត្តភូត។ លិខិតរដ្ឋបាលៈ ជាលិខិតស្នាមដែលជាមធ្យោបាយសម្រាប់ការទំនាក់ទំនងគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយ រាស្ត្រនិងរដ្ឋ រដ្ឋមួយនិងរដ្ឋមួយទៀត។ លិខិតរដ្ឋបាលមានៈ លិខិតប្រើផ្លូវការធម្មតា ដីកាបញ្ជូន ដីកាត្រូវឆ្លើយតប លិខិតអញ្ជើញ របាយការណ៍ កិច្ចសន្យា លិខិតបញ្ជាបេសកកម្ម កំណត់ហេតុ លិខិតបង្គាប់ការ សេចក្តីជូនដំណឹង ជាដើម។ លិខិតឯកជនៈ ជាលិខិតស្នាម ដែលគេប្រើប្រាស់សម្រាប់កិច្ចការផ្ទាល់ខ្លួន គេសរសេរទៅកាន់បុគ្គល ឬស្ថាប័នដែលមានទំនាក់ទំនងជាមួយខ្លួន។ លិខិតឯកជនមានៈ ពាក្យសុំបរើការងារ ពាក្យសុំច្បាប់ឈប់សម្រាក ពាក្យបណ្តឹងទូទៅ លិខិតសួរសុខទុក្ខ លិខិតជូនពរ លិខិតចូលរួមមរណៈទុក្ខ លិខិតសរសើរ លិខិតអបអរសាទរ លិខិតឆ្លើយតមវិញ លិខិតជូនពរបុណ្យខួបកំណើត ជាដើម។ ៣. ដំណើការនៃការបង្កើត និងអនុម័តច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយអប់រំ ការបង្កើត ការអនុម័តគោលនយោបាយ ជាញឹកញាប់ត្រូវបានបង្កើតឡើងដោយស្ថាប័ននីតិប្រតិបត្តិជាង ស្ថាប័នផ្សេង។ ការបង្កើត និងការអនុម័តគោលនយោបាយនៅកម្ពុជាមានការខុសប្លែកពីការបង្កើតច្បាប់ ហើយមានអំណាចពីរដើរតួសំខាន់ក្នុងការបង្កើត និងអនុម័ត គឺ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅប្រទេសកម្ពុជា យោងតាមមាត្រា ៩១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នសំខាន់ចំនួន៣ គឺ រដ្ឋសភា រាជរដ្ឋាភិបាល និងព្រឹទ្ធសភា មានសិទ្ធិផ្តួចផ្តើមធ្វើច្បាប់ រីឯឯកសារគោលនយោបាយអប់រំ ត្រូវបានអភិវឌ្ឍឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ ស្ថាប័ននីតប្រតិបត្តិមានសិទ្ធិក្នុងការអភិវឌ្ឍសេចក្តីព្រាងច្បាប់ ហើយស្ថាប័ននីតិប្រតិបត្តិមានសិទ្ធិអភិវឌ្ឍសេចក្តីស្នើច្បាប់។ ចំណែកឯក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឲ្យរដ្ឋាភិបាល មានសិទ្ធិក្នុងការធ្វើសេចក្តីព្រាងច្បាប់។ ឧទាហរណ៍ សេចក្តីព្រាងច្បាប់ស្តីពីការអប់រំ ដែលក្រោយមកក្លាយជាច្បាប់ស្តីពីការអប់រំនៅឆ្នាំ២០០៧ ត្រូវបានផ្តួចផ្តើម និងអភិវឌ្ឍឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា អាចអភិវឌ្ឍនូវលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ញត្តិជាច្រើនទៀត ដូចជាអភិវឌ្ឍអនុក្រឹត្យ សម្រាប់វិស័យអប់រំជូននាយករដ្ឋមន្ត្រី ប្រកាស សារាចរ ឬសារាចរណែនាំ សេចក្តីសម្រេច និងប្រភេទលិខិតដែលជាសេចក្តីណែនាំ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល តាមរយៈក្រសួងអប់រំធ្វើការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្តអប់រំ សម្រាប់អភិវឌ្ឍវិស័យអប់រំជាតិទាំងមូល។ ព្រះរាជាណាចក្រកម្ពុជាអនុវត្តតាមប្រព័ន្ធច្បាប់ស៊ីវិល (Cilil Law) ដែលបារាំងបន្សល់ទុកអោយ។ ដូច្នេះការតាក់តែងច្បាប់ ដោយនីតិបញ្ញត្តិ តាមរយៈសេចក្តីស្នើច្បាប់ដោយសមាជិករដ្ឋសភា និងព្រឹទ្ធសភា និងនីតិប្រតិបត្តិ តាមរយៈសេចក្តីព្រាងច្បាប់ គឺតាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងដែលពាក់ព័ន្ធនឹងការអភិវឌ្ឍប្រភេទច្បាប់នោះ។ នៅកម្ពុជាគំនិតផ្តួចផ្តើមច្បាប់ជាច្រើនកើតចេញពីស្ថាប័ននីតិប្រតិបត្តិ គឺគណៈរដ្ឋមន្ត្រីជាងចេញពីនីតិបញ្ញត្តិ គឺសភានិងព្រឹទ្ធសភា រីឯអង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ជាចលនាជំរុញសម្រាប់ការបង្កើតច្បាប់។ ជាតួយ៉ាងការពិភាក្សាលើការពង្រាងច្បាប់អំពើពុករលួយ ត្រូវបានធ្លាក់ចូលទៅក្នុងការពិភាក្សារបស់អង្គការសង្គមស៊ីវិល។ គំនូសបំព្រួញស្តីអំពីដំណើរការនៃការតាក់តែងច្បាប់នៅកម្ពុជា ៣.១. ស្ថាប័ននីតិបញ្ញត្តិ តើច្បាប់ និងគំនិតផ្តួចផ្តើមច្បាប់មានប្រភពមកពីណា? ទិដ្ឋភាពដំបូងនៃការតាក់តែង និងអនុម័តច្បាប់ គឺគំនិតផ្តួចផ្តើមធ្វើច្បាប់ ដើម្បីធ្វើការអនុម័តលើច្បាប់ថ្មី ឬដើម្បីធ្វើវិសោធនកម្មលើច្បាប់ដែលមានជាធរមាន។ ប្រភពសំខាន់មួយក្នុងចំណោមប្រភពជាច្រើនក្នុងការអភិវឌ្ឍគំនិតផ្តួចផ្តើមច្បាប់ គឺស្ថាប័ននីតិបញ្ញត្តិ គឺរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងប្រភពសំខាន់មួយទៀតនៃសំណើរច្បាប់ គឺកើតចេញពីស្ថាប័ននីតិប្រតិបត្តិ គឺប្រមុខរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាល ដែលមានសិទ្ធិអភិវឌ្ឍសេចក្តីព្រាងច្បាប់ជាច្រើននៅក្នុងអាណត្តិនៃការគ្រប់គ្រងរដ្ឋរបស់ខ្លួន។ នៅក្នុងមាត្រា ៩១ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បញ្ជាក់ថា តំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់។ ដំណើរការតាក់តែងច្បាប់ ត្រូវស្ថិតនៅលើធាតុគន្លឹះសំខាន់៥យ៉ាង គឺការពិនិត្យលើអត្ថបទព្រាងច្បាប់ ភាពចាំបាច់នៃជំនាញការពិសេសៈ -ការត្រួតពិនិត្យទូទៅលើអត្ថបទព្រាងច្បាប់ដោយតួអង្គផ្សេងៗ - ស្ថាប័នជំនាញ -ការប្រកាសឲ្យប្រើ -ការផ្សព្វផ្សាយច្បាប់ -ការត្រួតពិនិត្យមើលច្បាប់ដោយប្រព័ន្ធតុលាការ។ ការអភិវឌ្ឍគំនិតបង្កើតច្បាប់ ទាមទារនូវការសិក្សា និងប្រមូលផ្តុំឯកសារ រឿងរាវសង្គមនានាឲ្យបានច្រើន និងចំនេះដឹងខាងច្បាប់។ បន្ទាប់ពីការផ្តួចផ្តើមលើច្បាប់ គឺត្រូវស្ថិតនៅក្នុងភាពចាំបាច់នៃជំនាញការពិសេស សម្រាប់ការពិនិត្យ និងការពិភាក្សាអត្ថបទព្រាងច្បាប់ ដែលទាមទារនូវជំនាញការលើមុខវិជ្ជាពិសេស ដែលច្បាប់ត្រូវបញ្ញត្តិ និងចំណេះដឹងផ្នែកច្បាប់។ ការពិភាក្សា និងដេញដោលត្រូវធ្លាក់ចូលទៅក្នុងគណៈកម្មការជំនាញ និងអង្គពិភាក្សារបស់ស្ថាប័ននីតិបញ្ញត្តិ ហើយច្បាប់ដែលបានពិភាក្សា និងត្រូវអនុម័តនោះនឹងត្រូវតែចុះហត្ថលេខា ដើម្បីប្រកាសផ្សព្វផ្សាយសម្រាប់ប្រើប្រាស់ទូទៅ។ នៅប្រទេសកម្ពុជា ស្ថាប័ននីតិបញ្ញត្តិ គឺរដ្ឋសភា និងព្រឹទ្ធសភា មានសិទ្ធធ្វើសេចក្តីស្នើច្បាប់ រីឯគណៈកម្មការនៃសភាជាតិ ដើរតួនាទីក្នុងទទួល និងពិនិត្យមើលសំណើរច្បាប់ ដែលមកពីរដ្ឋាភិបាល និងព្រឹទ្ធសភា។ សេចក្តីស្នើច្បាប់ ដែលសមាជិកសភា និងព្រឹទ្ធសភាស្នើឡើងជាលាយលក្ខអក្សរតាមទម្រង់ច្បាប់ ហើយនឹងត្រូវដាក់ជូនទៅគណៈកម្មការកម្មការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យ ប្រសិនបើចេញពីសមាជិកព្រឹទ្ធសភាត្រូវដាក់ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាពិនិត្យ និងបញ្ជូនទៅរដ្ឋសភាបន្ត។ បន្ទាប់មក អត្ថបទច្បាប់នេះនឹងត្រូវដាក់ជូនសភាប្រជុំពេញអង្គ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ កែប្រែអត្ថបទសេចក្តី និងបន្ទាប់ពីការពិនិត្យការពិភាក្សាដោយអង្គសភារួចមក រដ្ឋសភាត្រូវអនុម័តលើអត្ថបទព្រាងច្បាប់ឲ្យក្លាយទៅជាច្បាប់ថ្មីមួយ។ ជាទូទៅ រដ្ឋសភា ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ដែលបានស្នើ និងសេចក្តីស្នើច្បាប់របស់សមាជិកសភា និងព្រឹទ្ធសភាដែលបានស្នើឡើង។ រីឯព្រឹទ្ធសភា ពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវអត្ថបទច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយ។ បើក្នុងករណីមិនយល់ព្រមលើមាត្រាណាមួយនោះ ត្រូវផ្ញើរត្រឡប់ទៅរដ្ឋសភាដើម្បីពិនិត្យឡើងវិញ។ ប៉ុន្តែ ប្រសិនបើអង្គប្រជុំព្រឹទ្ធសភាឯកភាពយល់ព្រមទាំងស្រុង ត្រូវបញ្ជូនអត្ថបទច្បាប់នោះត្រឡប់មករដ្ឋាភិបាលវិញ ដើម្បីរៀបចំព្រះរាជក្រម ដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដើម្បីឲ្យអត្ថបទច្បាប់ក្លាយជាច្បាប់ផ្លូវការ និងចុងក្រោយត្រូវត្រួតពិនិត្យដោយក្រុមប្រឹក្សាធម្មនុញ្ញ មុននឹងច្បាប់ថ្មីនេះ ត្រូវបានផ្សព្វផ្សាយ និងប្រកាសឲ្យប្រើប្រាស់។ ៣.២ ស្ថាប័ននីតិប្រតិបត្តិ ដោយសារនីតិបញ្ញត្តិបានសរសេរច្បាប់មានលក្ខណៈទូលាយ ដូច្នេះស្ថាប័ននានារបស់រដ្ឋាភិបាល ត្រូវតែបំពេញឲ្យបានលំអិត តាមរយៈការអភិវឌ្ឍ និងបង្កើតបទដ្ឋាន បទបញ្ជា និយ័តកម្ម និងគោលការណ៍ណែនាំផ្សេងៗបន្ថែមទៀត។ អត្ថបទដែលជាវិធាននេះ នឹងពង្រឹងលើការអនុវត្តច្បាប់។ វិធានរដ្ឋបាលអាចមានមុខងារសំខាន់ផ្សេងគ្នាចំនួនបី ដំបូងវាទំនងជាសំខាន់ដោយសារតែវាបំពេញនូវភាពចន្លោះប្រហោងនៅក្នុងច្បាប់ ដែលអ្នកតាក់តែងច្បាប់មិនបានដឹងអស់ និងអាចបន្សល់ទុកឲ្យអ្នកជំនាញ ដែលកំពុងធ្វើការនៅក្នុងស្ថាប័នរដ្ឋាភិបាល។ មុខងារនៃវិធានពីរ គឺការកំណត់ន័យពាក្យគន្លឹះតាមច្បាប់ ឬតាមបច្ចេកស័ព្ទច្បាប់។ នៅចុងបញ្ចប់ ស្ថាប័នរដ្ឋាភិបាល មានមុខងារក្នុងការសរសេរវិធាន និងបទបញ្ញត្តិនានាដែលបញ្ជាក់អំពីនីតិវិធី ឬទម្រង់ការផ្ទៃក្នុងរបស់ខ្លួន ដោយរាប់នូវនីតិវិធីសម្រាប់ការសរសេរវិធាន។ នៅប្រទេសកម្ពុជា បទដ្ឋានគតិយុត្តិសម្រាប់រដ្ឋាភិបាលអភិវឌ្ឍឡើងនោះ អាចជាសេចក្តីព្រាងច្បាប់ ព្រះរាជក្រម និងបទបញ្ជាផ្សេងៗ ដូចជអនុក្រឹត្យ ប្រកាស សេចក្តីសម្រេច សារាចរ និងដីកាជាដើម។ នៅក្នុងរដ្ឋធម្មនុញ្ញនាយករដ្ឋមន្ត្រី មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ និងដឹកនាំគណៈរដ្ឋមន្ត្រី ដែលមានសមាជិករដ្ឋាភិបាល មានៈ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាសមាជិក។ ជាញឹកញាប់ អ្នកតាក់តែងសេចក្តីព្រាងច្បាប់ ត្រូវធ្វើការសិក្សាស្រាវជ្រាវលើឯកសារច្បាប់ លើកំណត់ហេតុអង្គប្រជុំគណៈរដ្ឋមន្ត្រី និងលិខិតគតិយុត្តផ្សេងៗ ដែលមានអត្ថន័យពាក់ពន័្ធនឹងច្បាប់ដែលត្រូវបង្កើត។ សមាជិក អ្នកតាក់តែងច្បាប់ ត្រូវប្រជុំគ្នាអោយបានញឹកញាប់ដើម្បីពិនិត្យ និងកែសម្រួលលើអត្ថន័យតាមមាត្រានីមួយៗដោយឯកភាពគ្នា។ បន្ទាប់មកបញ្ជូនសេចក្តីព្រាងច្បាប់ទៅថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងកែសម្រួល។ អ្នកតាក់តែងសេចក្តីព្រាងច្បាប់នេះ ត្រូវកែសម្រួលតាមស្មារតីអង្គប្រជុំរបស់ក្រសួង ឬអន្តរក្រសួង ក្នុងសមាសភាពរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អ្នកជំនាញការ អគ្គនាយក ប្រធាននាយកដ្ឋាននីតិកម្ម។ បន្ទាប់ពីក្រសួងបានពិនិត្យ និងកែសម្រួលត្រឹមត្រូវហើយ ត្រូវបញ្ជូនទៅរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី ដោយភ្ជាប់លិខិតអមដោយចុះហត្ថលេខា ដោយរដ្ឋមន្ត្រីសាមីក្រសួង ដែលតាក់តែងសេចក្តីព្រាងច្បាប់។ បន្ទាប់ពីរដ្ឋមន្ត្រីបានទទួលសេចក្តីព្រាងច្បាប់ចំនួនពីរច្បាប់រួចហើយ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបញ្ជូនលិខិតអម និងសេចក្តីព្រាងច្បាប់មួយទៅនាយករដ្ឋមន្ត្រី និងមួយច្បាប់ទៀតទៅអគ្គលេខាធិការនៃរដ្ឋាភិបាល។ បន្ទាប់មក អគ្គលេខាធិការនៃរដ្ឋាភិបាលដាក់សេចក្តីព្រាងច្បាប់នេះទៅក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យនិងកែសម្រួលដោយបានអនុញ្ញាតឲ្យតំណាងសាមីក្រសួងឲ្យចូលរួម ដើម្បីការពារនិងទទួលយោបល់ក្នុងការកែសម្រួលសេចក្តីសេចក្តីព្រាងច្បាប់។ បន្ទាប់ពីសេចក្តីព្រាងច្បាប់ដែលបានពិនិត្យ និងកែសម្រួលរួចហើយ ត្រូវឆ្លងសម័យប្រជុំអន្តរក្រសួង និងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចជាគោលការណ៍។ បន្ទាប់មកសេចក្តីព្រាងច្បាប់ដែលគណៈរដ្ឋមន្ត្រីបានពិនិត្យ និងកែសម្រួលរួច ត្រូវបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីពិនិត្យកែសម្រួល និងអនុម័ត ដោយត្រូវភ្ជាប់លិខិតអមមួយច្បាប់ភ្ជាប់ជាមួយសេចក្តីព្រាងច្បាប់នេះ។ នេះជាដំណើរការនិងការប្រព្រឹត្តទៅ នៅក្នុងការតាក់តែងច្បាប់សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះដែរ សេចក្តីព្រាងច្បាប់ដែលរដ្ឋាភិបាលបានពិនិត្យកែសម្រួលរួច ត្រូវបញ្ជូនទៅកាន់រដ្ឋសភាដើម្បីពិនិត្យកែសម្រួល និងអនុម័ត ដោយត្រូវឆ្លងកាត់គណៈកម្មការអចិន្ត្រៃយ៍របស់សភា ហើយបន្ទាប់ត្រូវបញ្ជូនអត្ថបទនៃសេចក្តីព្រាងច្បាប់ទៅកាន់គណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យ សិក្សា និងអាចធ្វើការកែសម្រួលឡើងវិញ។ ៣.៣ របៀបតាក់តែង និងអនុម័តបទដ្ឋានគតិយុត្តិ ដូចយើងបានដឹងហើយថា រដ្ឋាភិបាលក្រៅពីមានមុខងារក្នុងការធ្វើសេចក្តីព្រាងច្បាប់ នៅបានដើរតួនាទីក្នុងការបង្កើតព្រះរាជក្រម និងបទបញ្ជាជាច្រើនទៀត ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំជាដើម។ ដូច្នេះ មេដឹកនាំអប់រំ នាយកសាលា និងអ្នកបង្កើតគោលនយោបាយ ត្រូវយល់ដឹងអំពីការផ្តួចផ្តើមគំនិត នីតិវិធី និងរបៀបតាក់តែងលិខិតបទដ្ឋាន និងបទបញ្ជានីមួយៗ។ ៣.៣.១ ព្រះរាជក្រម ព្រះរាជក្រម ជាអត្ថបទ ដែលប្រកាសឲ្យប្រើប្រាស់ដែលទទួលបានការពិនិត្យ និងអនុម័តពីរដ្ឋសភា និងព្រឹទ្ធ សភា និងប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ ឬដោយប្រមុខរដ្ឋស្តីទី។ ព្រះរាជក្រម ជាលិខិតគតិយុត្ត ដែលចេញដោយព្រះមហាក្សត្រ ដើម្បីប្រកាសឲ្យប្រើប្រាស់ច្បាប់ផ្សេងៗដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួច។ ព្រះរាជក្រម ត្រូវបានរៀបចំដោយរដ្ឋាភិបាលដើម្បីទួលថ្វាយព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់។ វាជាលិខិតគតិយុត្ត ដើម្បីឲ្យច្បាប់ដែលបានអនុម័តដោយស្ថាប័ននីតិបញ្ញត្តិ ត្រូវបានប្រកាសឲ្យប្រើប្រាស់។ ជាធម្មតា ច្បាប់ទាំងឡាយដែលបានអនុម័តដោយរដ្ឋសភា ហើយប្រធានរដ្ឋសភាចុះហត្ថលេខារួចហើយ ច្បាប់នោះត្រូវបញ្ជូនមកគណៈរដ្ឋមន្ត្រីវិញ ដើម្បីរៀបចំធ្វើព្រះរាជក្រម ថ្វាយព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើច្បាប់ជាផ្លូវការទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៣.៣.២ ព្រះរាជក្រឹត្យ ព្រះរាជក្រឹត្យ ជាលិខិតបទដ្ឋានគតិយុត្ត ដែលចេញដោយនីតិប្រតិបត្តិ និងឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រ ឬចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី។ ព្រះរាជក្រឹត្យ ជាសេចក្តីអនុភាព ក្រោមរដ្ឋធម្មនុញ្ញ និងក្រោមច្បាប់ ដែលអនុម័តដោយរដ្ឋសភាជាតិ និងព្រឹទ្ធសភា។ ព្រះរាជក្រឹត្យ ត្រូវបានបង្កើតឡើងក្នុងបំណងដើម្បីបង្កើតស្ថាប័នក្រសួងគណៈកម្មាធិការជា អាជ្ញាធរជាតិ កំណត់ក្របខណ្ឌ័មន្ត្រីរាជការ នគរបាល យោធា បង្កើតខេត្តក្រុង និងតែងតាំង តម្លើងឋានន្តរសក្តិ ផ្តល់គ្រឿងឥស្សរិយយស ការផ្លាស់ប្តូរ និងការដកហូតមន្ត្រីជាន់ខ្ពស់។ ព្រះរាជក្រឹត្យ ក៏ត្រូវបានបង្កើតឡើង ដើម្បីការលើកលែងទោស និងតែងតាំងថ្នាក់ឧកញ៉ាផងដែរ ជាដើម។ ព្រះរាជក្រឹត្យ ត្រូវបានផ្តួចផ្តើមគំនិតចេញពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃក្រសួងពាក់ពន្ធ័ ដែលបានប្រគល់ភារកិច្ចទៅឲ្យអង្គភាពជំនាញ អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន ឬអគ្គលេខាធិការនៃរាជរដ្ឋាភិបាល និងទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់រៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យ។ បន្ទាប់មក ព្រះរាជក្រឹត្យត្រូវដាក់ជូនក្រសួង ឬស្ថាប័នជាប់ពាក់ពន្ធ័ជួយពិនិត្យ និងកែសម្រួល។ ក្រោយពីពិនិត្យ និងកែសម្រួលរួចហើយ រដ្ឋមន្ត្រីនៃក្រសួងជាប់ជាប់ពាក់ពន្ធ័ត្រូវធ្វើលិខិតអមមួយច្បាប់ ដោយចុះហត្ថលេខា ដើម្បីបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់មក រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីត្រូវពិនិត្យ និងបញ្ជូនទៅកាន់នាយករដ្ឋមន្ត្រី និងទៅអគ្គលេខាធិការរដ្ឋាភិបាល។ អគ្គលេខាធិការនៃរដ្ឋភិបាល ត្រូវរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ឆ្លងសមយ័ប្រជុំអន្តរក្រសួង និងអង្គប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យមើលលើខ្លឹមសារ និងភាពស្របច្បាប់នៃព្រះរាជក្រឹត្យ។ ក្នុងករណីមានការខ្វះខាត និងត្រូវកែសម្រួល ព្រះរាជក្រឹត្យ ត្រូវបានគេបញ្ជូនត្រលប់ទៅសាមីក្រសួង ដែលបានព្រាងព្រះរាជក្រឹត្យនេះវិញ ដើម្បីកែសម្រួលឲ្យបានត្រឹមត្រូវ។ ប្រសិនបើព្រះរាជក្រឹត្យ បានកែសម្រួលត្រឹមត្រូវសព្វគ្រប់លើខ្លឹមសារ និងភាពស្របច្បាប់ហើយ អគ្គលេខាធិការនៃរាជរដ្ឋាភិបាល ត្រូវបញ្ជូនសេចក្តីព្រាងនេះទៅសាមីក្រសួងពាក់ពន្ធ័ ដើម្បីចុះហត្ថលេខាអម រួចបញ្ជូនមកអគ្គលេខាធិការនៃរាជរដ្ឋាភិបាលវិញ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីចុះហត្ថលេខាអមលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដើម្បីពេញលក្ខណៈជាច្បាប់។ ៣.៣.៣ អនុក្រឹត្យ អនុក្រឹត្យ ជាបទបញ្ញត្តិ និងជាលិខិតគតិយុត្តដែលមានលក្ខណៈជាច្បាប់ ដែលចេញដោយប្រមុខរដ្ឋាភិបាល គឺនាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីស្តីទី។ អនុក្រឹត្យ ត្រូវបានចេញដោយនាយករដ្ឋមន្ត្រី ដើម្បីណែនាំក្នុងការអនុវត្តច្បាប់ ព្រះរាជក្រម ព្រះរាជក្រឹត្យ ដែលពុំទាន់មានចែងច្បាស់លាស់នៅឡើយ និងក្នុងន័យធ្វើសេចក្តីណែនាំក្នុងការការអនុវត្តកិច្ចការក្រសួង ឬស្ថាប័ន ដែលមានទំនាក់ទំនងជាអន្តរក្រសួង និងធ្វើឲ្យមានភាពស៊ីសង្វាក់គ្នាពីក្រសួងមួយទៅក្រសួងមួយទៀតកុំឲ្យជាន់សមត្ថកិច្ចគ្នា។ ជាមួយគ្នានេះ អនុក្រឹត្យ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីត្រូវបានបង្កើតឡើងដើម្បីតែងតាំងឬផ្ទេរតំណែងមន្ត្រីរាជការស៊ីវិល នាយទាហាន នាយនគរបាល ក្នុងដំណែងជាអគ្គនាយករង ប្រធាននាយកដ្ឋាន ឬតំណែងប្រហាក់ប្រហែលនេះ។ ការបង្កើតគណកម្មាធិការ ក្រុមប្រឹក្សា អាជ្ញាធរ ដែលមានសមាសភាពមកពីក្រសួងនានា និងការបង្កើតគ្រឹះស្ថានសិក្សា ស្ថាប័ន និងនាយកដ្ឋានចំណុះក្រសួង អាចត្រូវអនុវត្តឡើងក្នុងកម្រិតអនុក្រឹត្យនេះផងដែរ។ រដ្ឋាភិបាលតាមនាយករដ្ឋមន្ត្រី អាចបង្កើតអនុក្រឹត្យឡើងដើម្បីផ្តល់មេដៃស្ថាបនាជាតិដល់សប្បុរសជនដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីជួយជាតិ។ អនុក្រឹត្យត្រូវបានផ្តួចផ្តើមគំនិតបង្កើតចេញពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័នពាក់ពន្ធ័ និងត្រូវបានអនុមត័ និងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ សេចក្តីព្រាងអនុក្រឹត្យត្រូវបានរៀបចំឡើងដោយគណៈកម្មកាជំនាញរបស់ក្រសួងនីមួយៗ ដោយធ្វើការសិក្សាលើឯកសាឲ្យបានគ្រប់គ្រាន់ ដូចជាឯកសារច្បាប់ ព្រះរាជក្រម ព្រះរាជក្រឹត្យ និងបទបញ្ញតិ្ត ឬដោយសេចក្តីណែនាំពីថ្នាក់លើ។ អនុក្រឹត្យដែលបានសរសេរសេចក្តីព្រាងហើយ ត្រូវបញ្ជូនទៅតាមឋា-នានុក្រម ដើម្បីកែសម្រួលខ្លឹមសារ មុននឹងបញ្ជូនទៅជូនរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំក្រសួងពិនិត្យ និងកែសម្រួល។ បន្ទាប់មក អនុក្រឹត្យនោះត្រូវបានគេបញ្ជូនទៅរដ្ឋាភិបាល ដោយភ្ជាប់លិខិតអមរបស់រដ្ឋមន្ត្រី ឬប្រធានស្ថាប័នពាក់ពន្ធ័ ដើម្បីបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចាត់ចែងពិនិត្យ និងបញ្ជូនទៅនាយករដ្ឋមន្ត្រី។ ក្នុងករណីអនុក្រឹត្យទាក់ទងទៅនឹងវិសាលភាពធំ ត្រូវស្ថិតក្រោមការពិភាក្សារបស់អ្នកច្បាប់ និងឆ្លងសម័យប្រជុំអន្តរក្រសួង និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងការមើលភាពស្របច្បាប់នៃអនុក្រឹត្យ និងបញ្ជូនទៅកាន់នាយករដ្ឋមន្ត្រី និងអគ្គលេខាធិការនៃរដ្ឋាភោបាល។ ប្រសិនបើមើលទៅឃើញថាត្រឹមត្រូវ និងគ្រប់គ្រាន់ហើយ នោះអគ្គលេខាធិការនៃរាជរដ្ឋាភិបាលត្រូវបញ្ជូនសេចក្តីព្រាងដែលត្រឹមត្រូវនេះទៅកាន់សាមីក្រសួងចុះហត្ថលេខា ដើម្បីដាក់ជូនសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេច និងជូននាយករដ្ឋមន្ត្រីដើម្បីចុះហត្ថលេខា។ ៣.៣.៤ ប្រកាស ប្រកាស ជាបទបញ្ញត្តិ ចេញដោយរដ្ឋមន្ត្រីនៃក្រសួង ឬរដ្ឋលេខាធិការជាប្រធានស្ថាប័ន ឬដោយទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា។ ប្រកាសជាលិខិតគតិយុត្ត ដែលចេញដោយក្រសួង ក្នុងគោលបំណងផ្សព្វផ្សាយដល់ស្ថាប័ន ឬអង្គភាពចំណុះ សម្រាប់មានវិធានការ និងអនុវត្តវិធានការ ដូចជាប្រកាសតម្លើងពន្ធ ប្រកាសឲ្យមន្ត្រីប្រើប្រាស់ឯកសណ្ឋាន ប្រកាសតែងតាំងមន្ត្រីរាជការជាដើម។ ការប្រកាសត្រូវបានគេបង្កើតឡើង ដើម្បីឲ្យស្ថាប័ន ឬអង្គភាពផ្សេងៗយល់ និងវិធីធ្វើការដើម្បីអនុវត្ត។ ជាទូទៅ ការតាក់តែងឯកសារប្រកាសនេះ ត្រូវបានផ្តួចផ្តើមគំនិតដោយរដ្ឋមន្ត្រីសាមីក្រសួង និងដោយសហការី និងការិយាល័យជំនាញរបស់គាត់។ ការប្រកាស ត្រូវបានផ្តួចផ្តើមគំនិតផ្អែកលើមូលដ្ឋានច្បាប់ក្នុងសមត្ថកិច្ចរបស់ក្រសួងផ្ទាល់ ដូចជាផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ និងអត្ថបទពាក់ព័ន្ធផ្សេងៗ ដូចជាប្រភពនៃសំណើរ និងឯកសាររដ្ឋបាល ឬតុលាការជាដើម។ ជាធម្មតា ការតាក់តែងប្រកាស គឺច្រើនចេញពីការិយាល័យ ឬអង្គភាពមានសមត្ថកិច្ច និងជំនាញរបស់ក្រសួងនីមួយៗ។ បន្ទាប់មក វាត្រូវបានគេបញ្ជូនទៅកាន់រដ្ឋមន្ត្រីក្រសួងពិនិត្យ សម្រេច និងស្នើសុំចុះហត្ថលេខា។ ក្នុងករណីខ្លះ គេត្រូវបញ្ជូនប្រកាសសុំការឯកភាពពីរដ្ឋាភិបាលជាមុនសិន ក្នុងកិច្ចការពិសេស។ ក្រសួងតែងតែធ្វើសេចក្តីប្រកាសនេះ ដើម្បីជូនដំណឹងលើការកំណត់ និងបញ្ជាដល់អង្គភាពនានា និងសាធារណៈ ដូចជាសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការកំណត់សាលារៀនស្ថិតក្នុងតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក និងប្រកាសស្តីពីការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតជាដើម។ ៣.៣.៥ សេចក្តីសម្រេច សេចក្តីសម្រេចជាលិខិតបទដ្ឋានគតិយុត្តដែលប្រើលើការងារសំខាន់ៗ ចេញដោយរដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គភាព រាជធានី ខេត្ត ក្រុង ដោយផ្អែកលើមូលដ្ឋានច្បាប់ ដែលប្រគល់ឲ្យអាជ្ញាធររដ្ឋបាលនូវសិទ្ធអំណាចក្នុងការសម្រេចកិច្ចការអ្វីមួយជាក់លាក់។ សេចក្តីសម្រេច ត្រូវបានតាក់តែងឡើង ក្នុងគោលបំណងដើម្បីអនុវត្ត និងប្រតិបត្តិលើការបង្កើតស្ថាប័ន អង្គភាព ការតែងតាំង ការរំសាយ និងការបែងចែកភារកិច្ចជាដើម។ សេចក្តីសម្រេច អាចចេញពីក្រសួង ការិយាល័យជំនាញ ឬចេញពីគណៈរដ្ឋមន្ត្រី។ ការធ្វើសេចក្តីសម្រេចនេះ ត្រូវបានតាក់តែងឡើង ដោយផ្អែកលើឯកសារយោង ក្នុងក្របខណ្ឌ័នៃច្បាប់ ឬបទបញ្ញត្តិក្នុងសមត្ថកិច្ចរបស់ខ្លួន ដូចជារដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យបង្កើតស្ថាប័ន និងអត្ថបទផ្តល់នីតិសម្បទា និងអត្ថបទពាក់ព័ន្ធនានា។ ជាទូទៅ សេចក្តីសម្រេច ត្រូវបានផ្តួចផ្តើមគំនិតដោយថ្នាក់ដឹកនាំកំពូលរបស់ក្រសួង ឬសហការីមានឋានៈបន្ទាប់របស់គាត់ ប៉ុន្តែគំនិតផ្តួចផ្តើមអាចចេញពីសំណើររបស់ការិយាល័យជំនាញ ជួនកាលក៏ជាបញ្ជាចេញពីគណៈរដ្ឋមន្ត្រី។ សេចក្តីសម្រេចច្រើនធ្វើឡើងចេញពីការិយាល័យមានសមត្ថកិច្ច ឬជំនាញ ចេញពីថ្នាក់កណ្តាល ដោយធ្វើការសិក្សាស្រាវជ្រាវលើច្បាប់ និងបទបញ្ញត្តិ ដែលពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានក្នុងការបង្កើត។ បន្ទាប់ពីសេចក្តីសម្រេចត្រូវបានគេព្រាងចប់ត្រឹមត្រូវហើយ ត្រូវបញ្ជូនទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានសមត្ថកិច្ចពិនិត្យ និងសម្រេច។ បន្ទាប់មក សេចក្តីសម្រេចនេះ ត្រូវបញ្ជូនទៅថ្នាក់ដឹកនាំកំពូល អាជាចៅក្រសួង ប្រធានស្ថាប័ន អង្គភាព ដែលទទួលខុសត្រូវ ដើម្បីចុះហត្ថលេខា។ ក្នុងករណីខ្លះ គេត្រូវបញ្ជូនសេចក្តីសម្រេច ទៅសុំការឯកភាពពីក្រសួងអាណាព្យាបាលជាមុនសិន។ ៣.៣.៦ សារាចរ សារាចរ ឬសារចរណែនាំ ជាលិខិតបទដ្ឋានចេញ ដោយរាជរដ្ឋាភិបាល ឬក្រសួងស្ថាប័ន ដែលមានលក្ខណៈជាវិធានការអនុវត្ត។ សារាចរ ជាលិខិតគតិយុត្ត ដែលមានលក្ខណៈជាច្បាប់ ដែលត្រូវអនុវត្តដោយមន្ត្រីថ្នាក់ក្រោមឪវាទ និងចាត់វិធានការអ្វីមួយឲ្យមានប្រសិទ្ធភាព។ សារាចរ ត្រូវបានគេបង្កើតឡើងដើម្បីបំពេញ និងពន្យល់ចំណុចខ្វះខាងនៃច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីសម្រេច និងដើម្បីធ្វើសេចក្តីបង្គាប់ និងដោះស្រាយបញ្ហានានា។ ជាទូទៅ សារាចរត្រូវផ្តួចផ្តើមចេញពីរដ្ឋាភិបាល ក្រសួង និងស្ថាប័ន ឬអង្គភាពរាជធានី និងខេត្ត។ អ្នកធ្វើសារាចរ ត្រូវធ្វើការសិក្សាឲ្យបានប្រាកដប្រជាលើបញ្ហាជាមុន មុននឹងធ្វើការតាក់តែង ដើម្បីបញ្ជូនទៅថ្នាក់តាមលំដាប់លំដោយ ដើម្បីត្រួតពិនិត្យ និងកែសម្រួល មុននឹងដាក់ជូនថ្នាក់ដឹកនាំខាងលើសម្រេចចុងក្រោយ។ ជាធម្មតា សារាចរដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន ឬដោយមនុស្សបន្ទាប់តាមរយៈការផ្ទេរសិទ្ធ ត្រូវបញ្ជូនទៅការិយាល័យរបៀប ដើម្បីចុះកាលបរិច្ឆេទ និងហត្ថលេខា។ ៣.៣.៧ ដីកា ដីកា ជាលិខិតគតិយុត្ត ដែលចែងពីបទបញ្ញត្តិ ឬសេចក្តីសម្រេចលើកិច្ចការអ្វីមួយ ដែលចេញដោយអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចរបស់ខ្លួន ដែលបានចែងក្នុងច្បាប់ ឬបទបញ្ជាក្នុងមុខងាររបស់ខ្លួន។ ការធ្វើដីការត្រូវសិក្សា និងត្រូវមានឯកសារគ្រប់គ្រាន់ ជាពិសេសត្រូវសិក្សាទៅលើលិខិត ឯកសារបទបញ្ញត្តិ ច្បាប់ និងលិខិតគតិយុត្តដែលពាក់ព័ន្ធនឹងដីការដែលត្រូវធ្វើនោះ។ ដីការត្រូវបានគេព្រាងឡើង ដោយផ្អែកលើមូលដ្ឋានពីថ្នាក់ក្រោម មុននឹងចេញដីកាអនុញ្ញាតអ្វីមួយ។ អ្នកដឹកនាំថ្នាក់លើ ត្រូវបង្គាប់បញ្ជាទៅថ្នាក់ក្រោមជាពិសេសឃុំសង្កាត់ ដើម្បីធ្វើការអង្កេតលើវិធានការណ៍ និងស្ថានភាពជាក់ស្តែង ដើម្បីរាយការណ៍អំពីលទ្ធផលអង្កេតនិងសង្កេត។ សេចក្តីព្រាងដីកា ត្រូវដាក់ជូនអ្នកទទួលខុសត្រូវពិនិត្យ និងសម្រេច និងបញ្ជូនបន្តទៅថ្នាក់លើ រួមមាន អភិបាលរាជធានី ក្រុង-ស្រុក-ខណ្ឌ ដើម្បីចុះហត្ថលេខា ឬ ជូនបុគ្គលតំណាងតាមការផ្ទេរសិទ្ធិអំណាច។ ក្រោយពីចុះហត្ថលេខារួចហើយ ដីកាត្រូវបញ្ជូនមកកាន់ការិយាល័យរបៀប ដើម្បីចុះលេខ កាលបរិច្ឆេទ និងបោះត្រា និងបន្ទាប់មកត្រូវបានគេបែងចែកទៅតាមទីកន្លែងទទួលតាមបញ្ជីការិយាល័យជំនាញផ្តល់អោយ។ រដ្ឋាភិបាលមានសិទ្ធិបង្កើតបទដ្ឋានក្រោមច្បាប់ ដូចជាអនុក្រឹត្យ ប្រកាស សារាចរ និងសេចក្តីសម្រេចនានា ហើយរដ្ឋាភិបាលអាចផ្ទេរសិទ្ធិអំណាចឲ្យក្រសួងដែលគ្រប់គ្រងទៅលើផ្នែកជំនាញ និងបច្ចេកទេស ក្នុងការបង្កើត តាក់តែង និងចេញនូវប្រកាស សារាចរ សេចក្តីសម្រេច គោលនយោបាយ។ នៅក្នុងការគ្រប់គ្រងថ្នាក់ក្រោម អាជ្ញាធរដែនដី ដោយមរួមមានអាជ្ញាធររាជធានី ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ និងឃុំ-សង្កាត់ មានសិទ្ធិអំណាចចេញដីការនិងសេចក្តីសម្រេចក្នុងការបង្កើត និងតែងតាំង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ៣.៤ របៀបតាក់តែង និងអនុម័តគោនយោបាយអប់រំ គំនិតគោលនយោបាយដែលបានបានអភិវឌ្ឍ និងពិភាក្សានៅក្នុងដំណាក់កាលនៃការកំណត់បញ្ហានិងរបៀបវារៈជាធម្មតា នឹងក្លាយទៅជាសំណើរគោលនយោបាយ មុននឹងក្លាយទៅជាឯកសារគោលនយោបាយផ្លូវការ។ សំណើរគោលនយោបាយនេះត្រូវបានគេបាត់ទុកថា ជាជំហានដំបូងក្នុងការបង្កើតគោលនយោបាយ។ វាមានទម្រង់ជាលាយលក្ខអក្សរ និងមានប្រភពជាច្រើន ដើម្បីអភិវឌ្ឍសំណើរគោលនយោបាយ ជាទូទៅឯកសារគោលនយោបាយ។ តើសំណើរជាគំនិតបង្កើតគោលនយោបាយ និងគោលនយោបាយអប់រំមានប្រភពចេញពីណា? ប្រភពមួយក្នុងចំណោមប្រភពទូទៅជាច្រើននៃសំណើរគោលនយោបាយ កើតចេញពីប្រមុខរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាល ដែលបានអភិវឌ្ឍសំណើរគោលនយោបាយជាច្រើននៅក្នុងអាណត្តិនៃការគ្រប់គ្រងរដ្ឋ។ រីឯគោលនយោបាយអប់រំ អាចចេញពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ និងអង្គភាពជំនាញអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នអភិវឌ្ឍគោលនយោបាយអប់រំ។ ឧទាហរណ៏ ចាប់តាំងពីឆ្នាំ២០០០មក ក្រសួងបានបង្កើតប្រភេទឯកសារអប់រំមួយចំនួន ដូចជា គោលនយោបាយកម្មវិធីសិក្សា គោលនយោបាយអប់រំសម្រាប់ទាំងអស់គ្នា គោលនយោបាយបច្ចេកវិទ្យា និង គោលនយោបាយអប់រំក្រៅប្រព័ន្ធជាដើម។ នៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួនាទីសំខាន់ក្នុងការបង្កើតគោលនយោបាយអប់រំ។ ការសិក្សាអំពីប្រវត្តិនៃការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រអប់រំជាតិ បានឲ្យដឹងថា ក្រសួងបានអភិវឌ្ឍគោលនយោបាយអប់រំជាតិ ទាំងសម្រាប់បឋមសិក្សារហូតដល់ឧត្តមសិក្សា។ គោលនយោបាយអប់រំរួមមាន ការធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ការលើកកំពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ និងការអភិវឌ្ឍស្ថាប័ននិងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការការងារអប់រំ។ មុនតាក់តែង និងអនុម័តគោលនយោបាយផ្នែកណាមួយ ក្រសួងអប់រំបានធ្វើការសិក្សា ពិភាក្សា ស្តាប់ និងទទួលព័ត៌មានពីពិភពខាងក្នុងរបស់ខ្លួនផង និងពីប្រភពខាងក្រៅផង សម្រាប់ជាមូលដ្ឋានកសាងឯកសារគោលនយោបាយ និងផ្អែកលើបទពិសោធន៍ដែលទទួលបានពីការអនុវត្តកំណែទម្រង់ក្នុងវិស័យអប់រំតាមរយៈអភិក្រមគ្រប់គ្រងទួទាំងវិស័យ បានផ្តល់នូវលទ្ធផលជាផ្លែផ្កាល្អ ក្នុងដំណើរការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល អ្នកផ្តល់ជំនួយអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសក្នុងការរៀបចំចងក្រងផែនការយុទ្ធសាស្ត្រអប់រំ។ ជាឧទាហរណ៍ ក្រសួងអប់រំ យុវជន និងកីឡា មុនបង្កើតគោលនយោបាយ ឬផែនការយុទ្ធសាស្ត្រអប់រំ មានការពិគ្រោះយោបល់ជាមួយអ្នកផ្តល់ជំនួយ តាមរយៈក្រុមការងារបច្ចេកទេសចម្រុះក្នុងវិស័យអប់រំ ដែលមានសមាសភាពជាថ្នាក់ដឹកនាំ មន្ត្រីអប់រំ និងមន្ត្រីមកពីក្រសួងពាក់ព័ន្ធ ព្រមទាំងតំណាងអ្នកផ្តល់ជំនួយ អង្គការក្រៅរដ្ឋាភិបាលនៃក្រុមការងារអ្នកផ្តល់ជំនួយក្នុងវិស័យអប់រំ។ ក្រសួងអប់រំ បានអនុវត្តគំនិតផ្តួចផ្តើមក្នុងការពិគ្រោះយោបល់ដ៏ទូលំទូលាយ ដែលរួមមានៈ ១.ការពិគ្រោះយោបល់ជាមួយក្រសួងខ្លួនឯងផ្ទាល់ និងមន្ទីអប់រំ យុវជន និងកីឡា ខេត្ត¬-ក្រុង។ ២.ការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ ជាពិសេសជាមួយក្រសួងផែនការ ដើម្បីធានាថាផែនការយុទ្ធសាស្ត្រវិស័យអប់រំ ពិតជាឆ្លើយតមតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស៊ីសង្វាក់គ្នាជាមួយយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍សហស្សវត្យរ៍កម្ពុជា។ ៣.ការពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងធានាថា ធនធានថវិកាដែលបានលើកឡើងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០០៦-១០ មានលក្ខណៈសមស្រប និងអាចទទួលបានការគាំទ្រពិតប្រាកដ។ ៤.ការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិកំណែរទម្រង់រដ្ឋបាល ដើម្បីធានាថាដំណើរការកែទម្រង់វិស័យ អប់រំទាំងមូល ពិតជាឆ្លើយទៅនឹងទឹសដៅនៃកំណែទម្រង់រដ្ឋបាលសាធារណៈពិតប្រាកដមែន ទាំងការរៀបចំការប្រើប្រាស់បុគ្គលិក ក៏ដូចជាការរៀបចំកាំប្រាក់បៀវត្សជូនដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ៥.ការពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធមួយចំនួនទៀតគឺ ដើម្បីធានាថារាល់បញ្ហាដែលពាក់ព័ន្ធគ្នាជាអន្តរវិស័យ ត្រូវបានលើកយកមកដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត។ ៦.ការពិគ្រោះយោបល់ជាមួយក្រុមការងារបច្ចេកទេសចំរុះសម្រាប់វិស័យអប់រំ ដើម្បីបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ភាគីផ្តល់ជំនួយ និងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ។ ជាការជាក់ស្តែង ក្រសួង បានរៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់តំបន់៤ដង ដើម្បីផ្តល់ព័ត៌មានពីគោលនយោបាយអាទិភាពសំខាន់ៗដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ព្រមទាំងទទួលបានមតិយោបល់កែលំអផងដែរ។ បន្ទាប់ពីឯកសារផែនការគោលនយោបាយតាក់តែងហើយ ត្រូវបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុម័តជាឯកសារផ្លូវការរបស់ក្រសួង និងផ្សព្វផ្សាយទូទាំងប្រទេសសម្រាប់ប្រើប្រាស់ទូទៅ។ ជាទូទៅ ឯកសារគោលនយោបាយអប់រំជាច្រើន ត្រូវបានអនុម័តដោយក្រសួងអប់រំ យុវជន និងកីឡា និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួង និងជួនកាល ឯកសារគោលនយោបាយខ្លះត្រូវបានចុះហត្ថលេខាដោយប្រមុខរដ្ឋាភិ-បាល។ ៤.ការមានឥទ្ធិពលដល់ការបង្កើត និងអនុម័តគោលនយោបាយ មេដឹកនាំអប់រំ និងនាយកសាលារៀន ដែលចង់មានឥទ្ធិពលលើគោលនយោបាយអប់រំ ត្រូវយល់ដឹងអំពីលំនាំគោលនយោបាយ បើមិនដូច្នោះទេ ពួកគេនឹងបង្កើតកំហុសល្ងីល្ងើ ហើយខ្ជះខ្ជាយពេលវេលា ធនធានក៏មានតម្លៃថែមទៀត។ ដូច្នោះហើយ មេដឹកនាំអប់រំ ត្រូវតែសិក្សាអង្កេតអោយបានច្រើនពីបញ្ហានានាដែលមានទាក់ទងនឹងសង្គម និងស្ថានភាពពេលវេលា។ ជាទូទៅមានគោលវិធីចំនួនបី ដែលមានឥទ្ធិពលបង្កើត និងអនុម័តគោលនយោបាយ រួមមាន ការទំនាក់ទំនងរដ្ឋាភិបាល ធ្វើការតាមរយៈអង្គការនិងអង្គភាពឯកទេស និងការបញ្ចុះបញ្ចូល។ គោលវិធីទាំងនេះ មានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមក ហើយមេដឹកនាំប្រកបដោយជំនាញ ប្រើប្រាស់គោលវិធីទាំងបីនេះ តាមរយៈធ្វើការកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរឹងមាំជាមួយមន្ត្រីរដ្ឋាភិបាល តាមរយៈចូលរួម និងធ្វើបណ្តាញ តាមរយៈអង្គភាពឯកទេស និងការបញ្ចុះបញ្ចូល តាមរយៈទាក់ទងមន្ត្រីអំពីឯកសារច្បាប់ ឬវិធានតាមការចាំបាច់ ឬវិធានតាមការចាំបាច់។ អ្នកអប់រំ ត្រូវរៀនវិធីល្អៗ ដើម្បីទាក់ទងជាមួយមន្ត្រីសាធារណៈ។ ដូចនេះ មេដឹកនាំអប់រំ នាយកសាលា និងអ្នករដ្ឋបាលអប់រំ ត្រូវយល់អំពីនីតិវិធី និងរបៀបរបបនៃការបង្កើតលិខិតបទដ្ឋានគតិយុត្ត និងឋានានុក្រមនៃបទដ្ឋានទាំងនោះ។ ព្រោះយើងតែងតែធ្វើការងារជាមួយនិងមនុស្ស និងស្ថាប័នទាំងក្នុង និងក្រៅ រហូតអាចមានទំនាក់ទំនងជាមួយមេដឹកនាំជាន់ខ្ពស់ ហេតុដូច្នេះហើយទាមទារឲ្យយើងមានការយល់អំពីលិខិតបទដ្ឋាន និងបទឲ្យច្បាស់ ដើម្បីភាពជាអ្នកដឹកនាំអប់រំ និងមានអារម្មណ៍ជឿជាក់លើការងារគ្រប់គ្រង។

Reviewed by ញឹប សុខឡា
on
2:52 PM
Rating: